ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ពិនិត្យ និង​ទប់ស្កាត់​សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​

​នា​ព្រឹក​ថ្ងៃ​សុក្រ ១៥​កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២៤ ដោយ​ទទួលបាន​បទបញ្ជា​ណែនាំ​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អមដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង រួមជាមួយ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ប្រតិភូ​អន្តរក្រសួង​ស្ថាប័ន រួមមាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងបរិស្ថាន ដោយ​សហការ​ជាមួយ​អាជ្ញាធរ​រដ្ឋបាលខេត្ត កងកម្លាំង​មាន​សមត្ថកិច្ច​ខេត្ត មន្ទីរជំនាញ​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​សៀមរាប និង​សង្កាត់​ជ្រាវ នៃ​ខេត្តសៀមរាប ដែលមាន​សមាសភាព​ចូលរួម​សរុប​ចំនួន​២៤​នាក់ ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង និង​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ឈួ​ស​ឆាយ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​២ ស្ថិតក្នុង​ទីតាំង​ភូមិសាស្ត្រ​ខាងលើ ដោយ​អនុវត្ត​តាមច្បាប់ និង​បទបញ្ញត្តិ​ដែលមាន​ស្រាប់ ក្នុងការ​ហាមឃាត់​ការឈូសឆាយដី​ព្រៃ និង​ធ្វើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​២ ដែលនាំឱ្យ​ប៉ះពាល់​របប​ទឹក គម្រប​ដី ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ។​ល​។ 

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ​ផងដែរ ឯកឧត្តម​បាន​ជម្រុញ​អាជ្ញាធរ​មូលដ្ឋាន​ប​ង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ ពន្យល់ ណែនាំ​អំពី​ខ្លឹមសារ​ស្មារតី​អនុក្រឹត្យ​លេខ ៨៣ អនក្រ​.​បក ចុះ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២៣  ស្តីពី​ការកំណត់​សិទ្ធិ​ប្រេ​ី​ប្រាស់ និង​អាស្រ័យ​ផ​លលេ​ី​ដី​រដ្ឋ ក្នុង​ដែនដី​តំបន់ទ្រនាប់​នៃ​ដែន​ព្រៃ​លិច​ទឹក (​តំបន់​២) ជុំវិញ​បឹង​ទន្លេសាប​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់  បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ ។ 

​សូមបញ្ជាក់ថា តំបន់​បឹង​ទន្លេសាប ត្រូវបាន​បែងចែក​ជា ៣ តំបន់ :
-​តំបន់​១ ជា​តំបន់​លំនៅដ្ឋាន ឬ​ភូមិករ និង​ជា​តំបន់​បង្កបង្កើនផលរ​បស់​ប្រជាពលរដ្ឋ ដែល​ទទួលបាន​សិទ្ធិ​កាន់កាប់​ស្របច្បាប់ (​ប័ណ្ណកម្មសិទ្ធិ​)
-​តំបន់​២ ជា​តំបន់​ប្រើប្រាស់​អាស្រ័យ​ផល ស្រូវ​ឡើង​ទឹក​និង​ប្រដេញទឹក និង​ក៏​ជា​តំបន់ទ្រនាប់​ការពារ​
-​តំបន់​៣ តំបន់​ព្រៃ​លិច​ទឹក ហាម​ប៉ះពាល់​ដាច់ខាត និង​ត្រូវការពារ​ឱ្យ​ខាន​តែ​បាន ៕