កិច្ចប្រជុំ​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​សកម្មភាព​បង្អាក់ដំណើរ​ការសាងសង់​បង្គោលព្រំ​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក​តំបន់​បឹង​ទន្លេសាប ជាមួយ​ប្រជាពលរដ្ឋ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃ​សុក្រ ៧​រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៤  ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប អមដោយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​អន្តរក្រសួង​ស្ថាប័ន​ជំនាញ រួមមាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម  និង​សំណង់​, ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​, ក្រសួងបរិស្ថាន​, ក្រសួង​អធិការកិច្ច ប្រជុំ​ដោះស្រាយ​បញ្ហា​បង្អាក់​ការសង់​បង្គោលព្រំ​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក​តំបន់​បឹង​ទន្លេសាប ជាមួយ​ប្រជាពលរដ្ឋ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ កិច្ចប្រជុំ​ដោះស្រាយ​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សាលាឃុំ​ភ្នំ​លៀប និង​មានការ​ចូលរួម​ពី​មន្ទីរជំនាញ​ខេត្ត​, អាជ្ញាធរ​ដែនដី (​ស្រុក ឃុំ និង​ភូមិ​), កងកម្លាំង​មាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​តំបន់​ខាងលើ ដែល​ដឹកនាំ​សម្របសម្រួល​ដោយ ឯកឧត្តម លៀម សូ​ដា អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ំ រាត្រី អភិបាល​នៃ​គណ​:​អភិបាលខេត្ត​បន្ទាយមានជ័យ ។​

​សូមជម្រាបថា ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​មួយ​ប្រកបដោយ​សក្តានុពល​ធន​ធាន​ធម្មជាតិ​ក្នុងចំណោម​ខេត្ត​ទាំង ៦  ជាប់​ផ្ទាល់​នឹង​តំបន់​បឹង​ទន្លេសាប អម​ផ្លូវជាតិ​លេខ​៦ និង​លេខ​៥ ។ ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​ធ្វើ​បច្ចុប្បន្នភាព​ទំហំ​ផ្ទៃដី​ព្រៃ​លិច​ទឹក​តំបន់​៣ ក្រោយ​ការ​កាត់​ឆ្វៀល​ឆ្នាំ​២០២១-២០២២ គឺមាន​ទំហំ​ប្រមាណ​ជា ៦ ៩១៣.៣៨ ហិកតា មាន​និយាម​កា​ចំនួន ៤៧ ចំនុច ត្រូវ​សង់​បង្គោល​ការពារ​ព្រំ ដែល​មកទល់​បច្ចុប្បន្ន​នេះ នៅសល់​ចំនួន ៤​បង្គោល​ទៀត តម្រូវឱ្យមាន​ការដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​បញ្ចប់​ការសង់​ទាំងស្រុង​សម្រាប់​ខេត្តបន្ទាយមានជ័យ ។​

​ជារួម​បន្ទាប់ពី​ទទួលបាន​ការពន្យល់ បកស្រាយ និង​ណែនាំ​ពី​ប្រធាន​អង្គប្រជុំ ក៏ដូចជា​ការ​ផ្តល់យោបល់ និង​ពន្យល់​ពី​ប្រតិភូ​ថ្នាក់ដឹកនាំ​អន្តរក្រសួង​ស្ថាប័ន​ជំនាញ លើ​បទដ្ឋាន​បច្ចេកទេស និង​បទដ្ឋាន​ច្បាប់ បទបញ្ញត្តិ​ដែល​បានកំណត់ ដោយ​ឈរលើ​ស្មារតី​យកចិត្តទុកដាក់​ថែរក្សា ការពារ និង​គ្រប់គ្រង​ឱ្យខាងតែបាន​នូវ​សម្បត្តិ​ធនធានធម្មជាតិ​ដ៏​កម្រ​មិនអាច​កាត់ថ្លៃ​បាន​នៃ​បឹង​ទន្លេសាប ជាពិសេស​ចូលរួម​អនុវត្ត​ឱ្យបាន​មុតមាំ​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​ប្រសាសន៍​ណែនាំ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ចូលរួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភាជាតិ ។ អង្គប្រជុំ​ទាំងមូល រួមជាមួយ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ខាងលើ បាន​យល់ព្រម និង​សម្រេច​ឯកភាពគ្នា​ជាគោលការណ៍​រួម ដូចខាងក្រោម ៖

