ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំពិភាក្សាពីដំណើរការអនុវត្តការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប

​រាជធានី​ភ្នំពេញ ៖ ដោយ​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែភទ្របទ ឆ្នាំថោះ ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ពី​ដំណើរការ​អនុវត្ត​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ អគ្គលេខាធិការរង ទីប្រឹក្សា ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​ប្រធានការិយាល័យ សរុប​ចំនួន ២៧​នាក់​។​

​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ពិភាក្សា​ពី​ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា​ប្រឈម និង​ផ្តោត​សំខាន់​អំពី​លទ្ធផល នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ ក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​របស់​អាជ្ញាធរ​ទន្លេ​សាប ។ នៅក្នុង​កិច្ចប្រជុំ​មានការ​ចូលរួម​យ៉ាង​ផុលផុស ពិភាក្សា ផ្តល់​គំនិត​ធាតុ​ចូល និង​បទពិសោធន៍​ល្អៗ ដែល​ធ្លាប់បាន​ឆ្លងកាត់​កន្លងមក សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​បន្ថែមទៀត​ក្នុង​ការចុះ​សិក្សា​ស្រាវជ្រាវ រៀបចំ​របាយការណ៍​ពី​លទ្ធផល ផ្តល់យោបល់​ជូន​ថ្នាក់ដឹកនាំ  ។ 

​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម​ប្រធាន​អង្គប្រជុំ​បាន​ណែនាំ​ដល់​នាយកដ្ឋាន​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន​ត្រូវខិតខំ​យកចិត្តទុកដាក់ បន្ត​អនុវត្ត​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​2023 និង​គិតគូរ​គ្រោង​ផែនការ​សកម្មភាព​ឆ្នាំ​2024 របស់ខ្លួន​អោយស្រប​តាម​តួនាទី​ភារកិច្ច លិខិតបទដ្ឋាន​នានា និង​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ។