ឯកឧត្តម​អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប អមដោយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ​ទីតាំង​និយាម​កា​បោះបង្គោល​ព្រំ និង​ស្ថានភាព​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង

​ទទួលបាន​ការណែនាំ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ថ្ងៃ​សៅរ៍ ៩​កើត ដល់​ថ្ងៃអាទិត្យ ១០​កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អមដោយ​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ​ទីតាំង​និយាម​កា​បោះបង្គោល​ព្រំ និង​ស្ថានភាព​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ស្ថិតក្នុង​ទីតាំង​ភូមិសាស្ត្រ​ស្រុក​ម៉ោង​ឫស្សី ស្រុក​សង្កែ និង​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​

​សូមជម្រាបថា  នៅក្នុង​ដំណើរ​បេសកកម្ម​ខាងលើ រយ​:​ពេល​ពីរ​ថ្ងៃ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ក៏មាន​ការអញ្ជើញ​ចូលរួម​យ៉ាង​ផុលផុស​ពី​មន្ត្រី​អាជ្ញាធរខេត្ត តំណាង​មន្ទីរជំនាញ​ខេត្ត អាជ្ញាធរ​ស្រុក ឃុំ ភូមិ និង​សហគមន៍​តាម​ទីតាំង​ភូមិសាស្ត្រ​ពាក់ព័ន្ធ​ផងដែរ ។  ខេត្តបាត់ដំបង មានស្រុក​ចំនួន ៤ និង​ឃុំ​ចំនួន ១៨ ក្រោម​ផ្លូវជាតិ​លេខ ៥ ជាប់​នឹង​តំបន់​បឹង​ទន្លេសាប ដែលមាន​ចំនុច​និយាម​កា​បោះបង្គោល​ឡើងវិញ​សរុប​ចំនួន ១៧១ ក្នុង​ទំហំ​ផ្ទៃដី​ព្រៃ​លិច​ទឹក​សរុប​ប្រមាណ​ជាង ១៩២ ៩១០.៨៨ ហិកតា  ត្រូវតែ​ការពារ​ឱ្យខាងតែបាន ក្រោយ​ការ​កាត់​ឆ្វៀល និង​កែសម្រួល​ព្រំ​ឆ្នាំ​២០២២-២០២៣ ជូន​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់ អាស្រ័យ​ផល និង​រក្សា​ទុកជា​តំបន់ទ្រនាប់​ការពារ ។ ជាមួយ​ដំណើរ​បេសកកម្ម​នេះ​ផងដែរ ក្រុមការងារ ក៏បាន​ពិនិត្យឃើញថា ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ត្រូវបាន​ការពារ និង​ទប់ស្កាត់​យ៉ាង​ម៉ឺង​មាត់ ក្រោម​ចំណាត់ការ និង​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រដ្ឋបាលខេត្ត​បាត់ដំបង ក្នុងការ​ចូលរួម និង​អនុវត្ត​បទបញ្ជា​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​ធិបតី នាយករដ្ឋមន្ត្រី ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ។​

​សូមបញ្ជាក់​ផងដែរ​ថា ក្រោយពី​ទទួលបាន​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ការរៀបចំ​ធ្វើ​បច្ចុប្បន្នភាព​ផែនទី និង​បោះបង្គោល​តំបន់​១ តំបន់​២ និង​តំបន់​៣ ឱ្យបាន​ត្រឹមត្រូវ និង​សុក្រឹតភាព ក្នុងការ​គិតគូរ​យក​ចិត្ត​ទុកដាក់​ដល់​ការថែរក្សា ការពារ និង​គ្រប់គ្រង​តំបន់​ទន្លេសាប​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​សម្រាប់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ ។ គិត​មក​ត្រឹម​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២៤ អាជ្ញាធរ​ទន្លេសាប បាន​ដំណើរ​ការបោះ​បង្គោលព្រំ​តំបន់​៣ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប បាន​ចំនួន ៣០% នៃ​ចំនួន​បង្គោល​សរុប​ចំនួន ១២២៤ បង្គោល និង​បាន​កំពុងតែបន្ត​ជីករណ្តៅ​ព​ន្លឿ​ន​ការសាងសង់​បង្គោល ដើម្បី​ឱ្យបាន​ចប់ ១០០% តាម​ផែនការ​គ្រោងទុក​មុន​ទឹក​ដំឡើង​លិច​ដែន​ព្រៃ​លិច​ទឹក​តំបន់​៣៕