លោក ណៅ ណា​តា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​ក្រុមការងារ​បាន​ចុះ​សិក្សា​អំពី​សក្ដានុពល និង​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​តំបន់​អភិរក្ស​ជលផល អតីត​ឡូត៍​នេសាទ​លេខ​៤ ខេត្តសៀមរាប

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​បច្ចេកទេស ការិយាល័យ​អភិរក្ស របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​សក្ដានុពល និង​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​តំបន់​អភិរក្ស​ជលផល អតីត​ឡូត៍​នេសាទ​លេខ​៤ ដោយ​មួយផ្នែកធំ​ស្ថិតនៅ​សង្កាត់​ចុង​ឃ្នៀ​ស និង​មួយផ្នែក​តូច​ស្ថិតនៅ​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ​បាន​៖ 
១- ចុះ​ជួប​សម្ភាសន៍​ជាមួយ​ក្រុមប្រឹក្សាឃុំ សហគមន៍​នេសាទ មន្ត្រី​ជំនាញ​ជលផល និង​ប្រជា​នេសាទ រួមជាមួយ​ការធ្វើអង្កេត​ផ្ទាល់ ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​ទូទៅ​មាន​៖ ប្រភេទ​មុខរបរ ការធ្វើ​នេសាទ ការប្រើប្រាស់​ឧបករណ៍​នេសាទ ទិន្នផល​នេសាទ ការចូលរួម ឧបត្ថម្ភ គាំទ្រ សហការ ពី​អង្គការ​-​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​កិច្ចការងារ​អភិរក្ស និង​បញ្ហា​ប្រឈម​នានា​ក្នុងការ​គ្រប់គ្រង​។​

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា​៖ 
១. អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ និង​ប្រជា​នេសាទ មានការ​សាទរ​ចំពោះ​ចំណាត់ការ របស់​រាជរដ្ឋាភិបាល​កន្លងមក ដែល​បាន​ចុះ​ដកហូត​កាណូត​ប្រព្រឹត្ត​បទល្មើស​ជលផល​តាម​ខ្នង​ផ្ទះ មានដូចជា អួន​អូស​គូ ស៊ី​ប​…​។​ល​។ ព្រោះ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ទាំងនេះ មិន​ត្រឹមតែ​បំផ្លាញ​ធនធាន​ជលផល​ប៉ុណ្ណោះ​ទេ ថែមទាំង​បំផ្លាញ​ឧបករណ៍​នេសាទ​របស់​ប្រជា​នេសាទ​ផងដែរ​។​
២. ប្រជា​នេសាទ​ជាទូទៅ​ភាគច្រើន​នៅ​រដូវវស្សា​នេះ ប្រើ​ឧបករណ៍​នេសាទ​ដូចជា មង​រាយ មង​បណ្ដែត កន្សុំ​កំពឹស លប​ឡុ​ក ដោយ​ទទួលបាន​ទិន្នផល​ជា​មធ្យម ១០​គីឡូក្រាម​/​ថ្ងៃ ចំណែកឯ កម្ពស់​ទឹក​គិត​ត្រឹម​ថ្ងៃ​២៨ ខែកញ្ញា ឆ្នាំ​២០២៣ មាន​កម្ពស់ ៦.២៧ ម៉ែត្រ (​វាស់​ពី​បាត​តំបន់​អភិរក្ស​)​។​
៣. ប្រភេទ​ឧបករណ៍​នេសាទ​ដែល​លួច​ចូល​នេសាទ​ក្នុង​តំបន់​អភិរក្ស​មាន សន្ទូច (​ទំហំ​ផ្លែ លេខ ៩ លេខ ១៥) និង​មង (​ទំហំ​ក្រឡា ៩​ហ៊ុន ទៅ ១.៤ តឹក​) ហើយ​ភាគច្រើន​ធ្វើ​សកម្មភាព​នៅពេល​យប់​។​
៤. មន្ត្រី​ជំនាញ​ជលផល​ផ្នែក សង្កាត់ និង​សហគមន៍​នេសាទ បាន​សហការគ្នា​ចុះ​ល្បាត​រួមគ្នា មាន​ចំនួន ១៤​នាក់ ចែកចេញជា​ពីរ​ក្រុម ប្ដូរ​វេន​គ្នា ៣​ថ្ងៃ ម្ដង ដោយ​ទទួលបាន​ការជួយឧបត្ថម្ភ​ពី​អង្គការ KFW តាំងពី​ឆ្នាំ ២០១៩ និង​បញ្ចប់​គម្រោង​នៅ​ខែធ្នូ ឆ្នាំ​២០២៣ នេះ​។ ទន្ទឹមនេះ មន្ត្រី​ជំនាញ​ជលផល​បាន​ទទួលយក​សំណើ​របស់ ប្រជា​នេសាទ​ដែល​បាន​ស្នើសុំ​ដាក់​ឧបករណ៍​លប​ឡុ​កនៅ​រដូវ​បិទ​នេសាទ​ប្រវែង ១០០​ម៉ែត្រ និង​រដូវ​បើក​នេសាទ​ប្រវែង ២៥០​ម៉ែត្រ ក្រឡា ៣​ហ៊ុន សំណើ​នេះ​មន្ត្រី​ជំនាញ​ជលផល​បានស្នើ​សុំ​ទៅ​ក្រសួងកសិកម្ម​រួចរាល់​ហើយ​។​

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​អំពី​សក្ដានុពល និង​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​នេសាទ​លេខ​៤ ខេត្តសៀមរាប​។ គឺជា​សកម្មភាព​មួយ ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ទន្លេសាប​។ ​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
- សិក្សា​អំពី​ស្ថានភាព​ទូទៅ របស់​តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​នេសាទ​លេខ​៤ 
- ស្វែងយល់​អំពី​បញ្ហា​ប្រឈម ក្នុងការ​គ្រប់គ្រង​តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​នេសាទ​លេខ​៤ 
- វិភាគ​ស៊ីជម្រៅ​លើ​បញ្ហា​ប្រឈម ដែល​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​នេសាទ​លេខ​៤  ដើម្បី​ផ្ដល់​ជម្រើស​ដំណោះស្រាយ​សមស្រប​។