រាជធានីភ្នំពេញ ៖ នាថ្ងៃចន្ទ ៩ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប ត្រូវបានចាត់អោយទៅចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍បឋម នៃការសិក្សាស្រាវជ្រាវ ស្តីពីផលប៉ះពាល់ នៃកម្ពស់ទឹកទាប របស់បឹងទន្លេសាបលើជីវចម្រុះ និងជីវភាពរបស់សហគមន៍លើបឹងទន្លេសាប ដែលបានដឹកនាំ និងសម្របសម្រួលដោយ លោក ចាន់ វិចិត្រ ប្រធានវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងលោកបណ្ឌិត ដោក ដុម៉ា ជំនាញការគម្រោង និងមានសមាសភាពចូលរួមពីមន្ត្រីតំណាងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អាជ្ញាធរទន្លេសាប, មេឃុំ, ប្រធានភូមិ អនុភូមិ, ប្រធានសហគមន៍នេសាទ (៣ឃុំ/៣ខេត្ត) វិទ្យាស្ថាន និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ព្រមទាំងអង្គការផ្សេងៗ (សិក្សាក្នុងតំបន់ទន្លេសាប ដូចជា OFARM, FAC.. ) សរុបអ្នកចូលរួមចំនួន ៣០ រូប ។
គោលបំណងសំខាន់នៃកិច្ចប្រជុំពិគ្រោះយោបល់ គឺដើម្បី៖
១. ដើម្បីពិនិត្យលើខ្លឹមសារសង្ខេបសិក្សាស្រាវជ្រាវ ពីផលប៉ះពាល់ នៃលំហូរទឹកទាបនៅបឹងទន្លេសាប និងជីវភាពរស់នៅរបស់សហគមន៍ក្នុងតំបន់កំពង់ឃ្លាំង ខេត្តសៀមរាប, តំបន់រហាលសួង ខេត្តបាត់ដំបង និងតំបន់កំពង់លួង ខេត្តពោធិ៍សាត់ ។
២. ដើម្បីពិនិត្យការប្រែក្លាយសង្គម សេដ្ឋកិច្ច និងយុទ្ធសាស្ត្រដោះស្រាយរបស់សហគមន៍នីមួយៗ (៣តំបន់) ។
៣. ពិនិត្យលើការសិក្សាពីបម្រែបម្រួលប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ របស់បឹងនៃលក្ខខណ្ឌលំហូរទឹកទាប(២០១៩-២០២៣)។
៤. ពិនិត្យលើកម្រិតនៃផលប៉ះពាល់ដល់សហគមន៍ខាងលើ
៥. ស្វែងយល់បន្ថែមពីការប្រែប្រួលប្រព័ន្ធបរិស្ថាន និងជីវភាពប្រជាជននៅតំបន់សិក្សា ។
ទន្ទឹមនឹងនោះ អង្គសិក្ខាសាលាពិគ្រោះយោបល់ខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម ៖
- ស្នើសុំពិនិត្យ និងសិក្សាបន្ថែមលើផលប៉ះពាល់ ប្រភពទិន្នន័យសម្រាប់រៀបចំរបាយការណ៍បឋមក្នុងការសិក្សា (ត្រូវយកទិន្នន័យផ្លូវការ និងមានការចូលរួមពិនិត្យ និងវាយតម្លៃបន្ថែមលើលទ្ធផលសិក្សា មុនរៀបចំជាផែនការ និងយុទ្ធសាស្ត្រផ្សព្វផ្សាយបន្ត ឬដាក់ជូនរាជរដ្ឋាភិបាល) ។
- ស្នើសុំ NGO-FORUM សិក្សាបន្ថែមលើផលប៉ះពាល់បរិស្ថាន ធនធានទឹក ជីវចម្រុះ និងសេដ្ឋកិច្ចសង្គម ។ល។
- ស្នើសុំពិនិត្យ និងកែសម្រួលទិន្នន័យបន្ថែមក្នុងរបាយការណ៍បឋម ដើម្បីរកធាតុចូលត្រឹមត្រូវពីក្រសួង ស្ថាប័នជំនាញ និងពាក់ព័ន្ធ (ថ្នាក់ជាតិ និងក្រោមជាតិ) ។
- ជាពិសេស អាជ្ញាធរទន្លេសាប ស្នើដល់ក្រុមការងាររៀបចំរបាយការណ៍ត្រូវសិក្សាបន្ថែមលើទិន្នន័យ និងអ្នកចូលរួម (ក្រសួង ស្ថាប័នជំនាញ) ដើម្បីវាយតម្លៃលើលទ្ធផលសិក្សានេះ ព្រោះការចងក្រងលទ្ធផលនេះមានរយៈពេលខ្លីណាស់ គឺប្រមាណជា ១ ទៅ ២ ខែ ។
- តំណាងក្រុមការងារគម្រោង NGO-FORUM ក៏បានទទួលយកនូវសំណូមពរ និងសំណើទាំងអស់ក្នុងពេលនេះ ដើម្បីធ្វើការពិនិត្យ និងរៀបចំកែសម្រួលបន្ថែមនូវអ្វីដែលអង្គសិក្ខាកាមបានលើកឡើង ។