រាជធានីភ្នំពេញ ៖ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប នាព្រឹកថ្ងៃពុធ ៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ដែលជា ប្រធានជនបង្គោលរបស់អាជ្ញាធរទន្លេសាប ប្រចាំខេត្តទាំង៦ ជុំវិញតំបន់បឹងទន្លេសាប (ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ) ស្តីពីកម្មវិធីការងារចុះពិនិត្យវាយតម្លៃស្ថានភាពព្រៃលិចទឹកក្នុងតំបន់២ ដែលរក្សាទុកតំបន់ទ្រនាប់ការពារ និងករណីប្រជាពលរដ្ឋបន្តអាស្រ័យផលដីក្នុងតំបន់៣ ស្ថិតនៅក្នុងភូមិសាស្ត្រនៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន មន្ត្រីបច្ចេកទេស ក្រោមឱវាទអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប និងលោកប្រធានមន្ទីរខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ។
កិច្ចប្រជុំដែលបានប្រារព្ធឡើងនាព្រឹកនេះ គឺក្នុងគោលបំណងពិភាក្សា (១).ពង្រឹងយន្តការការងារបន្ថែមរវាងមន្ទីរធនធានទឹក និងឧតុនិយមជាមួយ អាជ្ញាធរទន្លេសាប (២). សហការចុះអនុវត្តផែនការ/កម្មវិធីសកម្មភាពការងារជាមួយអាជ្ញាធរទន្លេសាប ក្នុងការចុះពិនិត្យវាយតម្លៃស្ថានភាពព្រៃលិចទឹកក្នុងតំបន់២ ដែលរក្សាទុកតំបន់ទ្រនាប់ការពារ និងករណីប្រជាពលរដ្ឋបន្តអាស្រ័យផលដីក្នុងតំបន់៣ ស្ថិតក្នុងស្មារតីចូលរួមចំណែកដល់ការគ្រប់គ្រង និងការប្រើប្រាស់ដី ធនធានធម្មជាតិ និងជីវចម្រុះ ជាពិសេសប្រព័ន្ធអេកូឡូស៊ីតំបន់បឹងទន្លេសាបប្រកបដោយចីរភាព និងនិរន្តរភាព ។
សូមជម្រាបថា កាលពីឆ្នាំ២០១១ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ក្នុងការរក្សាការពារតំបន់ព្រៃលិចទឹក (តំបន់៣) និងកាលពីឆ្នាំ២០២២-២០២៣ រាជរដ្ឋាភិបាល ក៏បានធ្វើការកាត់ឆ្វៀលពីតំបន់៣ មកតំបន់២, ពីតំបន់៣ មកតំបន់១ និងពីតំបន់២ មក តំបន់១ សម្រាប់ជាលំនៅដ្ឋាន ការប្រើប្រាស់អាស្រ័យផល និងរក្សាទុកតំបន់ទ្រនាប់ការពារ រួមជាមួយការដាក់ចេញវិធានការតឹងរឹងជាបន្តបន្ទាប់ និងសកម្មភាពបង្ក្រាបពីអាជ្ញាធរដែនដី កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន ក្នុងការទប់ស្កាត់រាល់សកម្មភាពចូលកាប់ ដុត ឈួសឆាយទន្ទ្រានដីព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ជាពិសេសអនុក្រឹត្យលេខ ០៨៣ អនក្រ.បក ក្នុងការការកំណត់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើដីរដ្ឋក្នុងដែនដីតំបន់ទ្រនាប់នៃដែនព្រៃលិចទឹក (តំបន់២) ។
ក្នុងស្មារតីទទួលខុសត្រូវចូលរួមអនុវត្តបទបញ្ជាណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការការពារ ថែរក្សា និងគ្រប់គ្រងតំបន់ទន្លេសាប ប្រកបដោយចីរភាព និងនិរន្តរភាព សម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ អាជ្ញាធរទន្លេសាប ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បាននិងកំពុងតែធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់ និងដំណើរការសាងសង់បង្គោលព្រំតំបន់៣ និងកំពុងដាក់ចេញនូវសកម្មភាពការងារចុះអនុវត្តកិច្ចការផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង និងប្រើប្រាស់ដី ធនធានធម្មជាតិ និងជីវចម្រុះក្នុងតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រនៃខេត្តទាំង៦ ជុំវិញតំបន់បឹងទន្លេសាប ។
សូមបញ្ជាក់ថា តំបន់បឹងទន្លេសាប ត្រូវបានបែងចែកជា ៣ តំបន់ :
-តំបន់១ ជាតំបន់លំនៅដ្ឋាន ឬភូមិករ និងជាតំបន់បង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ដែលទទួលបានសិទ្ធិកាន់កាប់ស្របច្បាប់ (ប័ណ្ណកម្មសិទ្ធិ)
-តំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល ស្រូវឡើងទឹកនិងប្រដេញទឹក និងក៏ជាតំបន់ទ្រនាប់ការពារ
-តំបន់៣ តំបន់ព្រៃលិចទឹក ហាមប៉ះពាល់ដាច់ខាត និងត្រូវការពារអោយខាងតែបាន៕