លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ជុំវិញ​តំបន់​បឹង​ទន្លេសាប ខេត្តពោធិ៍សាត់

​នៅ​ថ្ងៃ​សុក្រ ១៥​កើត ដល់​ថ្ងៃ​សៅរ៍ ០១​រោច ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៩ ដល់​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ ដឹកនាំ​ដោយ លោក វិ​ន ប៊ុន​ពៅ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ជុំវិញ​តំបន់​បឹង​ទន្លេសាប នៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​៖
១. ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ។​
២. ចុះ​ដល់ទី​តាំង ដើម្បី​ពិនិត្យ​ស្ថានភាព​បង្គោលព្រំ​តំបន់​៣  ផ្ទៃដី​ទន្ទ្រាន​ក្នុង​តំបន់ ៣ និង​ស្ថានភាព​ទូទៅ ។​

​ជាមួយនឹង​សកម្មភាព​នេះ ការចុះ​សិក្សា​ស្រាវជ្រាវ​ខាងលើ ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖
១. បង្គោល​ព្រំដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ចំនួន ២២​បង្គោល​ដែល​បាន​ពិនិត្យ ឃើញថា​នៅ​ឈរ​ត្រង់​បានល្អ​ច្រើន​(២០/២២​នៃ​បង្គោល​សរុប នៅ​ស្រុក​ក្រគរ​) និង​មាន​ទ្រេត​តិចតួច (០២/២២​បង្គោល​) ។​
២. ការ​កាត់​ឆ្វៀល​ដី​តំបន់​៣ ចេញមក​តំបន់ ២ នៅក្នុង​ស្រុក​ក្រគរ គឺមាន​ទំហំ ១,១២២ ហិកតា ៤៥ អា ។​
៣. ចំពោះ​ផ្ទៃដី​ក្នុង​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ នៅតែមាន​ប្រជាពលរដ្ឋ​មួយចំនួន បន្ត​ចូលទៅ​ធ្វើស្រែ​លើដី​ទន្ទ្រាន និង​តំបន់​ខ្លះ​ក៏​មិន​ហ៊ាន​ចូលទៅ​ធ្វើស្រែ​ទេ ដោយ​ការហាមឃាត់​តឹងរឹង​ពី​អាជ្ញាធរ​ឃុំ ។​
៤. ដីស្រែ​ដែល​ទុកចោល​ក្នុង​តំបន់ ៣ ឃើញ​មាន​ដុះ​ព្រៃ​លិច​ទឹក​ឡើងវិញ ដូចជា​ពពួក​ស្មៅ និង​វ​ល្លិ៍​ដុះ​លឿន​ជាងគេ ។​

​សូម​ជម្រាបជូន​ថា ៖ សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ជុំវិញ​បឹង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង ដើម្បី​៖
- បន្ត​តាមដាន និង​វាយតម្លៃ​បង្គោលព្រំ សរុប ៨០២​បង្គោល និង​ផ្ទៃ​ដីព្រៃ​កំណត់​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ។​
- តាមដាន និង​វាយតម្លៃ​ផ្ទៃដី​កាត់​ឆ្វៀល​(​ថ្មី​)​ក្នុង​តំបន់ ២ និង​តំបន់ ៣ ។​
- ពិនិត្យ និង​វាយតម្លៃ​បឋម​លើ​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ក្រោយពី​កាត់​ដី​ឆ្វៀល​ក្នុង​តំបន់ ២ និង​តំបន់​៣ ។​
-តាមដាន​លើ​ការលូតលាស់​ប្រភេទ​ព្រៃ​លិច​ទឹក​(​ថ្មី​)​នៅតាម​ទីតាំង​ដែល​បាន​ដកហូត​មកវិញ​ក្រោយពី​ការទន្ទ្រាន និង​ដី​ទុកចោល ព្រមទាំង​ដីព្រៃ​ដែល​បាន​ភ្លើង​ឆេះ​កន្លងមក​។​