១. ទីតាំង​ចំនុច​ទាំង ៤ បង្គោល ពិតជា​ស្ថិតនៅក្នុង​ដែន​ព្រំ​តំបន់ ៣ ស្របតាម​ខ្សែបន្ទាត់ នៃ​អនុក្រឹត្យ​លេខ ៥៨ អនក្រ​.​បក និង​សេចក្តីជូនដំណឹង​លេខ ២៦៨ សជណ​.​ដប ចុះ​ថ្ងៃទី​៦ ខែមីនា​ឆ្នាំ​២០២៣ 
២. ឯកភាព​ឱ្យ​ក្រុម​ជាង​របស់​អាជ្ញាធរ​ទន្លេ​សាប​បន្ត​ការសាងសង់​បង្គោល​តាម​ទីតាំង​ចំណុច​ទាំង ៤ 
៣. ក្រុមការងារ​អន្តរក្រសួង​ជំនាញ នឹង​ពាំនាំ​សំណើ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការលើក​ស្នើ​របស់​អាជ្ញាធរ​ដែនដី​មក​ថ្នាក់ជាតិ ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ ពិនិត្យ និង​សម្រេច​
៤. អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ត្រូវ​បង្ករ​លក្ខណៈ​ឱ្យ​ក្រុម​ជាង​របស់​អាជ្ញាធរ​ទន្លេ​សាប​បន្ត​សាងសង់​បង្គោល ដែល​បានកំណត់​តាម​ខ្សែ​និយាម​ការ​នៃ​អនុក្រឹត្យ​លេខ ៥៨ អនក្រ​.​បក និង​សេចក្តីជូនដំណឹង​លេខ ២៦៨ សជណ​.​ដប ចុះ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២៣
៥. អាជ្ញាធរ​ទន្លេសាប នឹង​ស្នើសុំ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ចុះមក​ស្រាវជ្រាវ និង​អនុវត្តន៍​នីតិវិធី​ច្បាប់ 
៦. ប្រជាពលរដ្ឋ រស់នៅក្នុង​ឃុំ​ភ្នំ​លៀប  យល់ព្រម​បញ្ឈប់​សកម្មភាព​រារាំង និង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ទន្លេសាប ដើម្បី​ធ្វើការ​សាងសង់​បង្គោលព្រំ​តំបន់​៣ ដែល​បានកំណត់​ទៅតាម​ចំណុច​ទាំង ៤ បង្គោល និង​ចូលរួម​ការការពារ ការគ្រប់គ្រង អភិរក្ស​ធនធានធម្មជាតិ នៅ​តំបន់​ទន្លេសាប ។​

​សូមបញ្ជាក់ថា តំបន់​បឹង​ទន្លេសាប ត្រូវបាន​បែងចែក​ជា ៣ តំបន់ :
- តំបន់​១ ជា​តំបន់​លំនៅដ្ឋាន ឬ​ភូមិករ និង​ជា​តំបន់​បង្កបង្កើនផលរ​បស់​ប្រជាពលរដ្ឋ ដែល​ទទួលបាន​សិទ្ធិ​កាន់កាប់​ស្របច្បាប់ (​ប័ណ្ណកម្មសិទ្ធិ​)
- តំបន់​២ ជា​តំបន់​ប្រើប្រាស់​អាស្រ័យ​ផល ស្រូវ​ឡើង​ទឹក​និង​ប្រដេញទឹក និង​ក៏​ជា​តំបន់ទ្រនាប់​ការពារ​
- តំបន់​៣ តំបន់​ព្រៃ​លិច​ទឹក ហាម​ប៉ះពាល់​ដាច់ខាត និង​ត្រូវការពារ​អោយខាងតែបាន​៕