លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ផល​ចាប់ នៃ​ធនធាន​ត្រី នៅ​ខេត្តកំពង់ឆ្នាំង​

កាលពី​ថ្ងៃ​អង្គារ ៥ កើត ដល់​ថ្ងៃ​សៅរ៍ ៩ កើត ខែ​ជេ​ស្ធ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ១១ ដល់​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០២៤ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ផល​ចាប់ នៃ​ធនធាន​ត្រី នៃ​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០២៤ មាន​ដូចខាងក្រោម​:

១. គោលបំណង​សិក្សា :
- គ្រប់គ្រង​ស្ថិតិ​ផល​នេសាទ តាមបែប​វិទ្យាសាស្ត្រ ដែល​បាន​ចូលរួម​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ​។​
- មាន​មូលដ្ឋានគ្រឹះ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​ជាម​តិ​ថ្នាក់ជាតិ ចំណាប់អារម្មណ៍​កំណត់​គោលនយោបាយ​ក្នុងការ​គ្រប់គ្រង​វិស័យ​ជលផល​ឱ្យមាន​ប្រសិទ្ធភាព និង​និរន្តរភាព​។​
- មាន​ទិន្នន័យ​សម្រាប់ធ្វើ​ការប្រៀបធៀប​ទៅនឹង​លទ្ធផល​ពី​អតីតកាល​។​
២. ការយក​ទិន្នន័យ (Data collection)
- អង្កេត​ចំនួន​ឧបករណ៍​សិប្បកម្ម​(Frame survey)
- យក​គំរូ​តាម​ប្រភេទ​ឧបករណ៍​នេសាទ​ជា​លក្ខណ​: (Random)
- យក​ទិន្នន័យ ហ្វ្រេ​កង់​បណ្តោយ និង​បណ្តោយ​ទម្ងន់ របស់​ត្រី​គ្រប់​ប្រភេទ​ដែល​បាន​រកឃើញ​
- អង្កេត​ឧបករណ៍​ចេញ​នេសាទ​តាម​ខែ​
- អង្កេត​ចំនួន​ថ្ងៃ​ចេញ​នេសាទ​តាម​ខែ និង​
- ប្រើប្រាស់​កម្មវិធី (MicrosoftAccess) ដើម្បី​វិភាគ​ទិន្នន័យ​...
៣. តំបន់​គោលដៅ​នៃ​ការសិក្សា​:
- ស្រុក​បរិបូរ​ណ៌​: មាន​ឃុំ​ឆ្នុកទ្រូ កំពង់ព្រះ​គគី ត្រពាំង​ចាន់ និង​ឃុំ​ពន្លៃ​
- ស្រុក​កំពង់លែង​: មាន​ឃុំ​កំពង់​ហៅ​ ឃុំ​ប្រឡាយ​មាស និង​ឃុំ​ផ្លូវ​ទូក​
- ក្រុង​កំពង់ឆ្នាំង​: មាន​សង្កាត់​ផ្សារឆ្នាំង និង​សង្កាត់​ខ្សា​ម​។​
៤. លទ្ធផល​ការសិក្សា​សង្ខេប​:
- បាន​រកឃើញ​អ្នកនេសាទ​ជា​លក្ខណ​:​សិប្បកម្ម (Middle scale fisheries) ចំនួន ១,៥៩៧ គ្រួសារ ប្រើប្រាស់​ឧបករណ៍​នេសាទ ១៤ ប្រភេទ​ផ្សេងៗ​គ្នា​។ ក្នុង​នឹងមាន​ឧបករណ៍​នេសាទ ដោយ​លប​ណ ឬ រ៉ាវ ទំនើប ប្រើ​សាច់​មង​ក្រឡា​ញឹក (​ភាសា​ក្នុង​តំបន់​ហៅ បរ​/​បរ​ណ​រ៉ាវ​/​លប​លូ​កង ឬ​លប​កង​) ជាច្រើន​ករណី​។​
- ផល​ចាប់​សរុប​: ៣៨៦.៥៣ តោន​
- ប្រភេទ​ត្រី​បូក​យោង ១៤៩ ប្រភេទ​
- តម្លៃ​ផល​នេសាទ​សរុប​: ២១២៥.៩២ ​លាន​រៀល 
- តម្លៃ​ផល​នេសាទ​គិត​ជា​ដុល្លារ​ស្មើនឹង ៥១៨,៥១៥.៨៥ ដុល្លារ​សហរដ្ឋ​អាម៉េរិក   (៤,១០០៛/១​ដុល្លារ​)
៥. អនុសាសន៍​
- យោង​សេចក្តីជូនដំណឹង ពី​រដ្ឋបាល​ជលផល ស្តីពី រដូវ​បិទ​នេសាទ​ឆ្នាំ​២០២៤ នេះ អ្នកនេសាទ​ទាំងអស់​ត្រូវ​ប្រើតែ​ឧបករណ៍​នេសាទ​គ្រួសារ ដែល​មានចែង​ក្នុង​ប្រកា​សលេខ ៤៥៨ ប្រក​.​កសក ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១២​។​
