លោក អ៊ូ ទូច ប្រធានការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​ជំនាញ​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី ការកែច្នៃ​ធនធាន​ជលផល និង​ចរន្ត​អាជីវកម្ម​នៅ ខេត្តកំពង់ធំ​

​នៅ​ថ្ងៃ​អង្គារ ៤​រោច ដល់​ថ្ងៃ​សៅរ៍ ៨​រោច ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៧ ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក អ៊ូ ទូច ប្រធានការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សាការ​កែច្នៃ​ធនធាន​ជលផល និង​ចរន្ត​អាជីវកម្ម ស្ថិតនៅ​ក្នុងភូមិ​កំពង់​ចិន ភូមិ​កំពង់ក្តី ភូមិ​ឈើទាល ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង​, ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង និង​ភូមិ​កំពង់​ក្រ​ប៉ៅ សង្កាត់​កំពង់​ក្រ​ប៉ៅ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។ 

​ការចុះ​សិក្សា​នេះ​ក្រុមការងារ​ស្រាវជ្រាវ​បានធ្វើការ​ជាមួយ​៖ 
១. ជួប​សម្ភាសន៍​ជាមួយ​ឈ្មួញកណ្តាល (​អ្នកទិញ​-​លក់​ផល​ជលផល​ស្រស់​)
២. ជួប​សម្ភាសន៍​ជាមួយ​អាជីវករ (​លក់ដុំ និង​លក់រាយ​) និង​អ្នក​កែច្នៃ​ត្រី (​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​មធ្យម​) 

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​បឋម​រក​ឃើញថា ៖ 
​ទី​១. ដឹង​ពី​បរិមាណ​ត្រី​ស្រស់ ប្រភេទ​នៃ​ការកែច្នៃ បច្ចេកទេស​នៃ​ការកែច្នៃ​តាម​ប្រភេទ​នីមួយៗ ដឹង​ពី​ចរន្ត​អាជីវកម្ម និង​ការវិវត្តន៍​នៃ​ទីផ្សារ​។ ស្ថិតិ​អ្នក​កែច្នៃ​ត្រី​នៅ​តំបន់​សិក្សា​ខាងលើ មាន​ចំនួន​ប្រមាណ ៥៧ គ្រួសារ​។​
​ទី​២. ត្រី​បាន​កែច្នៃ​ជា ៦​មុខ ដូចជា ត្រីងៀត ប្រហុក ត្រីឆ្អើរ ផ្អក ត្រី​ប្រ​ម៉ា និង​ត្រី​ហើម ដោយបាន​ប្រើប្រាស់​បរិមាណ​ត្រី​ស្រស់​អស់​ប្រមាណ ១៩.៩៥ គ​.​ក្រ​/៥​ថ្ងៃ​។​
​ទី​៣. ប្រភព​ត្រី​សម្រាប់​ផ្គត់ផ្គង់​ការកែច្នៃ​ត្រី​គឺមាន​ប្រភព​មកពី​ប្រទេស​វៀតណាម  ប្រទេស​ថៃ ការធ្វើ​វារីវប្បកម្ម​ក្នុងស្រុក និង​ត្រី​បឹង​ទន្លេសាប​។​
​ទី​៤. ចំពោះ​ការកែច្នៃ​ត្រី មិនទាន់មាន​លក្ខណៈ​បច្ចេកទេស​នៅឡើយ​ទេ​។​
​ទី​៥. ផលប៉ះពាល់​ដែល​កើតមាន​លើ​កែច្នៃ​ត្រី​៖ ពឹង​ផ្អែកលើ​ត្រី​នាំចូល​ពី​ក្រៅប្រទេស តម្លៃ​ត្រី​ស្រស់​កើន​ថ្លៃ ត្រី​បឹង​ទន្លេសាប​មិនអាច​បំពេញតម្រូវការ​កែច្នៃ ពិបាក​ទុកដាក់​ផលិតផល​សម្រេច និង​ពិបាក​លក់​ផលិតផល​កែច្នៃ​សម្រេច​។ 

​សូម​ជម្រាបជូន​ថា​៖ សកម្មភាព​ការកែច្នៃ​ធនធាន​ជលផល និង​ចរន្ត​អាជីវកម្ម​នៅ​ខេត្តកំពង់ធំ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ។​​សកម្មភាព​សិក្សា​ខាងលើ គឺមាន​គោលបំណង​៖ 
- តាមដាន​បរិមាណ​ត្រី​ស្រស់ ប្រភេទ​នៃ​ការកែច្នៃ និង​បច្ចេកទេស​នៃ​ការកែច្នៃ​តាម​ប្រភេទ​នីមួយៗ​
- សិក្សាការ​វិវត្តន៍​នៃ​ទីផ្សារ​តាម​តំបន់​នីមួយៗ​។