ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃថ្ងៃសុក្រ ៧ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អមដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រោមឱវាទអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំដោះស្រាយករណីប្រជាពលរដ្ឋចំនួន ១៨គ្រួសារ រស់នៅក្នុងភូមិល្វា និងភូមិក្រសាំងជ្រុំជើង ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ តវ៉ាការសាងសង់បង្គោលព្រំតំបន់៣ លើផ្ទៃដីទំហំ២៣,៥០ហិកតា ស្ថិតក្នុងឃុំម្សាក្រង។
កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅនៅសាលាឃុំសំព្រោជ ដោយមានការចូលរួមពីរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន រដ្ឋបាល ខេត្ត ស្រុក ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងតំណាងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សរុបចំនួន៥២នាក់។
សូមជម្រាបថា ខេត្តកំពង់ធំ មានស្រុកចំនួន៦ និងឃុំសង្កាត់ចំនួន១៥ ជាប់នឹងតំបន់បឹងទន្លេសាប ក្រោយការកាត់ឆ្វៀលឆ្នាំ២០២២-២០២៣ ទំហំផ្ទៃដីព្រៃលិចទឹកតំបន់៣ ក្នុងខេត្តកំពង់ធំ សរុបប្រមាណ ៩៥,៧៩៣.៨៥ ហិកតា និងមាននិយាមកាបង្គោលចំនួន ៣៤៦ចំនុច បន្ទាប់ពីធ្វើបច្ចុប្បន្នភាពផែនទីកំណត់និយាមកាឡើងវិញ ។
ជារួមបន្ទាប់ពីទទួលបានការពន្យល់ណែនាំពីប្រធានអង្គប្រជុំ ក៏ដូចជាការផ្តល់យោបល់ និងពន្យល់ពីអង្គភាពជំនាញ ដោយឈរលើមូលដ្ឋានបទដ្ឋានបច្ចេកទេស ច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិនៅតំបន់ទន្លេសាប ជាពិសេសចូលរួមអនុវត្តឱ្យបានមុតមាំប្រកបដោយប្រសិទ្ធភាពចំពោះប្រសាសន៍ណែនាំដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងវិធានការថែរក្សា ការពារ ទប់ស្កាត់ និងគ្រប់គ្រងធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីតំបន់បឹងទន្លេសាបប្រកបដោយចីរភាព និងនិរន្តរភាព សម្រាប់កូនចៅជំនាន់ក្រោយ ។
ឆ្លៀតឱកាសនេះដែរ ដើម្បីជៀសវាងការអនុវត្តច្បាប់ ទោសទណ្ឌរាល់ការរំលោភបំពាន និងទន្ទ្រានដែនការពារដែនព្រៃលិចទឹកតំបន់៣ ឯឧត្តមប្រធានអង្គប្រជុំ បានជម្រុញក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានបង្កេីនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអប់រំផ្សព្វផ្សាយ និងពន្យល់ណែនាំអំពីខ្លឹមសារស្មារតីអនុក្រឹត្យលេខ ៨៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ស្តីពីការកំណត់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលលេីដីរដ្ឋ ក្នុងដែនដីតំបន់ទ្រនាប់នៃដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ។
ជាលទ្ធផល កិច្ចប្រជុំបានទទួលស្គាល់ និងឯកភាពតាមចំណុច ដូចខាងក្រោម ៖
១. ចំណុចបង្គោលដែលអាជ្ញាធរទន្លេសាប បានកំពុងសាងសង់ គឺត្រឹមត្រូវតាមខ្សែបន្ទាត់ព្រំអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ និងអនុក្រឹត្យបានកាត់ឆ្វៀល
២. ឯកភាពឱ្យក្រុមជាងរបស់អាជ្ញាធរទន្លេសាបបន្តការសាងសង់បង្គោលតាមទីតាំងចំណុចបង្គោលដែលអាជ្ញាធរទន្លេសាប បានកំពុងសាងសង់
៣. អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ត្រូវបង្កលក្ខណៈឱ្យក្រុមជាងរបស់អាជ្ញាធរទន្លេសាបបន្តសាងសង់បង្គោល ដែលបានកំណត់តាមខ្សែនិយាមកានៃអនុក្រឹត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១១ និងអនុក្រឹត្យដែលបានកាត់ឆ្វៀល ។
៤. ប្រជាពលរដ្ឋ នឹងសហការចូលរួមជាមួយអាជ្ញាធរទន្លេសាប ដើម្បីធ្វើការសាងសង់បង្គោលព្រំតំបន់ ៣ ដែលបានកំណត់ទៅតាមចំណុចនិយាមកា និងចូលរួមពង្រឹងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ នៅតំបន់ទន្លេសាប ប្រកបដោយនិរន្តរភាព ។
សូមបញ្ជាក់ថា តំបន់បឹងទន្លេសាប ត្រូវបានបែងចែកជា ៣ តំបន់ :
-តំបន់១ ជាតំបន់លំនៅដ្ឋាន ឬភូមិករ និងជាតំបន់បង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ដែលទទួលបានសិទ្ធិកាន់កាប់ស្របច្បាប់ (ប័ណ្ណកម្មសិទ្ធិ)
-តំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល ស្រូវឡើងទឹក និងប្រដេញទឹក និងក៏ជាតំបន់ទ្រនាប់ការពារ
-តំបន់៣ តំបន់ព្រៃលិចទឹក ហាមប៉ះពាល់ដាច់ខាត និងត្រូវការពារអោយខាងតែបាន៕