នាថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមន្ត្រីនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដឹកនាំដោយ លោក អុល សុជាតិ ប្រធានការិយាល័យសម្របសម្រួលវិវាទ បានបន្តចុះអនុវត្តសកម្មភាពពង្រឹងបណ្តាញទំនាក់ទំនងការងារជាមួយអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅខេត្តបាត់ដំបង ។
ក្នុងពេលបំពេញការងារអនុវត្តសកម្មភាពខាងលើ ក្រុមការងារបានជួបជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដូចជា ៖
១. ជួបពិភាក្សាស្វែងយល់ និងប្រមូលទិន្នន័យ-ព័ត៌មាន ជាមួយនឹងខណ្ឌជលផល ខេត្តបាត់ដំបង
២. ជួបពិភាក្សា និងប្រមូលទិន្នន័យ-ព័ត៌មានជាមួយអាជ្ញាធរឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៣. ជួបពិភាក្សា និងប្រមូលទិន្នន័យ-ព័ត៌មានជាមួយសហគមន៍នេសាទព្រែកឆ្តោរ។
ជាមួយនឹងការអនុវត្តន៍សកម្មភាពក្នុងតំបន់សិក្សាខាងលើ ជាលទ្ធផលបឋម ទទួលបានដូចខាងក្រោម៖
១. ស្ថានភាពទូទៅនៃសហគមន៍នេសាទព្រែកឆ្តោរ មានសមាជិកសរុប ៨៣០នាក់ ស្រី៣០០នាក់ ដែលបានបោះឆ្នោតចុងក្រោយក្នុងឆ្នាំ ២០២២និងមានសមាជិកគណៈកម្មការសហគមន៍ចំនួន៧នាក់ ស្រី ១នាក់។ សមាជិកគណៈកម្មការសកម្មមានចំនួន ៥នាក់។ សហគមន៍មានបឹងអភិរក្សចំនួន ១កន្លែង គឺ បឹងឆ្កែកូន មានទំហំ ១៥០ម x ៧០០ម។ សហគមន៍មួយនេះ បាន និងកំពុងអនុវត្តន៍កាងារនៅមានចន្លោះប្រហោងជាច្រើន ដែលបណ្តាលអោយប្រសិទ្ធភាពការងារមានការចុះខ្សោយ។ ព្រៃលិចទឹកនៅដែនសហគមន៍រងការបំផ្លិចបំផ្លាញអស់ប្រមាណជាង ៦០% ដោយសារកត្តាភ្លើងឆេះព្រៃ និងការរានដីព្រៃលិចទឹកធ្វើកសិកម្ម។
២. បញ្ហាប្រឈម ៖ ចំណេះដឹង និងសមត្ថភាពគណៈកម្មការនៅមានកម្រិត។ ភាពខ្វែងគំនិតគ្នាក្នុងការអនុវត្តការងាររួមទាំង កង្វះសម្ភារៈ មធ្យោបាយ ថវិកាក្នុងការចុះល្បាត។ កត្តាប្រជាពលរដ្ឋក្នុងសហគមន៍មិនត្រឹមតែការចូលរួមថែរក្សាធនធានធម្មជាតិប៉ុណ្ណោះទេ ថែមទាំងបានចូលនេសាទក្នុងតំបន់អភិរក្សជារឿយៗ។ ការប្រើប្រាស់ជី ថ្នាំគីមីលើដីកសិកម្មជុំវិញតំបន់អភិរក្សនៅតែបន្តកើតមាន ដែលបណ្តាលអោយមានត្រីពុលជារៀងរាល់ឆ្នាំផងដែរ។
ដោយឡែក គិតត្រឹមខែតុលា ឆ្នាំ២០២៣ នេះ ស្ថាប័នជំនាញពាក់ព័ន្ធ បានបំពេញការងារ និងបានសហការធ្វើការបង្ក្រាបបទល្មើសនេសាទ ក៏ដូចជាការចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ ទទួលបានលទ្ធផលសម្រេចបានការដកហូត និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ រួមមាន៖
- បញ្ជូនសំណុំរឿងបទល្មើសនេសាទទៅតុលាការចំនួន ៥ ករណី
- ឧបករណ៍ឡុក បានចំនួន ១៥៨គ្រឿង
- ឧបករណ៍លូស្បៃម៉ុងចំនួន ១៥មាត់
- ឧបករណ៍របាំងស្បៃម៉ុងប្រវែង ៣៩,០៥០ម៉ែត្រ
- ឧបករណ៍របាំងសាច់មងប្រវែង ៤៥០ម៉ែត្រ
- ឧបករណ៍ មងរាយប្រវែង ១៥០ម៉ែត្រ
- អាគុយចំនួន ៨គ្រឿង
- បង្គោលចំនួន ១៣,៦៥០ដើម
- បានប្រលែងត្រីចូលបឹងធម្មជាតិចំនួន ១,០៥៣គីឡូក្រាម។
សូមជម្រាបជូនថាៈ សកម្មភាពចុះសិក្សាសកម្មភាពពង្រឹងបណ្តាញទំនាក់ទំនងការងារជាមួយអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន មានគោលបំណង ដើម្បីបង្កើតបណ្តាញទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិ ក្នុងការចែករំលែកចំណេះដឹង ទិន្នន័យ ព័ត៌មានពីការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិប្រកបដោយចីរភាពនៅតំបន់ជុំវិញបឹងទន្លេសាប។