លោក ស្រ៊ុន ស៊ី​លីន អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស បន្តសកម្មភាព​សិក្សា​វាយតម្លៃ និង​ផលចំណេញ​សេដ្ឋកិច្ច​ក្នុង​ផលិតកម្ម​ស្រូវប្រាំង​នៅ​វាលទំនាប​បឹង​ទន្លេសាប ខេត្តកំពង់ធំ

​នា​ថ្ងៃ​សុក្រ ៦​កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០២៣ មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ស្រ៊ុន ស៊ី​លីន អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ធ្វើការ​សិក្សាកា​រវិ​ភាគ​តម្លៃ និង​ផលចំណេញ​ក្នុង​ផលិតកម្ម​ស្រូវ​នៅ​វាលទំនាប​បឹង​ទន្លេសាប នៅ​ឃុំ​បារាយណ៍ ឃុំ​បឹង និង​ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ 

​ការសិក្សា​នេះ ទទួលបាន​លទ្ធផល​ប​ឋ​ម ដូចខាងក្រោម​៖
- ផ្ទៃដី​ស្រែប្រាំង​ក្នុងស្រុក​បារាយណ៍​មាន​ចំនួន ១៩,៨៣៧ ហិកតា ក្នុង​តំបន់​២
- ធ្វើស្រែ​ប្រាំង​បាន ២​ដង ក្នុង​មួយឆ្នាំ​
- ទិន្នផល​បាន ៥ ទៅ ៦ តោន ក្នុង​មួយ​ហិកតា 
- ការធ្វើ​ស្រែប្រាំង​របស់​ក​សិ​ករ​ក្នុង​តំបន់​នេះ ចំណាយ​អស់​ប្រមាណ ៤ លាន​រៀល​/​ហ​ត ដូចជា ថ្លៃ​ពូជស្រូវ ថ្លៃ​ជួល​ភ្ជួរ​រាស់ ជួល​បាច​ជី ជួល​ព្រួស ជួល​បាញ់ថ្នាំ ជួល​ច្រូត ជួល​ដឹកជញ្ជូន ថ្លៃ​ថ្នាំ​-​ជីគីមី និង​ប្រេង​/​សាំង​។​
- ចំណេញ​បាន​ប្រមាណ ២,០០០,០០០ ទៅ ២,៥០០,០០០ រៀល ក្នុង​មួយ​ហិកតា​
- ប្រជាកសិករ​មួយចំនួនធំ​ក្នុង​ឃុំ​បារាយណ៍ ជួល​ដីស្រែប្រាំង​ពី​ក្រុមហ៊ុន​ចិន ចន្លោះ ពី ០៥ ទៅ​១០​ហិកតា​ក្នុង មួយ​គ្រួសារ មានតម្លៃ ១៥០$/​ហ​ត និង ទិញ​ទឹក​តម្លៃ ៧០$/​ហ​ត​។   

​សូម​ជម្រាបជូន​ថា​៖ សកម្មភាព​សិក្សា​វាយតម្លៃ និង​ផលចំណេញ​សេដ្ឋកិច្ច​ក្នុង​ផលិតកម្ម​ស្រូវប្រាំង​នៅ​វាលទំនាប​បឹង​ទន្លេសាប ខេត្តកំពង់ធំ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព ដែល​ត្រូវ​បានអនុម័ត​ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​ដើម្បី​៖
- វិភាគ​ចរន្ត​សេដ្ឋកិច្ច​ពី របរ​ស្រែប្រាំង​ក្នុង​តំបន់​សិក្សា​
- វិភាគ​ថ្លៃដើម​ផលិតកម្ម និង​ផលិតផល​ផលិតកម្ម​ស្រែប្រាំង​
- ស្វែងយល់ និង​វិភាគ​ចំណូល​ចំណាយ​ពី​ការធ្វើ​របរ​ស្រែប្រាំង​
- បញ្ហា​ប្រឈម​ក្នុង​ការងារ​ធ្វើស្រែ​របស់​ប្រជាពលរដ្ឋ​
- ចងក្រង​ជា​ឯកសារ​ពី​តម្លៃ​ស្រូវ ទីផ្សារ ទិន្នផល ពូជស្រូវ​តាម​ឆ្នាំ​/​តំបន់​។