ទិដ្ឋភាព ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ នៅ​រដូវវស្សា ថ្ងៃទី​៥ ខែតុលា ឆ្នាំ ២០២៣

​ឃុំ​កំពង់​លួង ជា​ឃុំ​មួយ​ក្នុងចំណោម​ឃុំ​ទាំង ១១ របស់​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ស្រុក​ក្រគរ និង​មាន​ចម្ងាយ​ប្រមាណ​ជា ៦ គីឡូម៉ែត្រ​ពី​ទីរួមស្រុក ដែលមាន​ព្រំប្រទល់​ខាងត្បូង​ជាប់​នឹង​ឃុំ​អន្លង់ត្នោត និង​ឃុំ​ក្បាល​ត្រាច ខាងលិច​ជាប់​នឹង​ឃុំ​អន្លង់ត្នោត ខាងកើត​ជាប់​នឹង​ឃុំ​ក្បាល​ត្រាច និង​ខាងជើង​ជាប់​នឹង​ពាក់កណ្តាល​បឹង​ទន្លេសាប ខេត្តកំពង់ធំ ដែលមាន​ផ្ទៃដី​សរុប​ចំនួន ៤,២០០​ហ​.​ត​។ ឃុំ​កំពង់​លួង មាន ០៥​ភូមិ ដែល ០៤​ភូមិ ជា​ភូមិ​បណ្តែត​ទឹក គឺ​ភូមិ​ទី​១ ទី​២ ទី​៣ និង​ភូមិ​ទី​៥ ចំណែក​ភូមិ​ទី​៤ ជា​ភូមិ​នៅលើ​ដីគោក ដូច្នេះ​ផ្ទះ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ភាគច្រើន​ជា​ប្រភេទ​ផ្ទះ​ផែបណ្តែត​ទឹក (​ផ្ទះ​បណ្តែត​ទឹក​)​។ ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​ប្រមាណ​ជា ៥០% ពឹងផ្អែក​ទៅលើ​របរ​នេសាទ ជា​ចម្បង និង​ផ្នែក​សេវាកម្ម​ប្រមាណ ២៥% មានដូចជា អាជីវកម្ម​ទិញ​ត្រី លក់ដូរ​គ្រឿងទេស និង​អ្នក​ដឹក​ភ្ញៀវ ៣% ចិញ្ចឹម​ត្រី ១០%, ធ្វើស្រែ​ចំការ ៧% និង​សប្ប​កម្ម ៥% ។​