នៅថ្ងៃសុក្រ ៦កើត ដល់ថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមន្ត្រីនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ដឹកនាំដោយលោក អ៊ូ ទូច ប្រធានការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ បានបន្តចុះសិក្សាការកែច្នៃធនធានជលផល និងចរន្តអាជីវកម្ម នៅឃុំឆ្នុកទ្រូ, ឃុំកំពង់ហៅ, ឃុំពាមឆ្កោក និងសង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ការចុះសិក្សានេះក្រុមការងារស្រាវជ្រាវបានធ្វើការជាមួយ៖
១. ជួបសម្ភាសន៍ជាមួយឈ្មួញកណ្តាល (អ្នកទិញ-លក់ផលជលផលស្រស់)
២. ជួបសម្ភាសជាមួយអាជីវករ (លក់ដុំ និងលក់រាយ) និងអ្នកកែច្នៃត្រី (លក្ខណះគ្រួសារ និងលក្ខណះមធ្យម)
៣. ដឹងពីបរិមាណត្រីស្រស់ ប្រភេទនៃការកែច្នៃ បច្ចេកទេសនៃការកែច្នៃតាមប្រភេទនីមួយៗ ដឹងពីចរន្តអាជីវកម្ម ការវិវត្តន៍ នៃទីផ្សារ និងស្ថានភាពទូទៅរបស់អ្នកកែច្នៃត្រី។
ជាមួយនឹងសកម្មភាពនេះផងដែរក្រុមការងារចុះសិក្សា និងទទួលបានជាលទ្ធផលបឋមដូចខាងក្រោម ៖
- ស្ថិតិអ្នកកែច្នៃត្រីនៅក្នុងខេត្តកំពង់ឆ្នាំង មានចំនួនប្រមាណ ៤០ គ្រួសារ
- មានការច្នៃត្រីចំនួន ៤ ប្រភេទ ដូចជា ត្រីឆ្អើរ ប្រហុក ត្រីងៀត និងត្រីប្រម៉ា ប្រើបរិមាណត្រីស្រស់អស់ប្រមាណ ៣៩.៥០០ គ.ក្រ និងបានបរិមាណត្រីកែច្នៃរួច ១៨.៨០១ គ.ក្រ។
- សម្រាប់បច្ចេកទេសក្នុងការកែច្នៃត្រីគឺមានលក្ខណៈបច្ចេកទេសបុរាណធ្វើតាមទំលាប់។
- ប្រភពត្រីមកពីបឹងទន្លេសាប ទន្លេសាប ដៃទន្លេ ស្ទឹង ព្រែក ការធ្វើវារីវប្បកម្ម ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម និងមួយផ្នែកទៀតនាំចូលពីប្រទេសវៀតណាម។
- គិតលើការចំណាយទិញត្រីស្រស់ ឈ្នួលកម្មករ ចង្កាក់ និងអុស អ្នកកែច្នៃត្រីឆ្អើរលេខ ១ អាចចំណេញបានចន្លោះពី ២០.០០០ ទៅ ៣៥.០០០ រៀល/គ.ក្រ (ប្រភេទត្រីកេស ក្លាំងហាយ និងត្រីក្រម៉ម) ត្រីឆ្អើរលេខ២ ចន្លោះពី ១៥.០០០ ទៅ ២០.០០០ រៀល/គ.ក្រ (ប្រភេទត្រីកេស ក្លាំងហាយ និងត្រីក្រម៉ម) និងត្រីឆ្អើរលេខ៣ ចន្លោះពី ១០.០០០ ទៅ ១៥.០០០ រៀល/គ.ក្រ (ត្រីរៀល)។ អ្នកកែច្នៃប្រហុក អាចចំណេញបានចន្លោះពី ៥០០ ទៅ ៧០០ រៀល/គ.ក្រ។ អ្នកកែច្នៃត្រីងៀតលេខ ១ អាចចំណេញបានចន្លោះពី ១០.០០០ ទៅ ១២.០០០ រៀល/គ.ក្រ ត្រីងៀតលេខ២ ចន្លោះពី ៥.០០០ ទៅ ៧.០០០ រៀល/គ.ក្រ។ អ្នកកែច្នៃត្រីប្រម៉ា អាចចំណេញបានចន្លោះពី ១០.០០០ ទៅ ១២.០០០ រៀល/គ.ក្រ ត្រីងៀតលេខ២ ចន្លោះពី ៦.០០០ ទៅ ១០.០០០ រៀល/គ.ក្រ។
- ស្ថានភាពនៃការកែច្នៃប្រហុក នៅដើមរដូវបើកនេសាទនេះ មានសកម្មភាពកែច្នៃដែលមានបរិមាណត្រីច្រើនជាងគេគឺឃុំឆ្នុកទ្រូ (ទីតាំងឡើងត្រី)។|
- ទំហំត្រីយកមកធ្វើការកែច្នៃប្រហុកនៅមានទំហំតូចនៅឡើយ ប៉ុន្តែមានតម្លៃថ្លៃ ២.០០០រៀល/គ.ក្រ។
- ចំពោះទីផ្សារលក់ផលិតផលកែច្នៃរបស់អ្នកកែច្នៃ គ្មានការជួយជ្រោមជ្រែងពីស្ថាប័នជំនាញពាក់ព័ន្ធនោះទេ។
សូមជម្រាបជូនថា៖ សកម្មភាពការកែច្នៃធនធានជលផល និងចរន្តអាជីវកម្មនៅខេត្តកំពង់ឆ្នាំង គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឲ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៣ របស់អាជ្ញាធរទន្លេសាប ។ សកម្មភាពខាងលើនេះ មានគោលបំណង៖
- តាមដានបរិមាណត្រីស្រស់ ប្រភេទនៃការកែច្នៃ និងបច្ចេកទេសនៃការកែច្នៃតាមប្រភេទនីមួយៗ
- សិក្សាការវិវត្តន៍នៃទីផ្សារតាមតំបន់នីមួយៗ។