លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ បន្ត​ចុះ​សិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម របស់​ប្រជា​សហគមន៍​នេសាទ​នៅ​ខេត្តពោធិ៍សាត់​

នា​ថ្ងៃ​ពុធ ៥​រោច ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៤ ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​សិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម របស់​ប្រជា​សហគមន៍​នេសាទ ស្ថិតនៅក្នុង ឃុំ​បឹង​បត់​កណ្តោល ស្រុក​បាកាន និង​ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​សកម្មភាព​ការសិក្សា​ជំហាន​១ នេះ ក្រុមការងារ​បាន​ជួប​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ  និង​អាជ្ញាធរ​មូលដ្ឋាន ដូចជា ៖ 
១. ជួបពិភាក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន ជាមួយនឹង​មន្ទីរ​ផែនការ​ខេត្តពោធិ៍សាត់​
២. ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​អាជ្ញាធរ​ឃុំ​បឹង​បត់​កណ្តោល ស្រុក​បាកាន និង​ឃុំ​ក្បាល​ត្រាច នៃ​ស្រុក​ក្រគរ ។​

​ជាមួយនឹង​ការអនុវត្តន៍​សកម្មភាព​ក្នុង​តំបន់​សិក្សា​ខាងលើ ជា​លទ្ធផល​បឋម ទទួលបាន ៖ 
​ក​. ប្រជាសាស្ត្រ : មានគ្រួសារ​សរុប​ចំនួន ៥,៤៣១​គ្រួសារ ស្មើនឹង​ប្រជាពលរដ្ឋ​សរុប ២៤,៤១៨​នាក់ (​ស្រី​១២,២៩០​នាក់​) អត្រា​ភាពក្រីក្រ​ប្រមាណ ១៧% ធៀប​ទៅនឹង​គ្រួសារ​សរុប និង​ពលរដ្ឋ​ចំណាកស្រុក​ក្នុង​-​ក្រៅប្រទេស​មាន​ប្រមាណ​ជា ៣០.៣%​។​
​ខ​. ស្ថានភាព​សេដ្ឋកិច្ច : ប្រជាពលរដ្ឋ​ឃុំ​ទាំងពីរ ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ជា​ចម្បង មាន​ប្រមាណ ៨៧.៥% ដែល​ភាគច្រើន​ធ្វើ​ស្រូវវស្សា និង​ស្រូវប្រាំង​។ និង​មុខរបរ​ចម្បង​ផ្នែក​វិស័យ​សិប្បកម្ម និង​សេវាកម្ម មាន​ប្រមាណ​ជា​១២.៥%​។ ទន្ទឹមនឹង មុខរបរ​ចម្បង ពួកគាត់​ប្រកប​របរ​បន្ទាប់បន្សំ មានដូចជា នេសាទ ដាំ​ដំណាំ​រួមផ្សំ ចិញ្ចឹមសត្វ វារីវប្បកម្ម ជា​កម្មករ​រោងចក្រ​-​សំណង់ លក់ដូរ​គ្រឿងទេស ផ្នែក​ដឹកជញ្ជូន ជាដើម​។​
​គ​. សង្គមកិច្ច 
- វិស័យ​សុខាភិបាល : ប្រជាពលរដ្ឋ​ទទួលបាន​សេវា​សុខភាព​ល្អប្រសើរ​​មាន​ប្រមាណ ៩០% បានទទួល​សេវា​នៅ មណ្ឌល​សុខភាព និង​មាន​បណ្តាញ​ក្រុម​ទ្រទ្រង់​សុខភាព​តាម​ភូមិ​នីមួយៗ ។ 
- សុខភាព​អនាម័យ : ប្រជាពលរដ្ឋ​ប្រមាណ ៦៨.៤៨% មាន​ទឹកស្អាត​ប្រើប្រាស់ និង ៣១.៥២%​បន្ត​ប្រើប្រាស់​ទឹក​ឆៅ​ស្រះ ទន្លេ អណ្តូង និង ៦៩.៨% មាន​បង្គន់​អនាម័យ​ស្តង់ដារ ។​
- សេវាសាធារណៈ : អាជ្ញាធរ​ឃុំ​បាន​ប្រើប្រាស់​ថវិកា​មូលនិធិ​ឃុំ​ប្រកប​ដោយមាន​តម្លាភាព គណនេយ្យ ទាំង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ការផ្ដល់​ប័ណ្ណ​សមធម៌ និង​ផ្ដល់​សេវា​រដ្ឋបាល​ល្អ​ជូន​ប្រជាពលរដ្ឋ ។​

+ ការសិក្សា​ស្វែងយល់​ខាងលើ បានឃើញ​បញ្ហា​ប្រឈម​មួយចំនួន ក្នុងនោះ​រួមមាន ៖
- ផលិតកម្ម​ដំណាំ​ស្រូវ បាន​ចំណាយ​ថ្លៃដើម​ខ្ពស់ (​កម្លាំង​ពលកម្ម ការ​ភ្ជួរ​រាស់ ច្រូតកាត់ និង​ជី​/​ថ្នាំ​កំចាត់​សត្វល្អិត​)
- សិស្ស​មួយចំនួន បាន​បោះបង់​ការសិក្សា​ដើម្បី​ជីវភាព​គ្រួសារ និង​ចំណាកស្រុក​ជាមួយ​ឪពុកម្តាយ 
- ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដាច់ស្រយាល និង​ជាប់​តំបន់​ទន្លេសាប ជួប​លំបាក​ការទទួលបាន​សេវា​សុខភាព និង​អនាម័យ​
- ការអនុវត្ត​ផែនការអភិវឌ្ឍន៍​ឃុំ​នីមួយៗ នៅមានកម្រិត ផ្តោត​សំខាន់​តែ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ 
- បរិស្ថាន​ធនធានធម្មជាតិ​បម្រែបម្រួល​អាកាសធាតុ​ពីមួយ​ឆ្នាំទៅ​ឆ្នាំ បាន​បង្ក​ទៅជា​គ្រោះមហន្តរាយ​ផ្សេងៗ ដែល​បណ្តាលអោយ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ ជាមួយគ្នានេះ​កត្តា​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ត្រី​ពង​កូន​តាម​រូបភាព ដុត​រក​សត្វ​(​ឃ្មុំ និង​អណ្តើក​) ការ​ធ្វេស​ប្រ​ហេស​របស់​ប្រជាជន​ចម្អិន​អាហារ មិន​ពន្លត់ភ្លើង​អោយបាន​ត្រឹមត្រូវ និង​ការ​ចោល​កន្ទុយបារី​...​។​ល​។ យ៉ាងណាមិញ សកម្មភាព​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅតែមាន​ក្នុងភូមិ​សាស្ត្រ​ឃុំ​ទាំងពីរ ។​

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម របស់​ប្រជា​សហគមន៍​នេសាទ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។​ ​មាន​គោលបំណង ដើម្បី​ស្វែងយល់ ៖
- ស្ថានភាព​សេដ្ឋកិច្ចសង្គម​ពី​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​នេសាទ​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​
- ការប្រមូល​ចងក្រង​បច្ចុប្បន្នភាព​ទិន្នន័យ​-​ព័ត៌មាន សម្រាប់​ជា​ធាតុ​ចូលក្នុង​ការរៀបចំ​ឯក​សារ​គោលនយោបាយ​ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​សម្រាប់​ចូលរួម​ដល់​ការគ្រប់គ្រង​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព ។