កិច្ចប្រជុំ​ពិភាក្សា​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ដើម្បី​ពិនិត្យឡើងវិញ វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​រប​ស់​អាជ្ញាធរ​ទន្លេសាប​

​បន្ទាប់ពី​ទទួល​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ព្រឹក​ថ្ងៃ អង្គារ ៤​រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ បាន​ដឹកនាំ​ប្រជុំពិភាក្សា​ជាមួយ​ឯកឧត្តម​អគ្គលេខាធិការរង និង​លោក​ប្រធាន​-​អនុប្រធាននាយកដ្ឋាន​ទាំង​បួន ស្ថិតក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន​ដើម្បី​ធ្វើការ​ពិនិត្យឡើងវិញ វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​រប​ស់​អាជ្ញាធរ​ទន្លេសាប ។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​ពិភាក្សា​នេះ គឺ​ឆ្លើយតប​ទៅនឹង​ភាពចាំបាច់​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​ការងារ​ឱ្យ​កាន់តែ​ប្រសើរឡើង​នៅក្នុង​ដំណើរការ​ការងារ​ស្ថាប័ន ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ និង​មន្ត្រី​ប្រកបដោយ​គុណភាព ជាពិសេស​ចូលរួម​អនុវត្ត​ស្មារតី​ខ្លឹមសារ​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កន្លងទៅ​ថ្មីៗ​នេះ បានចេញ​សេចក្តីណែនាំ ស្តីពី​ការពិនិត្យ​ឡើងវិញ និង​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង​ស្ថាប័ន គឺ​ក្នុង​គោលបំណង​លើកកម្ពស់​ដំណើរការ​នៃ​ក្រសួង​ស្ថាប័ន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព ក្នុង​ក្របខ័ណ្ឌ​នៃ​ការបំពេញ​មុខងារ និង​បេសកកម្ម​របស់​ស្ថាប័ន និង​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​៕