បន្ទាប់ពីក្រុមការងារមន្ត្រីបច្ចេកទេសទទួលបន្ទុកត្រួតពិនិត្យនិយាមកា បានបញ្ចប់ការចុះផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនិយាមកា នៅតាមបណ្តាខេត្តទាំង ៦ (ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ) ជុំវិញបឹងទន្លេសាប នាថ្ងៃសុក្រ ៩រោច ដល់ថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមការងារមន្ត្រីបច្ចេកទេសទទួលបន្ទុកពិនិត្យតាមដានការសាងសង់បង្គោលព្រំតំបន់ ៣ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដឹកនាំដោយ លោក ឡុក សីលា ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ បានចុះពិនិត្យទីតាំង និងគុណភាពនៃការសាងសង់បោះបង្គោលព្រំតំបន់ ៣ ការពារដែនព្រៃលិចទឹក និងព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ។
សូមជម្រាបថា ក្នុងរយៈពេល ៦៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ០១ ខែមេសា មកត្រឹមថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៤ នេះ ការសាងសង់បង្គោលព្រំតំបន់ ៣ ដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប គឺសម្រេចបាន ២១.២០% និងបានកំពុងតែបន្តជីករណ្តៅសាងសង់បង្គោលជាបន្តបន្ទាប់ ដើម្បីបញ្ចប់តាមផែនការគ្រោងទុកឱ្យបានមុនទឹកដំឡើងលិចដែនព្រៃលិចទឹកតំបន់ ៣ ៕