លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ បន្ត​អនុវត្តន៍​សកម្មភាព​ស​ម្រ​ប​សម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្តពោធិ៍សាត់

​នា​ថ្ងៃ​ពុធ ១៤ រោច ខែ​ពិសាខ ឆ្នាំរោង​ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២៤ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ស​ម្រ​ប​សម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​សូម​ជម្រាបជូន​ថា ការបន្ត​ចុះ​អនុវត្តន៍​សកម្មភាព​នេះ ក្រុមការងារ​បាន​ជួប​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ  និង​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​សហគមន៍ ដើម្បី ៖
- ជួបពិភាក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​ខណ្ឌ​ជលផល​ខេត្តពោធិ៍សាត់​
- ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី មាន​តំណាង​ភូមិ​អូរ​តា​ប្រ៉ុ​ក តំណាង​ឃុំ​អូរសណ្តាន់ និង​តំណាង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ នៃ​សាលាស្រុក​ក្រគរ​
- ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​សហគមន៍​នេសាទ​អូរ​តា​ប្រ៉ុ​ក ។​

​សូមបញ្ជាក់​ជូន​ថាៈ សកម្មភាព​សម្របសម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ក្នុង​គោលបំណង ដើម្បី​បង្កើន​កិច្ចសហការ​ល្អ រវាង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ការយល់ដឹង​ពី​ដំណើរការ​នៃ​ការតាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​ធនធានធម្មជាតិ រួមទាំង​ការចែករំលែក​នូវ​ទិន្ន័យ​-​ព័ត៌មាន​ទាន់​ហេតុការណ៍ ដែល​កើតមានឡើង​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ព្រមទាំង​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ​វិវាទ​ផលប្រយោជន៍​ពី​ការទាញយក​ធនធានធម្មជាតិ នៅ​កម្រិត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សម្រាប់​ភាពជោគជ័យ​ក្នុង​កិច្ចការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​ចីរភាព៕