កិច្ចប្រជុំ​ពិភាក្សា​អន្តរក្រសួង ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ទីរជំនាញ​ក្នុង​ខេត្តពោធិ៍សាត់ ពី​ផែនការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​តំបន់​អភិរក្ស​ពហុ​ចម្រុះ​អេកូ​ទេសចរណ៍​សហគមន៍ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់

​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់​, នា​ព្រឹក​ថ្ងៃ​សុក្រ ១៥​កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប អមដោយ​ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ប្រតិភូ​អន្តរក្រសួង​ស្ថាប័ន​ជំនាញ រួមមាន : ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួងបរិស្ថាន​, និង​ក្រសួងទេសចរណ៍ ប្រជុំពិភាក្សា​ជាមួយ​អាជ្ញាធរខេត្ត ស្រុក ឃុំ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្តពោធិ៍សាត់ ដែល​ដឹកនាំ​ដោយ ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរង តំណាង​ឯកឧត្តម​អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ពោធិ៍សាត់ ដើម្បី​ស្វែងយល់​ពី​ផែនការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​តំបន់​អភិរក្ស​ពហុ​ចម្រុះ​អេកូ​ទេសចរណ៍​សហគមន៍ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​សូមជម្រាបថា គម្រោង​អភិវឌ្ឍន៍​តំបន់​អភិរក្ស​ពហុ​ចម្រុះ​អេកូ​ទេសចរណ៍​សហគមន៍ ក្នុង​ទីតាំង​ខាងលើ ត្រូវបាន​ផ្តួចផ្តើម​ដោយ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ក្រគរ នៅលើ​ទំហំ​ផ្ទៃដី​សរុប ២៦៦៧,១៧ ហិកតា ស្ថិតក្នុង​តំបន់​២ និង​តំបន់​៣ នៃ​បឹង​ទន្លេសាប ក្នុង​គោលបំណង : ១.​ការពារ​និង​ទប់​ការ​លួច​ដុត​ទន្ទ្រានព្រៃ​លិច​ទឹក​, ២.​រក្សា​ជម្រក​ត្រី​សត្វ​ស្លាប និង​ជីវចម្រុះ​តំបន់​បឹង​ទន្លេសាប​, ៣.​ជម្រុញ​សក្តានុពល​អេកូ​ទេសចរ​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​សហគមន៍ ។​

​បន្ទាប់ពី​ស្តាប់​ការពន្យល់​បង្ហាញ និង​ជជែក​ពិភាក្សា​ដោយ​យកចិត្តទុកដាក់​ក្នុង​ស្មារតី​ការពារ និង​ទប់ស្កាត់​ផលប៉ះពាល់​បឹង​ទន្លេសាប ជា​សម្បត្តិ​ធនធានធម្មជាតិ​ដ៏​កម្រ​មិនអាច​កាត់ថ្លៃ​បានជាពិសេស​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​នូវ​បទបញ្ជា​ណែនាំ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ត្រូវ​យកចិត្តទុកដាក់​ការពារ ថែរក្សា និង​គ្រប់គ្រង​តំបន់​បឹង​ទន្លេសាប​ប្រកប​ដោយមាន​ចីរភាព និង​និរន្តរភាព សម្រាប់​អាយុជីវិត​ប្រទេសជាតិ និង​បន្ត​អោយ​អ្នកជំនាន់ក្រោយ ។ អង្គប្រជុំ ក៏បាន​ស្នើអោយ​អាជ្ញាធរ​ដែនដី​ខេត្ត ស្រុក និង​ឃុំ ធ្វើការ​សហការ​សិក្សា ពិនិត្យ​ពិចារណា​ឡើងវិញ ជាពិសេស​លើ​រាល់​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​ដែលមាន​ស្រាប់ និង​ត្រូវ​ឱ្យមាន​ការពិភាក្សា​ឱ្យបាន​ល្អិតល្អន់​ជាមួយ​មន្ទីរជំនាញ​ជុំវិញ​ខេត្តដែលជា​សេនាធិការ​ផ្ទាល់​នៅ​ថ្នាក់ក្រោម​ជាតិ​ឱ្យ​ក្រសួង​ស្ថាប័ន​ជំនាញ​ថ្នាក់ជាតិ ។​

​សូមបញ្ជាក់ថា តំបន់​បឹង​ទន្លេសាប ត្រូវបាន​បែងចែក​ជា ៣ តំបន់ : 
-​តំបន់​១ ជា​តំបន់​លំនៅដ្ឋាន ឬ​ភូមិករ និង​ជា​តំបន់​បង្កបង្កើនផលរ​បស់​ប្រជាពលរដ្ឋ ដែល​ទទួលបាន​សិទ្ធិ​កាន់កាប់​ស្របច្បាប់ (​ប័ណ្ណកម្មសិទ្ធិ​)
-​តំបន់​២ ជា​តំបន់​ប្រើប្រាស់​អាស្រ័យ​ផល ស្រូវ​ឡើង​ទឹក​និង​ប្រដេញទឹក និង​ក៏​ជា​តំបន់ទ្រនាប់​ការពារ​
-​តំបន់​៣ តំបន់​ព្រៃ​លិច​ទឹក ហាម​ប៉ះពាល់​ដាច់ខាត និង​ត្រូវការពារ​អោយខាងតែបាន​៕