នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ រ៉ាយ៉ុង ជាប្រធានការិយាល័យអភិរក្ស របស់នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានដឹកនាំក្រុមការងារបន្តចុះសិក្សាស្រាវជ្រាវអំពីបម្រែបម្រួលបរិស្ថាន និងធនធានជលផលក្នុងតំបន់រ៉ាមសារស្ទឹងសែន ស្ថិតនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ការចុះសិក្សានេះ ក្រុមការងារស្រាវជ្រាវ បាន ៖
ទី១. ជួបជាមួយក្រុមប្រឹក្សាឃុំ សហគមន៍នេសាទ និងមន្ត្រីបរិស្ថាន ដើម្បីដឹងពីបម្រែបម្រួលស្ថានភាពបរិស្ថាន ធនធានជលផល មូលហេតុនៃបម្រែបម្រួលទាំងនេះ ការចល័តលំនៅឋាននារដូវទឹកដំឡើង និងស្ថានភាពជលសាស្ត្រ ។
ទី២. ជួបជាមួយប្រជានេសាទ ដើម្បីយល់ដឹងពីបរិមាណផលនេសាទ បម្រែបម្រួលផលនេសាទ និងកត្តាបទល្មើសផ្សេងៗ។
ទី៣. ពិនិត្យ និងអង្កេតផ្ទាល់ពីស្ថានភាពទូទៅមួយចំនួនក្នុងតំបន់រ៉ាមសារស្ទឹងសែន។
ជាមួយនឹងសកម្មភាពនេះផងដែរក្រុមការងារមន្ត្រីបច្ចេកទេស បានចុះសិក្សានៅតំបន់ពាក់ព័ន្ធខាងលើ ជាលទ្ធផលឃើញថា៖
១. ទោះបីក្នុងឆ្នាំនេះស្ថានភាពទឹកទន្លេឡើងយឺត ហើយទឹកមានលក្ខណៈស្អុយ តែមកដល់ពេលនេះស្ថានភាពទឹកបានល្អប្រសើរឡើងវិញ ដែលអាចអោយអ្នកនេសាទធ្វើការនេសាទវិញបានសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយកម្ពស់ទឹកបានហក់ឡើងប្រមាណជិត ៦ ម៉ែត្រផងដែរគិតត្រឹមថ្ងៃ២៨ ខែកញ្ញាឆ្នាំ២០២៣។
២. ប្រជាជននៅក្នុងតំបន់នេះដែលតាំងលំនៅតាមដងស្ទឹង មាត់ទន្លេ និងតាមព្រែកបានចល័តទៅរកកន្លែងមានសុវត្តិភាព ដើម្បីការពារពីគ្រោះធម្មជាតិ។
៣. ក្នុងតំបន់រ៉ាមសារស្ទឹងសែន ជួបនូវបញ្ហាខ្លាំងពីការប្រែប្រួលអាកាសធាតុដូចជា ការកើនឡើងកំដៅ ទឹកកង្វក់ខ្យល់ព្យុះ ឬខ្យល់កន្ត្រាក់តែងកើតមានជាញឹកញាប់ ធ្វើអោយប្រជាជននៅក្នុងតំបន់នេះពិបាកក្នុងការរស់នៅ ពិសេសប្រជាជនដែលពឹងផ្អែកទាំងស្រុងលើរបរនេសាទ។
៤. បរិមាណផលនេសាទនៅក្នុងឆ្នាំនេះសម្បូរជាងឆ្នាំមុនៗ ព្រោះក្រោយពេលទឹកទន្លេឈប់ស្អុយអ្នកនេសាទអាចរកត្រីបានច្រើនគួរអោយកត់សម្គាល់ គ្រាន់តែប្រភេទត្រីរាងល្អិតៗបន្តិចតែប៉ុណ្ណោះ។
៥. សត្វស្លាបនៅក្នុងតំបន់នេះ មានការកើនឡើងផងដែរ ដោយប្រជានេសាទបានបញ្ជាក់ថា មានសត្វស្លាបចុះមករកចំណីច្រើនខុសធម្មតាទាំងប្រភេទ និងបរិមាណពិសេសសត្វទង់ ក្រសា មាន់ទឹក ទាទឹក ជាដើម។
៦. ការចោលសំរាមជារៀងរាល់ថ្ងៃយ៉ាងហោចណាស់ ២ គ.ក/គ្រួសារ។ ដោយឡែកតាមសាលារៀន ឃុំបានស្នើគម្រោងជាផែដាក់សំរាមទៅអង្គការ និងអ្នកពាក់ព័ន្ធរួចហើយ តែមិនទាន់មានដំណឹងនៅឡើយដូចជាអង្គការសេវ (Save) ហ្វេក(face) ទស្សនៈពិភពលោក(World Vision) ប៊ឺតឡាយ(Bird Life)...។
សូមជម្រាបជូនថា៖ សកម្មភាពចុះសិក្សាស្រាវជ្រាវអំពីបម្រែបម្រួលបរិស្ថាន និងធនធានជលផលក្នុងតំបន់រ៉ាមសារស្ទឹងសែន ខេត្តកំពង់ធំ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឲ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៣ របស់អាជ្ញាធរទន្លេសាប ។
សកម្មភាពខាងលើនេះ មានគោលបំណង៖
- ស្វែងយល់ពីស្ថានភាពបរិស្ថាន និងធនធានជលផលនៅតំបន់រ៉ាមសារស្ទឹងសែន។
- វាយតម្លៃបម្រែបម្រួលបរិស្ថាន និងធនធានជលផលក្នុងតំបន់រ៉ាមសារស្ទឹងសែន។
- ស្វែងយល់ពីកត្តាជម្រុញឲ្យមានការបម្រែបម្រួលបរិស្ថាន និងធនធានជលផលក្នុងតំបន់រ៉ាមសារស្ទឹងសែន។
- ផ្តល់ជាអនុសាសន៍សម្រាប់កែលម្អ និងវិធានការបន្សាំទៅនឹងការប្រែប្រួលដើម្បីធានាបាននូវការអភិរក្ស អភិវឌ្ឍន៍បរិស្ថាន និងធនធានជលផលក្នុងតំបន់រ៉ាមសារស្ទឹងសែនឲ្យមានភាពប្រសើរឡើង។