នៅថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមន្ត្រីបច្ចេកទេសនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ដឹកនាំដោយលោក ព្រហ្ម សុគំនិត អនុប្រធានការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ បានបន្តចុះសិក្សាការ អំពី ការវាយតម្លៃលើការធ្វើអាជីវកម្មត្រី ត្រីនុយ វារីវប្បកម្ម និងចរន្តទីផ្សារច្រកចេញ-ចូល ស្ថិតនៅនៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង និងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ខេត្តកំពង់ធំ។
ការចុះសិក្សានេះ ក្រុមការងារស្រាវជ្រាវ បានធ្វើការជាមួយ ៖
១. ជួបសម្ភាសន៍ជាមួយអាជ្ញាធរដែនដី និងវារីវប្បករ។
២. ជួបសម្ភាសន៍ជាមួយប្រជានេសាទ និងអាជីវករទិញ-លក់ត្រី។
៣. ដឹងពីបរិមាណ នៃការធ្វើអាជីវកម្ម និងតម្លៃត្រី។
ជាមួយនឹងសកម្មភាពនេះផងដែរក្រុមការងារចុះសិក្សានៅតំបន់ពាក់ព័ន្ធខាងលើ ជាលទ្ធផលឃើញថា ៖
ទី១. ការធ្វើអាជីវកម្មត្រីមានចំនួន ២ ទីតាំង បរិមាណត្រី ក្នុងមួយទីតាំងជាមធ្យម ៣០០ Kg/ថ្ងៃ និងត្រីនុយជាមធ្យម ២០០ Kg/ថ្ងៃ ។
ទី២. ការធ្វើអាជីវកម្មត្រី និងត្រីនុយ ប្រជានេសាទប្រើប្រាស់ឧបករណ៍នេសាទ មងរាយ បរ សម្រាស់ ឡើរ របាំងស្បៃមុង....។
ទី៣. តម្លៃត្រីសម្រាប់ហូបមានតម្លៃចន្លោះ ១៥.០០០-៥០.០០០ រៀល/គីឡូក្រោម និងតម្លៃត្រីនុយ ចន្លោះ ៨០០-១.៥០០ រៀល/គីឡូក្រាម ។ ត្រីសម្រាប់បរិភោគអាជីវករលក់ក្នុងតំបន់ និងមួយចំនួនទៀតលក់នៅផ្សារទីរួមខេត្ត ចំណែកត្រីនុយលក់អោយវារីវប្បករនៅក្នុងតំបន់។
ទី៤. ការធ្វើវារីវប្បកម្ម ភាគច្រើនចិញ្ចឹមត្រីក្នុង ស្រះ និងមានបន្តិចបន្តួចចិញ្ចឹមក្នុងបែរតាមស្ទឹង ។ ចំពោះប្រភេទត្រីចិញ្ចឹមភាគច្រេីនគេនិយមចិញ្ចឹមត្រីឆ្តោរ ត្រីរ៉ស់ ត្រីប្រា និងត្រីអណ្តែង។
សូមជម្រាបជូនថា៖ សកម្មភាពចុះសិក្សាវាយតម្លៃលើការធ្វើអាជីវកម្មត្រី ត្រីនុយ វារីវប្បកម្ម និងចរន្តទីផ្សារច្រកចេញ-ចូល គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឲ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់អាជ្ញាធរទន្លេសាប។
សកម្មភាពខាងលើនេះ មានគោលបំណង៖
- សិក្សាតាមដានបរិមាណ នៃការធ្វើអាជីវកម្មធនធានធម្មជាតិត្រី និងត្រីនុយ។
- ប្រភព និងប្រភេទត្រីនុយដែលធ្វើអាជីវកម្មលើវារីវប្បកម្ម។
- ចរន្តទីផ្សារនៃការធ្វើអាជីវកម្មធនធានធម្មជាតិ។