ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ថ្នាក់​តំបន់​លើក​ទី ១២ ប្រទេស​វៀតណាម​

​ក្រោម​ការសម្របសម្រួល​ថ្នាក់ជាតិ​របស់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា សម្រាប់​កម្មវិធី​កសាង​ផែនការ​អភិវឌ្ឍ​អាង ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​អង្គភាព​សម្របសម្រួល​ផែនការ​អភិវឌ្ឍ​អាង​ទន្លេមេគង្គ ត្រូវបាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ថ្នាក់​តំបន់​លើក​ទី​១២ ស្ថិតក្រោម​ការរៀបចំ និង​ដឹកនាំ​ដោយ​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​​​​ទន្លេមេគង្គ​អន្តរជាតិ នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី ២៧-២៨ ខែមីនា ឆ្នាំ ២០១៤ ។  កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ថ្នាក់​តំបន់​លើក​ទី ១២ គឺ​ផ្តោតទៅលើ​ការពិភាក្សា​អំពី​ទស្សនៈវិស័យ​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​អភិវឌ្ឍ​អាង Basin Development Strategy (២០១៦-២០២០) និង​ការត្រួត​ពិនិត្យឡើងវិញ​ពីបទ​ពិសោធន៍​ជា​អន្តរជាតិ​ក្នុង​កិច្ចសហប្រតិបត្តិការ​តំបន់ និង​ការចែករំលែក​ផលប្រយោជន៍ ដើម្បី​ជំរុញ​នូវ​របៀបវារៈ​នៃ​កិច្ចសហប្រតិបត្តិការ ក្នុង​ការចូល​រួមការ​អភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព (Sustainable Development) រួមជាមួយ​នឹង​កិច្ចការពារ​អាង​ទន្លេមេគង្គ តាមរយៈ​ការសម្របសម្រួល​របស់​ក្រុម​ជំនាញការ​ឯករាជ្យ សម្រាប់​កម្មវិធី​កសាង​ផែនការ​អភិវឌ្ឍ​អាង និង​ធ្វើការ​ពិនិត្យ​ទៅលើ​អភិក្រម និង​វិធីសាស្ត្រ នៃ​ការវាយ​តម្លៃ​ពី​ការបែងចែក​ផលប្រយោជន៍​នាពេល​បច្ចុប្បន្ន និង​អនាគត​ក្នុង​អាង​ទន្លេមេគង្គ ។​