នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានធនធានធម្មជាតិ ដឹកនាំដោយ លោក វិន ប៊ុនពៅ បានបន្តចុះសិក្សា ស្តីពីបច្ចុប្បន្នភាពប្រព័ន្ធធារាសាស្ត្រ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំជ្រៃ ស្រុកមោងឬស្សី និងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ការចុះសិក្សានេះ ក្រុមការងារបានជួបពិភាក្សា និងសាកសួរព័ត៌មានជាមួយអាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងការចុះដល់ទីតាំងសិក្សា ដើម្បីពិនិត្យស្ថានភាពការប្រើប្រាស់ប្រព័ន្ធស្រោចស្រព និងស្ថានភាពបង្កបង្កើនផលរបស់ប្រជាពលរដ្ឋទូទៅ ។
ជាមួយនឹងសកម្មភាពនេះ ការចុះសិក្សាស្រាវជ្រាវខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម ៖ទី១. មានប្រព័ន្ធធារាសាស្ត្រ សរុប ៧ខ្សែ (ប្រឡាយមេ ៥ខ្សែ, ប្រឡាយរង ២ខ្សែ និងផ្លូវជណ្តើរត្រី ២) ប្រវែងសរុប ១៥,០០០ម៉ែត្រ និងមានសំណង់ស្ទាក់ទឹក ១០កន្លែង ។ មានលទ្ធភាពស្រោចស្រពបាន ១២,៤០០ហិកតា ។
ទី២. ប្រព័ន្ធធារាសាស្ត្ររាមគន់ ទឹកមានកម្ពស់ ១៤.៥ម៉ែត្រ និងប្រព័ន្ធធារាសាស្ត្រទំនប់សាលាតាអន ទឹកមានកម្ពស់ ១១.៣ម៉ែត្រ ។
ទី៣. ទ្វាទឹក របស់ប្រព័ន្ធធារាស្ត្រ ទាំង ២ គឺត្រូវបានបើក ១០០% ពីព្រោះក្នុងពេលចុះសិក្សាស្ថានភាពទឹកនៅផ្នែកខាងលើ មានភ្លៀងធ្លាក់ខ្លាំង និងបង្កមានទឹកជំនន់នៅតាមតំបន់មួយចំនួន ជាពិសេសតំបន់វាលទំនាប និងដីស្រែ ។
ទី៤. ប្រព័ន្ធធារាសាស្ត្ររាមគន់ ចាប់ផ្តើមសាងសង់ នៅឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់ នៅឆ្នាំ ២០២១ និងប្រព័ន្ធធារាសាស្ត្រសាលាតាអន ចាប់ផ្តើមសាងសង់ នៅឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់ នៅឆ្នាំ ២០២១ ។
សូមជម្រាបជូនថា ៖ សកម្មភាពចុះសិក្សា ស្តីពីបច្ចុប្បន្នភាពប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តបាត់ដំបង នៃខេត្តទាំង ៦ ជុំវិញតំបន់ទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឲ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៣ របស់ការិយាល័យធនធានទឹក នៃនាយកដ្ឋានធនធានធម្មជាតិរបស់អាជ្ញាធរ ទន្លេសាប ។
សកម្មភាពខាងលើនេះ មានគោលបំណងដើម្បី ៖
- ប្រមូលព័ត៌មាន-ទិន្នន័យ និងបច្ចុប្បន្នភាពស្តីពីប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តទាំង ៦ ជុំវិញតំបន់ទន្លេសាប។
- ពិនិត្យវាយតម្លៃលើការប្រើប្រាស់ទឹក និងគ្រប់គ្រងធនធានទឹក ក្នុងខេត្តទាំង ៦ ជុំវិញតំបន់ទន្លេសាប ។