បន្ទាប់ពីទទួលបានការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប នារសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង លោកប្រធាន-អនុប្រធាននាយកដ្ឋាន និងក្រុមប្រឹក្សាអ្នកច្បាប់ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពិនិត្យឡើងវិញលើរាល់ខ្លឹមសារអត្ថន័យ និងកែសម្រួលធ្វើបច្ចុប្បន្នភាពតួនាទីភារកិច្ចនៅក្នុងព្រះរាជក្រឹត្យ និងបទដ្ឋានគតិយុត្តិ រួមមានការបង្កើតឋបនីយជីវមណ្ឌលបឹងទន្លេសាប និងការបង្កើតអាជ្ញាធរទន្លេសាប ។
សូមជម្រាបថា ឋបនីយជីវមណ្ឌលបឹងទន្លេសាប ត្រូវបានបង្កើតឡើងក្រោមព្រះរាជក្រឹត្យលេខ នស/រកត/០៤០១/០៧០ នៅឆ្នាំ២០០១ និងត្រូវបានដាក់ឱ្យស្ថិតក្នុងរចនាសម្ព័ន្ធ និងការគ្រប់គ្រងរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ។ ដោយពិនិត្យឃើញថា ឋបនីយជីវមណ្ឌលបឹងទន្លេសាប គឺជាតំបន់ដ៏មានសារៈសំខាន់ប្រកបដោយសក្តានុពលខ្ពស់សម្រាប់ធនធានមច្ឆាជាតិ ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងប្រព័ន្ធបឹងទន្លេសាប ហើយក៏ជាតំបន់ដែលស្ថិតក្រោមដែនសមត្ថកិច្ចការសម្របសម្រួលសម្រាប់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប របស់អាជ្ញាធរទន្លេសាប ។ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានចេញសេចក្តីជូនដំណឹងលេខ ៧៨០ សជណ.កបច ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សម្រេចផ្ទេរលេខាធិការដ្ឋានឋបនីយជីវមណ្ឌលបឹងទន្លេសាប និងលេខាធិការ ពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ទៅស្ថិតក្នុងរចនាសម្ព័ន្ធ និងការគ្រប់គ្រងរបស់អាជ្ញាធរទន្លេសាប ។
សូមបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបភាពចាំបាច់របស់ស្ថាប័ន ក្នុងការធានាបាននូវការងារប្រកបដោយប្រសិទ្ធភាព និងមន្ត្រីប្រកបដោយគុណភាព ជាពិសេសចូលរួមអនុវត្តស្មារតីខ្លឹមសារគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលពេលថ្មីៗនេះ បានចេញសេចក្តីណែនាំ ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន ក្នុងការឆ្លុះបញ្ចាំង និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។ អាជ្ញាធរទន្លេសាប បាននិងកំពុងតែពិនិត្យឡើងវិញពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ខ្លួន ដែលមានស្រាប់ ដូចបានកំណត់ក្នុងព្រះរាជក្រឹត្យ នៃការបង្កើតអាជ្ញាធរទន្លេសាប និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងដំណើរការការងារ រួមជាមួយនឹងការបញ្ចូលនូវ ឋបនីយជីវមណ្ឌលបឹងទន្លេសាប ឱ្យមកស្ថិតក្រោមរចនាសម្ព័ន្ធ និងការគ្រប់គ្រងរបស់អាជ្ញាធរទន្លេសាប៕