លោក ម៉ម សុធា ប្រធានការិយាល័យ​ជីវចម្រុះ និង​ក្រុមការងារ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​បន្ត​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​តាម​ការប្រែប្រួល​របប​ជលសា​ស្ត្រ និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​នៅ​ភូមិសាស្ត្រ ក្នុង​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តកំព

​នា​ថ្ងៃ​ចន្ទ ១១​កើត ខែភទ្របទ ដល់ ថ្ងៃ​សុក្រ ១៥​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៥ ដល់ ២៩ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ធនធានធម្មជាតិ ដឹកនាំ​ដោយ លោក ម៉ម សុធា ប្រធានការិយាល័យ​ជីវចម្រុះ បាន​បន្ត​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​តាម​ការប្រែប្រួល​របប​ជលសា​ស្ត្រ និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​នៅក្នុង​ភូមិសាស្ត្រ តំបន់​ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង​, តំបន់​កំពង់​លួង ខេត្តពោធិ៍សាត់ និង​តំបន់​ផាត់​សណ្តាយ ខេត្តកំពង់ធំ ។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើ​លើ ៖ 
ទី​១. សម្ភាសន៍​ប្រជា​នេសាទ ដើម្បី​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ពី​ការប្រើប្រាស់​ប្រភេទ​ឧបករណ៍​នេសាទ​នៅ​តំបន់​សិក្សា ។​
​ទី​២. ប្រមូល​សំណាក​ត្រី និង​ធនធាន​ក្រៅពី​ត្រី​, ទីតាំង​នេសាទ (X,Y), វាស់​ជម្រៅ​ទឹក​ក្នុង​តំបន់​នេសាទ​នីមួយៗ​, វាស់​គុណភាព​ទឹក​បឋម និង​ពិនិត្យ​លើ​លំនៅដ្ឋាន​ធនធាន​ត្រី​នៅ​រដូវវស្សា ។​

​ជាមួយនឹង​សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ខាងលើ និង​តំបន់​ពាក់ព័ន្ធ ជា​លទ្ធផល​បឋម​បង្ហាញថា ៖ 
១. រកឃើញ​ប្រភេទ​ត្រី​ចំនួន ៣៦ ប្រភេទ តាមរយៈ​ការនេសាទ​ដោយ​ប្រើប្រាស់​នូវ​ឧបករណ៍​ចំនួន ៣ ប្រភេទ គឺ​ឧបករណ៍ មង​រាយ បរ និង​សន្ទូច ។ 
២. ធនធាន​ក្រៅពី​ត្រី​មាន​ចំនួន ៦ ប្រភេទ ដូចជា​កំពឹស កំពឹស​អង្កាម លៀស គ្រុំចំពុះទា ខ្យង​បឹង និង​ខ្យងគូថទាល និង​ការប្រើប្រាស់​ធនធាន​ត្រី​សម្រាប់​វារីវប្បកម្ម​នៅក្នុង​តំបន់​សិក្សា ។​
៣. កម្រិត​ភាព​ថ្លា​នៃ​ទឹក​មាន​ចាប់ពី ៥-១៥​សម និង​អុកស៊ីសែន​រលាយ​ក្នុង​ទឹក​(DO)​មាន​ពី ១,២-១,៧mg/L ទៅតាម​តំបន់​សិក្សា​នីមួយៗ និង​កម្រិត​កម្ពស់​ទឹក​មាន​ជម្រៅ​ពី ៤.២ ដល់ ៩.០០ ម ។​

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​តាម​ការប្រែប្រួល​របប​ជលសា​ស្ត្រ និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​នៅ​ភូមិសាស្ត្រ ក្នុង​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តកំពង់ធំ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង​ដើម្បី​៖
- សិក្សា​តាមដាន និង​វាយតម្លៃ​ប្រភេទ​ធនធាន​ជលផល​ទៅតាម​ប្រភេទ​ឧបករណ៍​
- សិក្សា​តាមដាន និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​ទៅតាម​ទីតាំង​សិក្សា​។​- សិក្សា​តាមដាន​លើ​លក្ខណៈ​ជីវសាស្ត្រ​របស់​ត្រី លៀស និង​គ្រុំ លើ​ការរស់នៅ ការបន្ត​ពូជ និង​ការលូតលាស់ (​រដូវប្រាំង​/​រដូវវស្សា​)​។