បន្ទាប់ពីក្រុមការងារមន្ត្រីបច្ចេកទេសទទួលបន្ទុកត្រួតពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនិយាមកាបោះបង្គោលព្រំតំបន់ ៣ បានបញ្ចប់បេសកកម្មការងារទាំងស្រុងក្នុងការចុះផ្ទៀងផ្ទាត់និយាមកា ស្ថិតក្នុងភូមិសាស្ត្រខេត្តទាំង ៦ (ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ) ជុំវិញតំបន់បឹងទន្លេសាប ។ នាព្រឹកថ្ងៃ អង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២៤ នៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប បានដឹកនាំប្រជុំពិភាក្សាពិគ្រោះយោបល់ ជាមួយក្រុមការងារមន្ត្រីបច្ចេកទេសទាំងនោះ ដើម្បីស្វែងយល់ពីមូលហេតុ និងឫសគល់បញ្ហានានា បានកើតឡើងក្នុងអំឡុងពេលចុះអនុវត្តការងារ និងទិដ្ឋភាពនៃការរំលោភបំពានទន្ទ្រានដីព្រៃលិចទឹក នៅតាមទីតាំងភូមិសាស្ត្រជាក់ស្តែងនីមួយៗក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ និងពិគ្រោះយោបល់ជាមួយសមាជិកក្រុមការងារមន្ត្រីបច្ចេកទេស ឯកឧត្តមប្រធានអង្គប្រជុំ បានផ្តល់ការណែនាំ និងដាក់ផែនការទិសដៅបន្តអនុវត្តការងារឱ្យមានប្រសិទ្ធភាព សំដៅដល់ការគ្រប់គ្រង និងធានាប្រសិទ្ធភាពការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិតំបន់បឹងទន្លេសាបប្រកបដោយចីរភាព និងនិរន្តរភាពសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ ។
សូមបញ្ជាក់ថា អាជ្ញាធរទន្លេសាប ជាស្ថាប័នថ្នាក់ជាតិសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល ក្នុងតួនាទី ភារកិច្ច សម្រាប់សម្របសម្រួលក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់ទន្លេសាប ។ ផ្សារភ្ជាប់ជាមួយតួនាទី ភារកិច្ចនេះ អាជ្ញាធរទន្លេសាប បាននិងកំពុងដើរតួនាទីយ៉ាងសកម្មប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការចុះអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសពិធីបិទអង្គសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ និងអនុវត្តខ្លឹមសារសេចក្តីជូនដំណឹងលេខ ១៨៨ សជណ របស់រាជរដ្ឋាភិបាល ក្នុងការធ្វើបច្ចុប្បន្នភាពផែនទីតំបន់ ១ តំបន់ ២ តំបន់ ៣និងបោះបង្គោលការពារដែនព្រៃលិចទឹក ដើម្បីការពារ ថែរក្សា ទប់ស្កាត់ និងគ្រប់គ្រងធនធនធម្មជាតិនៅក្នុងតំបន់ទន្លេសាបប្រកបដោយចីរភាព ។
សូមជម្រាបផងដែរថា បន្ទាប់ក្រុមការងារមន្ត្រីបច្ចេកទេសទទួលបន្ទុករៀបចំផែនទី បានកំណត់ផែនទី និងនិយាមកាតាមរូបភាពលើអាកាស ដោយគិតចាប់ពីថ្ងៃទី ០១ ខែមេសា មកទល់នឹងត្រឹមថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ ក្រុមការងារមន្ត្រីបច្ចេកទេសទទួលបន្ទុកពិនិត្យផ្ទៀតផ្ទាត់ភាពត្រឹមត្រូវនិយាមកាក្នុងភូមិសាស្ត្រខេត្តទាំង ៦ បានបញ្ចប់ទាំងស្រុង (១០០%) និងបានសង់បង្គោលព្រំតំបន់ ៣ ដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប សម្រេចបាន ២១.២០% និងបានកំពុងតែបន្តជីករណ្តៅសាងសង់បង្គោលជាបន្តបន្ទាប់ ដើម្បីបញ្ចប់តាមផែនការគ្រោងទុកឱ្យបានមុនទឹកដំឡើងលិចដែនព្រៃលិចទឹកតំបន់ ៣ ៕