លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី ១ ស្តីពី​សំណើ​គម្រោងការ​បន្ថែម​សមត្ថភាព​ផលិត ថាមពល​ពី​ទួ​ប៊ី​ន​ចំនួន​០៤ ទៅ​ទួ​ប៊ី​ន​ចំនួន ០៥ នៃ​គម្រោង​វា​រី​អគ្គិសនី ដន​សា​ហុង (DSHPP Extension) របស់​ប្រទេស​ឡាវ នៅ​ទ

​នា​ថ្ងៃ​ចន្ទ ២ កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ត្រូវបាន​ចាត់​អោយទៅ​ចូលរួម​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី ១ ស្តីពី​សំណើ​គម្រោងការ​បន្ថែម​សមត្ថភាព​ផលិត ថាមពល​ពី​ទួ​ប៊ី​ន​ចំនួន ០៤ ទៅ​ទួ​ប៊ី​ន​ចំនួន ០៥ នៃ​គម្រោង​វា​រី​អគ្គិសនី ដន​សា​ហុង (DSHPP Extension) របស់​ឡាវ ដែល​បាន​ដឹកនាំ និង​សម្របសម្រួល​ដោយ ឯកឧត្តម តែ​ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (​គជ​ទម​ក​) ដែលមាន​សមាសភាព​ចូលរួម​ពី​មន្ត្រី​តំណាង​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​, ក្រសួងបរិស្ថាន​, ក្រសួង​រ៉ែ និង​ថាមពល​, អាជ្ញាធរ​ទន្លេសាប​, អគ្គស​នី​កម្ពុជា​, មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត និង​សហគមន៍​នេសាទ នៃ​ខេត្តស្ទឹងត្រែង​, ក្រចេះ​, កំពង់ចាម​, កំពង់ធំ​, កំពង់ឆ្នាំង មន្ត្រី និង​ទីប្រឹក្សា គ​.​ជ​.​ទ​.​ម​.​ក វិទ្យាស្ថាន និង​គ្រឹះស្ថាន​អប់រំ អង្គការក្រៅរដ្ឋាភិបាល និង​ជំនាញការ​ជាតិ និង​តំបន់ (MRS) សរុប​អ្នកចូលរួម​ប្រមាណ​ចំនួន ២៨ រូប ។​

​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ គឺ​ដើម្បី​៖ 
១. ខ្លឹមសារ​សង្ខេប​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ ១៩៩៥ នីតិវិធី ស្តីពី​ការជូនដំណឹង ការពិគ្រោះ​យោបល់​ជាមុន និង​ការព្រមព្រៀង (PNPCA)  ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន សម្រាប់​សំណើ​គម្រោង​វា​រី​អគ្គិសនី ដន​សា​ហុង (DSHPP) និង​ស្ថានភាព​បច្ចុប្បន្ន នៃ​សំណើ​គម្រោងការ​បន្ថែម​សមត្ថភាព​ផលិត​ថាមពល​ពី ទួ​ប៊ី​ន​ចំនួន ០៤ ទៅ​ទួ​ប៊ី​ន​ចំនួន ០៥ នៃ DSHPP ។​
២. យល់ដឹង​ពី​ឯកសារ​សំណើ​គម្រោងការ​បន្ថែម​សមត្ថភាព​ផលិត​ថាមពល​ពី​ទួ​ប៊ី​ន​ចំនួន ០៤ ទៅ​ទួ​ប៊ី​ន ចំនួន ០៥ នៃ​គម្រោង​វា​រី​អគ្គិសនី ដន​សា​ហុង (DSHPP) ដែល​បាន​ដាក់ជូន​ពិនិត្យ​ជា​ផ្លូវការ​ដោយ​ភាគី​ឡាវ ។​
៣. ជូនជ្រាប​របាយការណ៍​សិក្សា ស្តីពី​ការពិនិត្យ​បច្ចេកទេស​ឡើងវិញ លើ​សំណើ​គម្រោងការ​បន្ថែម​សមត្ថភាព​ផលិត​ថាមពល​ពី​ទួ​ប៊ី​ន​ចំនួន ០៤  ទៅ​ទួ​ប៊ី​ន​ចំនួន ០៥ នៃ DSHPP  ដែល​បានរៀបចំ​ដោយ​លេខាធិការដ្ឋាន MRC ផ្អែកលើ​ឯកសារ​ដែល​បាន​ដាក់ជូន​ពិនិត្យ​ជា​ផ្លូវការ​ដោយ​ភាគី​ឡាវ ។​
៤. ការ​ផ្តល់យោបល់ និង​ទស្សនៈ​នានា ស្តីពី​សំណើ​គម្រោងការ​បន្ថែម​សមត្ថភាព​ផលិត​ថាមពល​ពី​ទួ​ប៊ី​ន​ចំនួន ០៤ ទៅ​ទួ​ប៊ី​ន​ចំនួន ០៥ នៃ DSHPP និង​របាយការណ៍​សិក្សា​ពិនិត្យ​បច្ចេកទេស​ឡើងវិញ​នៃ DSHPP ដែល​បានធ្វើ​បច្ចុប្បន្នភាព​។​
៥. ការបែងចែក​ក្រុម​ពិភាក្សា​ចំនួន ០៣ ដើម្បី​ពិភាក្សា​លើ Updated TRR ទាក់ទង​នឹង​៖ ជលសា​ស្ត្រ​, សុវត្ថិភាព​ទំនប់​, នាវាចរណ៍​, ជលផល​, កំណក​កករ​ល្បាប់​, គុណភាព​ទឹក​, អេកូឡូស៊ី​, បរិស្ថាន និង​សង្គម​-​សេដ្ឋកិច្ច ។​