​សូម​ជម្រាបជូន នៅក្នុង​ប្រកាស​នេះ​បានអនុញ្ញាត​ឱ្យធ្វើ​នេសាទ​គ្រួសារ​នៅក្នុង​រដូវ​បិទ​នេសាទ មាន​ចំនួន ៤៤ ប្រភេទ​ឧបករណ៍​។ នៅក្នុង​ឧបករណ៍ ៤៤ ប្រភេទ​នេះ សូម​លើក​យកតែ​ឧបករណ៍​នេសាទ​មួយ​ប្រភេទ​ដែល​អ្នកនេសាទ​និយម​ចូលចិត្ត​ប្រើ​តាំងពី​ដូនតា​គឺ ឧបករណ៍ លប​។  តែ​ការប្រើប្រាស់​ក្នុងការ​ចាប់​ត្រី មិនឱ្យ​ប្រើ​របាំង​ព្រួល​រួមផ្សំ​លើសពី​១០​ម៉ែត្រ​នោះទេ​។​ល​។ ប៉ុន្តែ​តាម​ការសិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ផល​ចាប់ ចូលឆ្នាំ​ទី ៣ ហើយ បានបង្ហាញ​ឱ្យឃើញថា ឧបករណ៍ លប​ណ​រ៉ាវ ទំនើប​នេះ​ប្រើ​សាច់​មង​ទំហំ​ក្រឡា ១ ស​.​ម បួន​ជ្រុង ប្រវែង​រាប់រយ ពាន់​ម៉ែត្រ មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់​ក្នុង​ការចាប់​ត្រី​ទាំង​រដូវ​បិទ និង​រដូវ​បើក​នេសាទ ជាច្រើន​ករណី​ផ្ទុយ​ពី​ច្បាប់ បណ្តាលឱ្យ​ផល​ស្តុក​ត្រី​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ រដ្ឋបាល​ជលផល មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​គ្រប់គ្រាន់ មានដូចជា​: អធិការដ្ឋាន ខាងជើង និង​ខាងត្បូង​បឹង​ទន្លេសាប​មាន​ខណ្ឌ មាន​ផ្នែក និង​សង្កាត់រដ្ឋបាល​ជលផល​។ ជាពិសេស មាន​ផ្នែក និង​សង្កាត់​នេសាទ នៅ​ប្រចាំការ​ជា​អចិន្ត្រៃយ៍​តាម​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។ ការងារ​អនុវត្ត​ច្បាប់​របស់​រដ្ឋបាល​ជល​ផល មាន ការងារ​អធិការកិច្ច ការអង្កេត ការងារ​តាមដាន និង​ការត្រួតពិនិត្យ​រាល់​សកម្មភាព​ជលផល​ក្នុងតួនាទី​ជា​នគរបាល​យុត្តិធម៌​។ មិន​ត្រូវឱ្យ​កើតមាន​បទល្មើស​នេសាទ ផ្ទុយ​នឹង​ច្បាប់​ច្រំ​ដែលៗ​ដុះ​ស្នឹម​យ៉ាង​ដូច្នេះ​ទេ​។ ជាពិសេស លប ណ ឬ​រ៉ាវ ទំនើប ប្រើ​សាច់​មង​នេះ បំផ្លាញ​ធនធាន​ជលផល​យ៉ាងខ្លាំង​។​
អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប មាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ​ដែលជា​នាយកដ្ឋាន​អង្គច្បាប់ ត្រូវតែ​ចាប់អារម្មណ៍​ពិភាក្សា​សុំ​គោលការណ៍​ថ្នាក់ដឹកនាំ​ដើម្បី​ចុះ​ប្រមូល​ភស្តុតាង​ជាក់ស្តែង​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នៅ​តំបន់​ចាំបាច់​ជាមុនសិន ជូន​ថ្នាក់ដឹកនាំ​យើង​វិញ មាន​មូលដ្ឋាន​គ្រប់គ្រាន់​ជា​លក្ខណ​:​ច្បាប់ ដើម្បី​រាយការណ៍​ជូន​រាជរដ្ឋាភិបាល ទទួលបាន​នូវ​ប្រសិទ្ធភាព​មួយ​ជំ​ហ៊ាន​ដំបូង​សិន ហើយ​សុំ​បន្ដដំណើរ​ទៅ​កន្លែង​ដ៏ទៃទៀត​។​

​ចរាចរណ៍​ត្រី​ពី​ទន្លេសាប ចូល​បឹង​ទន្លេសាប ដើម្បី​រក​កន្លែង​ពង​កូន ត្រូវបាន​រាំងស្ទះ​ចាប់​ដោយ ឧបករណ៍ លប​ណ​រ៉ាវ ទំនើប ជាច្រើន​ករណី មាន ៣ ខេត្ត​ព្រុំប្រទល់​ជាប់​គ្នា​គឺ​:
+ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ខ​.​កំពង់ឆ្នាំង​
+ ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខ​.​ពោធិ៍សាត់​
+ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខ​.កំពង់ធំ​៕