ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ទទួលបន្ទុក​ត្រួតពិនិត្យ​និយាម​កា នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ចុះ​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​និយាម​កា​កំណត់​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ

​បន្ទាប់ពី​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ទទួលបន្ទុក​ត្រួតពិនិត្យ​និយាម​កា នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បញ្ចប់​សកម្ម​ភាពចុះ​ផ្ទៀងផ្ទាត់​និយាម​កា​កំណត់​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​ចំនួន ១៤៦​ចំនុច ខេត្តបាត់ដំបង​ចំនួន ១៧១​ចំនុច ខេត្តបន្ទាយមានជ័យ​ចំនួន ៤៧​ចំនុច និង​ខេត្តសៀមរាប​ចំនួន ២៩៩​ចំនុច ។ ក្រុមការងារ បាន​បន្ត​បញ្ចប់​បេសកកម្ម​ចុះ​អនុវត្ត​សកម្មភាព​ផ្ទៀងផ្ទាត់​និយាម​កា​កំណត់​ដែន​ព្រៃ​លិច​ទឹក​តំបន់​៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​ចំនួន ៣៤៦​ចំនុច និង​ខេត្តកំពង់ឆ្នាំង​ចំនួន ២១៥​ចំនុច កាលពី​នា​ចុងខែ​ឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ ។​

​សូមបញ្ជាក់ថា សកម្ម​ភាពចុះ​ផ្ទៀងផ្ទាត់​និយាម​កា​កំណត់​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ដែល​បាន​នឹង​កំពុង​ចុះ​អនុវត្តតាម​បណ្តា​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប គឺជា​ជំហាន​សកម្មភាព​ពិនិត្យ​ទីតាំង​ជាក់ស្តែង​ក្នុងការ​ផ្ទៀងផ្ទាត់​បញ្ជាក់​ភាពត្រឹមត្រូវ និង​បញ្ជៀ​ស​នូវ​រាល់​ទំនាស់​ផ្សេងៗ បន្ទាប់ពី​មន្ត្រី​បច្ចេកទេស​ផែនទី នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​សិក្សា វិភាគ​លើ​ទិន្នន័យ​ព័ត៌មាន​ដែលមាន​ស្រាប់ និង​បានកំណត់​ដៅ​តាម Satellite Images ក្រោយពី​ធ្វើ​បច្ចុប្បន្នភាព​ផែនទី​កំណត់​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ឡើងវិញ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានធ្វើការ​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​កាលពី​ឆ្នាំ ២០២២-២០២៣ ពី​តំបន់ ៣ មក​តំបន់ ២, តំបន់ ១ និង​ពី​តំបន់ ២ មក​តំបន់ ១ សម្រាប់​ជា​លំនៅដ្ឋាន អាស្រ័យ​ផល និង​រក្សា​ទុកជា​តំបន់ទ្រនាប់​ការពារ ។ 

​ក្រោយពី​បញ្ចប់​ការផ្ទៀងផ្ទាត់​ចំនុច​និយាម​តាម​បណ្តា​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប (​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ​) សូម​ជម្រាប​ផងដែរ​ថា ក្នុង​រយៈពេល ៦៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី ០១ ខែមេសា មក​ត្រឹម​ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៤ នេះ ការសាងសង់​បង្គោលព្រំ​តំបន់ ៣ ដែន​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប គឺ​សម្រេចបាន ២១.២០%  និង​បាន​កំពុងតែបន្ត​ជីករណ្តៅ​សាងសង់​បង្គោល​ជា​បន្តបន្ទាប់ ដើម្បី​បញ្ចប់​តាម​ផែនការ​គ្រោងទុក​ឱ្យបាន​មុន​ទឹក​ដំឡើង​លិច​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ។ 

​សូមបញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​អនុសាសន៍ និង​ការណែនាំ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៤ និង​ស្ថិតក្រោម​ការដឹកនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ទន្លេសាប បានសម្រេច​ការងារ និង​កំពុង​បន្ត​អនុវត្ត​ការងារ​ចម្បងៗ​មួយចំនួន រួមមាន ៖ (១) បានធ្វើ​បច្ចុប្បន្នភាព​ផែនទី និង​កំណត់​និយាម​កាតំ​បន់​៣ តំបន់​២ តំបន់​១ និង​តំបន់​កាត់​ឆ្វៀល​, (២). បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​ផ្សព្វផ្សាយ​ពី​ការបញ្ឈប់​បន្តសកម្មភាព​អាស្រ័យ​ផល​លើ​ផ្ទៃដី​តំបន់​៣ និង​ឈួ​ស​ឆាយដី​ព្រៃ​ក្នុង​តំបន់​២ ដែល​ទុកជា​តំបន់ទ្រនាប់​ការពារ​, (៣). បាន​ចុះ​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​នៃ​និយាម​កាតា​ម​ទីតាំង​ជាក់ស្តែង តាម​បណ្តា​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប​, (៤). បាននិងកំពុង​បោះបង្គោល​ព្រំ​តំបន់​៣ តាម​បណ្តា​ខេត្ត​ទាំង ៦ ជុំវិញ​តំបន់​បឹង​ទន្លេសាប​, (៥). បាននិងកំពុង​សហកា​រ​តាមដាន​ការពារ​ថែរក្សា ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ និង​តំបន់ទ្រនាប់​ការពារ​, (៦). បាននិងកំពុង​លើក​ផែនការ​គិតគូរ​សិក្សា​លទ្ធភាព​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ធានា​ប្រសិទ្ធភាព​ការពារ​ដែន​ព្រៃ​លិច​ទឹក​និង​ព្រៃ​លិច​ទឹក​ប្រកបដោយ​និរន្តរភាព រួមជាមួយ​ការស្តារ​ដាំ​ព្រៃ​លិច​ទឹក​ឡើងវិញ ក្នុង​ទីតាំង​តំបន់​ដែល​បាន​ឆេះ និង​ឈួ​ស​ឆាយ​ទន្ទ្រាន​កន្លងមក ៕​ល​៕