​ជាមួយនឹង​អង្គប្រជុំ​ពិគ្រោះ​យោបល់​ខាងលើ ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖
- ស្នើសុំ​ពិនិត្យ និង​សិក្សា​បន្ថែម​លើ​ផលប៉ះពាល់​បរិស្ថាន​ធម្មជាតិ និង​សង្គម​-​សេដ្ឋកិច្ច​។​
- សិក្សា​បន្ថែម​លើផ្លូវ​នាវាចរណ៍​, លំហូរ​ទឹក​, ជលផល (​ចរាចរណ៍​ត្រី​), កំណក​កករ និង​គុណភាព​ទឹក​។​
- សិក្សា​បន្ថែម និង​បន្ត​សិក្សា​លំអិត​លើ​ស្ថានភាព​ធនធានធម្មជាតិ​ផ្នែក​ខាងក្រោម (​ព្រៃ​លិច​ទឹក​, តំបន់​រ៉ា​ម​សារ និង​ជីវចម្រុះ​...)​។​
- ពិនិត្យ និង​វាយតម្លៃ​លើ​ការងារ​គ្រប់គ្រង​ទ្វារ​ទឹក (​បិទ​-​បើក​) តើ​ពិត​ក្នុង​កម្រិតណា បើ​គម្រោង​ខាងលើ​គឺ​ដំណើរការ​តែ​នៅ​រដូវវស្សា (​មិន​ដំណើរការ​នៅ​រដូវប្រាំង​)​។​
- កម្ពុជា​ត្រូវការ​ឡាវ​ផ្តល់​ទិន្នន័យ​-​ព័ត៌មាន​ជាប្រចាំ​ពាក់ព័ន្ធ​ដំណើរការ​ស្ថានីយ​វា​រី​អគ្គស​នី ។​
- ស្នើសុំ​ពិនិត្យ និង​ពិភាក្សា​លើ​ផែនការ​ឆ្លងដែន និង​ផលប៉ះពាល់​ផ្សេងៗ ។​
- ស្នើ​គម្រោង​សិក្សា​បន្ថែម និង​យោង​លើ​ឯកសារ​សិក្សា​ពី​ភាគី និង​ជំនាញការ​ផ្សេងៗ ដើម្បី​វាយតម្លៃ​លើ​ផលប៉ះពាល់​ទំនប់​ដន​សា​ហុង និង​ក្រៅពី​គម្រោង​ក្នុងការ​វាយតម្លៃ​លម្អិត របស់​គម្រោង និង​ផ្នែក​ខាងក្រោម ព្រមទាំង​ទន្លេសាប ។