កិច្ចប្រជុំ ស្តីពី​ការពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​ពង្រឹង​ការងារ​ស្នូល​របស់​អគ្គលេខាធិកា​រដ្ឋា​ន​នៃ​អាជ្ញាធរ​ទន្លេសាប​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ១៣​កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព​.​ស​២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ថ្នាក់​នាយកដ្ឋាន ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ដើម្បី​ពិនិត្យ និង​បច្ចុប្បន្នភាព​ពង្រឹង​ការងារ​ស្នូល​របស់ អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ទន្លេសាប ។ 
សូមជម្រាបថា កិច្ចប្រជុំ​ព្រឹក​នេះ ឯកឧត្តម​ប្រធាន​អង្គប្រជុំ បានដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម និង​គោលបំណង ដើម្បី​ឈានទៅ​ពង្រឹង​ការងារ​ស្នូល​របស់​ស្ថាប័ន ឱ្យមាន​ប្រសិទ្ធភាព ជូន​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប និង​រាជរដ្ឋាភិបាល រួមមាន ៖
​ទី​១. ពិនិត្យ​វត្តមាន និង​ការងារ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​អគ្គលេខាធិការដ្ឋាន និង​នាយកដ្ឋាន ឈានទៅ​បន្ស៊ី​នឹង​ការវាយតម្លៃ​មុខងារ​របស់​មន្ត្រី​ក្នុង​ស្ថាប័ន ដើម្បី​ឱ្យមាន​ចរន្ត​ការងារ​ក្នុង​ស្ថាប័ន​ប្រកបដោយ​សង្គតិភាព​
​ទី​២. ពិនិត្យ​បែងចែក​ការទទួល​បន្ទុក​លើ​ការរៀបចំ និង​ផលិត​របាយការណ៍​បច្ចេក​ទេស​សំខាន់ៗ លើ​លទ្ធផល​សិក្សា​ស្រាវជ្រាវ ពាក់ព័ន្ធ​នឹង​បញ្ហា​បឹង​ទន្លេសាប ។​
​បន្ទាប់ពី​ទទួលបាន​នូវ​រាល់​គំនិត​ផ្តួចផ្តើម និង​សេចក្តីពន្យល់​ច្បាស់លាស់ ក្នុង​គោលដៅ​ឈានទៅ​បច្ចុប្បន្នភាព​ពង្រឹង​ការងារ​ស្នូល​របស់ អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ។ អង្គប្រជុំ បានធ្វើការ​ពិភាក្សា​ដោយ​យកចិត្តទុកដាក់​លើ​គំនិត​ផ្តួចផ្តើម​ខាងលើ និង​រីករាយ​បន្ត​អនុវត្ត​ការងារ ដើម្បី​ធានា​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ស្នូល​របស់​នាយកដ្ឋាន​នីមួយៗ ក៏ដូចជា​កិច្ចការ​ស្នូល​របស់​អគ្គលេខាធិកា​រដ្ឋា​ន​ផងដែរ ។​
​សូមបញ្ជាក់ថា អាជ្ញាធរ​ទន្លេសាប គឺជា​សេនាធិការ​ផ្ទាល់​ឱ្យ​រាជរដ្ឋាភិបាល ក្នុង​អាណត្តិ​ការងារ សម្របសម្រួល សម្រាប់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប ។ ជាមួយនឹង​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​ស្នូល​ប្រចាំថ្ងៃ អាជ្ញាធរ​ទន្លេសាប ក៏បាន​រៀបចំ​កសាង និង​កំពុង​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ ៥ ឆ្នាំ (២០២៤-២០២៨) របស់ខ្លួន រួមជាមួយ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ផងដែរ​៕