នាថ្ងៃសុក្រ ០៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក ខ្វាន់ ភត្ត្រា អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការត្រួតពិនិត្យតាមដានសូចនាករកម្រិតនៃការអនុវត្តការគ្រប់គ្រងធនធានទឹកចម្រុះ លើកទី៣ ក្រោមអធិបតីភាព ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម នៅសណ្ឋារគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ។ សិក្ខាសាលាពិគ្រោះយោបល់ មានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង, ខេត្ដកណ្តាល, ខេត្ដកំពង់ធំ, ខេត្ដបាត់ដំបង, ខេត្ដក្រចេះ, ខេត្តរតនគិរី និងតំណាងក្រសួង ស្ថាប័នជាតិ វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ សហគមន៍ អង្គការមិនមែនរាជរដ្ឋាភិបាល និងទីប្រឹក្សាជាតិ។
សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណង ដើម្បីប្រមូលធាតុចូល និងវាយតម្លៃរួមគ្នា និងស្វែងយល់ពីការអនុវត្តគម្រោងសកម្មភាពនានាក្នុងវិស័យធនធានទឹក ក្នុងការឆ្លុះបញ្ចាំងពីចំណុចខ្វះខាត បញ្ហាប្រឈមនានា និងកំណត់នូវសកម្មភាព មធ្យោបាយ ដែលជាធាតុចូលដ៏មានប្រសិទ្ធភាព លើការគ្រប់គ្រងធនធានចម្រុះនៅកម្ពុជាឱ្យកាន់តែមានសុក្រឹតភាព និងល្អគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
អង្គសិក្ខាសាលាបានពិភាក្សា និងត្រួតពិនិត្យសូចនាករ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals-SDG 6.5.1) ដែលមានសមាសភាព៤ រួមមាន៖
១. បរិយាកាសអំណោយផល (នយោបាយ ច្បាប់ ផែនការនានា)
២. ស្ថាប័ន និងការចូលរួម (ប្រភេទ និងតួនាទីនៃស្ថាប័ននយោបាយ សង្គម សេដ្ឋកិច្ច និងរដ្ឋបាល និងក្រុមអ្នកពាក់ផ្សេងៗ )
៣. ឧបករណ៍គ្រប់គ្រង (ឧបករណ៍ និងសកម្មភាពដែលជួយដល់អ្នកធ្វើការសម្រេចចិត្ត)
៤. ហិរញ្ញប្បទាន (ការរៀបចំថវិកា និងហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក)។
អង្គសិក្ខាសាលាបានពិគ្រោះយោបល់ និងការផ្តល់ពិន្ទុតាមសមាសភាព ៤ ខាងលើ ផ្អែកតាមស្ថាប័នពាក់ព័ន្ធនានា បានផ្តល់តម្លៃពិន្ទុជាមធ្យម នៃសមាភាពទាំង៤ សម្រាប់ឆ្នាំ២០២៣ ស្មើ នឹង ៦៦ពិន្ទុ ឃើញថាកើន ៧ពិន្ទុ បើប្រៀបធៀបនឹងឆ្នាំ២០២០ មានត្រឹមតែ៥៩ ពិន្ទុ ក្នុងនោះផ្តោតលើ៖
១. បរិយាកាសអំណោយផល មានពិន្ទុ ៧៤
២. ស្ថាប័ន និងការចូលរួម មានពិន្ទុ ៧៥
៣. ឧបករណ៍គ្រប់គ្រង មានពិន្ទុ ៦៣
៤. ហិរញ្ញប្បទាន មានពិន្ទុ ៥២ ។
សូមជម្រាបជូនថា៖ ការតាមដាន និងត្រួតពិនិត្យសកល នៃសូចនាករ SDG 6.5.1 ស្តីពី “កម្រិតនៃការអនុវត្តការគ្រប់គ្រងធនធានទឹកចម្រុះ” ដែលស្ថិតក្រោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ (SDG 6) ស្តីពី “ធានាឱ្យមានទឹក និងអនាម័យ និងការគ្រប់គ្រងទឹក និងអនាម័យប្រកបដោយចីរភាពសម្រាប់ប្រជាជនគ្រប់រូប” ស្របតាមទម្រង់ ( Format) និងលក្ខណៈវិនិច្ឆ័យ (Criteria) ធ្វើឡើងជាទៀងទាត់រៀងរាល់ ៣ឆ្នាំម្តង៕