កាលពីថ្ងៃសុក្រ ១៤រោច ដល់ថ្ងៃអាទិត្យ ២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ០៥ ដល់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមការងារមន្ត្រីបច្ចេកទេសទទួលបន្ទុកពិនិត្យតាមដានការងារសាងសង់បង្គោលព្រំដីតំបន់ ៣ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដឹកនាំដោយលោក ឡុក សីលា ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ បានបន្តចុះពិនិត្យទីតាំងសាងសង់បង្គោល និងគុណភាពបង្គោលព្រំតំបន់ ៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។
សូមជម្រាបថា ក្នុងរយៈពេល ៩៨ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ០១ ខែមេសា មកត្រឹមថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៤ នេះ ការសាងសង់បង្គោលព្រំតំបន់ ៣ ដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប គឺសម្រេចបាន ៤៣.៧៩% និងបានកំពុងតែបន្តជីករណ្តៅសាងសង់បង្គោលជាបន្តបន្ទាប់ ដើម្បីបញ្ចប់តាមផែនការគ្រោងទុកឱ្យបានមុនទឹកដំឡើងលិចដែនព្រៃលិចទឹកតំបន់ ៣៕