នាថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម និងឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប ជួបប្រជុំពិភាក្សាជាមួយភាគីចិនមកពីមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក Lancang-Mekong (LMC Water Center) និងក្រុមហ៊ុន SUN Create តាមរយៈប្រព័ន្ធ Zoom Meeting ស្តីអំពី “គម្រោងប្រព័ន្ធត្រួតពិនិត្យរបាយទឹកភ្លៀង និងប្រព័ន្ធការជូនដំណឹងជាមុន ពីគ្រោះមហន្តរាយអាកាសធាតុ ក្នុងតំបន់អាងទន្លេសាប” ហើយថវិកាគាំទ្រទទួលបានពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។
គោលបំណងនៃកិច្ចប្រជុំពិភាក្សាមាន ៖
១. ពិភាក្សាលើការរៀបចំសេចក្តីពង្រាងគម្រោងមេគង្គ-ឡានឆាង ឆ្នាំ២០២៤-២០២៥ ២. ប្រមូលមតិយោបល់កែលម្អ ជាធាតុចូលក្នុងការធ្វើអោយប្រសើរឡើង និងបញ្ចប់សេចក្តីពង្រាងគម្រោង
៣.បានពិភាក្សាការរៀបចំអនុស្សារណៈនៃការយោគយល់គ្នារវាងមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក Lancang-Mekong (LMC Water Center) និងអាជ្ញាធរទន្លេសាប (TSA) ៤. រៀបចំសកម្មភាព និងផែនទីបង្ហាញផ្លូវគម្រោង។
តាមរយៈកិច្ចប្រជុំពិភាក្សានេះ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម បានលើកឡើងពីសមិទ្ធិផលកិច្ចសហប្រតិបត្តិការកន្លងមកដល់ភាគីចិន និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងអ្នកជំនាញបច្ចេកទេសពីមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក ជាពិសេសរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្តល់ការជួយគាំទ្រសម្ភារៈ និងបច្ចេកទេសសម្រាប់ការអនុវត្តគម្រោងកន្លងមកដល់អាជ្ញាធរទន្លេសាប ជាពិសេសការអនុវត្តគម្រោងសាកល្បងនៃការអង្កេត និងបញ្ជូនទិន្នន័យជលសាស្ត្រនៅកម្ពុជាដែលបានបញ្ចប់នាពេលថ្មីៗនេះ។
ឯកឧត្តមអនុប្រធានក្តាប់រួម បានវាយតម្លៃខ្ពស់លើសមិទ្ធិផលការអនុវត្តគម្រោងកន្លងមក និងបានគូសបញ្ជាក់ពីសារៈសំខាន់ការរៀបចំគម្រោងអនុវត្តសម្រាប់ ប្រព័ន្ធត្រួតពិនិត្យរបាយទឹកភ្លៀង និងប្រព័ន្ធការជូនដំណឹងជាមុន ពីគ្រោះមហន្តរាយអាកាសធាតុ ក្នុងតំបន់អាងទន្លេសាប។ ដែលគំនិតផ្តួចផ្តើមនេះគឺពិតជាបានឆ្លើយតបតម្រូវការទិន្នន័យព័ត៌មាន ភាពចាំបាច់ជាក់ស្តែងពីការកើនឡើងនៃបម្រែបម្រួលអាកាសធាតុ ក្នុងកិច្ចគាំទ្រក្នុងការធ្វើទំនើបកម្មប្រព័ន្ធជូនដំណឹងជាមុន ពីគ្រោះមហន្តរាយអាកាសធាតុក្នុងតំបន់អាងទន្លេសាប ស្របនឹងផែនការយុទ្ធសាស្ត្ររបស់អាជ្ញាធរទន្លេសាប ២០២៤-២០២៨។
លោក Dong Yanfei អគ្គលេខាធិការរង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក Lancang-Mekong ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងអ្នកជំនាញបច្ចេកទេសនៃអាជ្ញាធរទន្លេសាប បានផ្តល់កិច្ចសហការខ្ពស់ និងចួលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងកន្លងមក ជាពិសេសការរៀបចំសេចក្តីព្រាងគម្រោងថ្មីនេះផងដែរ។ បន្ថែមលើនេះលោក Dong Yanfei ក៏បានបង្ហាញពីការរៀបចំសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់រវាងមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក Lancang-Mekong (LMC Water Center) និងអាជ្ញាធរទន្លេសាប (TSA) ដែលគ្រោង និងរៀបចំចុះហត្ថលេខា អំឡុងពេលគណៈប្រតិភូចិនមកបំពេញទស្សនៈកិច្ចនៅក្នុងប្រទេសកម្ពុជា នាខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
ឯកឧត្តមអនុប្រធានក្តាប់រួម ក៏បានស្នើសុំអោយក្រុមការងាររៀបចំសេចក្តីព្រាងគម្រោង ពិនិត្យលទ្ធភាពជាមួយការគិតគូរអោយបានច្បាស់លាស់លើផែនការសកម្មភាពនៃការបណ្តុះបណ្តាល និងការជួសជុលថែរក្សាឧបករណ៍ក្រោយគម្រោងបានបញ្ចប់ រៀបចំបញ្ចូលទៅក្នុងផែនការសកម្មភាពគម្រោង និងនៅក្នុងអនុស្សារណៈនៃការយោគយល់រវាងមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក Lancang-Mekong (LMC Water Center) និងអាជ្ញាធរទន្លេសាប (TSA)៕