ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ជំនួប​ពិភាក្សា​ជាមួយ​លោក Azghea Hussian Mohammmed អ្នក​ប្រឹក្សា​យោបល់​អន្តរជាតិ​របស់​ធនាគារ ADB លើ​គម្រោង​សិក្សា​សមិទ្ធិ​លទ្ធភាព​ការអភិវឌ្ឍ NSDI នៅ​ប្រទេស​កម្ពុជា

​នា​ព្រឹក​ថ្ងៃ អង្គារ ១១​រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ជួបពិភាក្សា​ការងារ​ជាមួយ​អ្នក​ប្រឹក្សា​យោបល់​អន្តរជាតិ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដឹកនាំ​ដោយ​លោក Azghea Hussian Mohammmed លើ​គម្រោង​សិក្សា​សមិទ្ធិ​លទ្ធភាព​ការអភិវឌ្ឍ NSDI នៅ​ប្រទេស​កម្ពុជា​។​

​កិច្ចប្រជុំ​ពិភាក្សា​ការងារ​នេះ ក្នុង​គោលបំណង ដើម្បី​ធ្វើការ​ស្វែងយល់​ពី​របៀប​នៃ​ការគ្រប់គ្រង​ទិន្នន័យ​ភូមិសាស្ត្រ និង​ទិន្នន័យ​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ ក្នុង​ការលើក​អនុសាសន៍​លើ​ការបង្កើត​ការអភិវឌ្ឍ  NSDI  រួមទាំង​ស្វែងរក​យន្តការ​ក្នុងការ​ចែករំលែក​ទិន្នន័យ​ទាំងនោះ​សម្រាប់​ជា​ប្រយោជន៍​ក្នុង​ដំណើការ​ការអភិវឌ្ឍ​គម្រោង NSDI ។ 

​សូម​ជម្រាបជូន​ថា បន្ទាប់ពី​ការធ្វើ​បទ​បង្ហាញ​ពី​គម្រោង​សិក្សា​សមិទ្ធិ​លទ្ធភាព​ការអភិវឌ្ឍ SNDI អ្នក​ប្រឹក្សា​យោបល់​អន្តរជាតិ​រួចមក កិច្ច​ប្រជុំបាន​ពិភាក្សា​ពិគ្រោះ​យោបល់​គ្នា ដើម្បី​ស្វែងយល់​លើ​ការផ្តល់​ធាតុ​ចូល និង​បញ្ជី​ទិន្នន័យ​ដែល​អាជ្ញាធរ​ទន្លេសាប បាន និង​កំពុង​ប្រមូល ប្រើប្រាស់​សព្វថ្ងៃ ដើម្បី​ចូលរួម​ជាការ​ចែករំលែក​ទិន្នន័យ​ព័ត៌មាន​តម្រូវការ​នៃ​កិច្ចប្រជុំ​ផងដែរ ៕