នាថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេស នៃគម្រោងសិក្សាគំរូបច្ចេកវិទ្យាសង្កេត និងបញ្ជូនទិន្នន័យជលសាស្ត្រសម្រាប់អាងទន្លេសាប ប្រទេសកម្ពុជា (Pilot Project of Hydrological Data Observation and Transmission Technology for Tonle Sap Basin in Cambodia) ដឹកនាំដោយលោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងជាអនុប្រធានគម្រោង បានបន្តចុះធ្វើការពិនិត្យ-ផ្ទៀងផ្ទាត់ទិន្នន័យកម្ពស់ទឹក និងកម្រិតទឹកភ្លៀង (Server) ស្ថានីយចំនួន ០៥ស្ថានីយ នៅ ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់ និងខេត្តបាត់ដំបង មក Master Station អទស។
ដោយមានការជួយបច្ចេកទេសពីចម្ងាយរបស់ក្រុមជំនាញនៃវិទ្យាស្ថានស្រាវជ្រាវជលសាស្ត្រ និងស្វ័យប្រវត្តិកម្ម ការអភិរក្សទឹកណានជីង (NIHWA) នៃក្រសួងធនធានទឹកចិន ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យរួមគ្នា ដែលជាលទ្ធផលទទួលបាន ដូចខាងក្រោម៖
- ស្ថានីយឆ្នុកទ្រូ (AWS, HR): កម្រិតកំពស់ទឹក ៧.១៧ម និងកម្រិតទឹកភ្លៀងសរុប ៨៥៩មម គិតចាប់ពីស្ថានីយដាក់ដំណើរ រហូតដល់បច្ចុប្បន្ន។
- ស្ថានីយបាក់ត្រកួន (AWS and HQR): កំពស់ទឹកមាន ២.៣៨ម និងផលបូកកម្រិតទឹកភ្លៀងសរុប ៧២៩មម។
- ស្ថានីយច្រាំងចោត(H.R): កំពស់ទឹក ៣.៩០ម និងផលបូកកម្រិតទឹកភ្លៀងសរុប ៧៩៣មម។
- បានពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ព័ត៌មានឧតុនិយម និងកម្រិតទឹកភ្លៀង ពីស្ថានីយឧតុនិយម AWS ចំនួន ០២ស្ថានីយ គឺស្ថានីយស្ថិតនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង និងស្ថានីយស្ថិតស្ទឹងពោធិ៍សាត់ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
- បានពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យ ព័ត៌មានកម្ពស់ទឹក ពីស្ថានីយជលសាស្ត្រ H.R ចំនួន ០២ស្ថានីយ គឺស្ថិតនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង និងស្ថានីយស្ទឹងសង្កែ (ស្ពានច្រាំងចោត), ស្រុកបាណន ខេត្តបាត់ដំបង។
- បានរៀបចំតេស្តិ៍សាកល្បងការភ្ជាប់បណ្តាញ (Set up for Configuration) បញ្ជួនទិន្នន័យ ព័ត៌មានជលសាស្ត្រ ពីស្ថានីយ H. Q.R ស្ថិតស្ទឹងពោធិ៍សាត់ (ស្ពានបាក់ត្រកួន) ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
- ការធ្វើតេស្តសាកល្បង (System Test situation) ដូចជា ការផ្តល់ថាមពល អាគុយ-សូឡា(power supply)
- បានធ្វើការថែទាំស្ថានីយ ដូចជា លាងសម្អាតតម្រងទឹកភ្លៀង និងក្តារម៉ែត្រ ផ្ទាំងសូឡា កាប់សម្អាតមែកឈើជុំវិញទីធ្លារ ស្ថានីយ។
សូមជម្រាបជូនថា៖ អាជ្ញាធរទន្លេសាប បានធ្វើកិច្ចសហការជាមួយវិទ្យាស្ថានស្រាវជ្រាវជលសាស្ត្រ និងស្វ័យប្រវត្តិកម្ម ការអភិរក្សទឹកណានជីង (NIHWA) នៃក្រសួងធនធានទឹកចិន ក្នុងការអនុវត្តគម្រោងសិក្សាគំរូបច្ចេកវិទ្យាសង្កេត និងបញ្ជូនទិន្នន័យជលសាស្ត្រសម្រាប់អាងទន្លេសាប ប្រទេសកម្ពុជា (Pilot Project of Hydrological Data Observation and Transmission Technology for Tonle Sap Basin in Cambodia) ដែលមានចំនួន ១១ ស្ថានីយ លើទីតាំង ៨ កន្លែង សម្រាប់ប្រមូលទិន្នន័យរបបជលសាស្ត្រ និងអាកាសធាតុ នៅតំបន់ជុំវិញអាងទន្លេសាប ដែលបានចាប់ផ្តើមដំណើរសាងសង់ នៅខែមករា ឆ្នាំ២០២៣ និងបានបញ្ចប់ការដំឡើងស្ថានីយនៅខែមីនា ឆ្នាំ២០២៣ ។ ស្ថានីយទាំង ១១ រួមមាន៖
- ស្ថានីយមជ្ឈមណ្ឌលរក្សាទិន្នន័យចំនួន ០១ (Master station-Sever) នៅអាជ្ញាធរទន្លេសាប និងស្ថានីយជលសាស្ត្រ និងឧតុនិយមស្វ័យប្រវត្តិទាំង ១១ ស្ថានីយ ជុំវិញតំបន់អាងទន្លេសាប មាន៖
- មាន ០៤ ស្ថានីយជលសាស្ត្រ ឮ (H.R):ដែលខេត្តកំពង់ធំ ចំនួន ០១ ស្ថានីយ (ស្ទឹងជីនីត), ខេត្តបាត់ដំបង ចំនួន ០២ ស្ថានីយ(តំបន់ព្រែកទាល់ និងស្ទឹងសង្កែ-ច្រាំងចោត) និងខេត្តកំពង់ឆ្នាំង ចំនួន០១ ស្ថានីយ (តំបន់ឆ្នុលទ្រូ)។
-មាន ០៣ស្ថានីយជលសាស្ត្រ និងឧតុនិយម (ADCP, H.Q.R) : ខេត្ត កំពង់ធំ ចំនួន ០១ ស្ថានីយ(ស្ទឹងសែន), ខេត្តសៀមរាប ចំនួន ០១ ស្ថានីយ (ស្ទឹងស្រែង) និងខេត្តពោធិ៍សាត់ចំនួន ០១ ស្ថានីយ (ស្ទឹងពោធិ៍សាត់-បាក់ក្រកួន)។
- មាន ០៤ ស្ថានីយឧតុនិយម (AWS): ខេត្តកំពង់ធំ ០២ ស្ថានីយ (តំបន់ពាមបាង និងស្ទឹងសែន(តាអោក) , ខេត្តកំពង់ឆ្នាំង ចំនួន ០១ ស្ថានីយ(តំបន់ឆ្នុកទ្រូ) និងខេត្តពោធិ៍សាត់ ចំនួន ០១ ស្ថានីយ (ស្ទឹងពោធិ៍សាត់- បាក់ត្រកួន)៕