ឯកឧត្តម ហ៊ែ​ល តូ​នី បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ

​រាជធានី​ភ្នំពេញ ៖ ដោយ​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ។ 
ព្រឹក​ថ្ងៃ​សុក្រ ១៥​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣  នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ ដើម្បី​ពិនិត្យមើល​ពី​វឌ្ឍនភាព​ការងារ និង​គំនិត​ទស្សនទាន​របស់​នាយក​ដ្ឋា​ន ក្នុងការ​គ្រប់គ្រង ដឹកនាំ និង​អនុវត្ត​តួនាទី​ភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ។ 
+ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការ ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាន​ការិយាល័យ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ ។​
+ បន្ទាប់ពី​ស្តាប់​បទ​បង្ហាញ​ស្តីពី​វឌ្ឍនភាព និង​គំនិត​ទស្សនទាន​រយៈពេល ៩​ខែ​ដើមឆ្នាំ ២០២៣ របស់​ប្រធាន​នាយកដ្ឋាន និង​ចំណាប់អារម្មណ៍​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​រួចមក ។ ឯកឧត្តម ប្រធាន​អង្គប្រជុំ បាន​ឯកភាព​អំពី​គំនិត​ទស្សនទាន ដែលមាន​ចក្ខុវិស័យ​ច្បាស់លាស់ របស់​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ ព្រមទាំង​បានចង្អុលបង្ហាញ​នូវ​គំនិត​ជា​យុទ្ធសាស្ត្រ​គន្លឹះ​មួយចំនួន​បន្ថែមទៀត ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង និង​អនុវត្ត​តួនាទី​ភារកិច្ច​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ក្នុងការ​លើកស្ទួយ​ស្ថាប័ន ដោយ​ស្មារតី​ចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ការងារ ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ៖
១- បន្ត​រួម​សាមគ្គីភាព​ផ្ទៃក្នុង​នាយកដ្ឋាន ក៏ដូចជា​អង្គភាព​ទាំងមូល និង​ពង្រឹង​ការគ្រប់គ្រង ទទួលខុសត្រូវ តាម​ការិយាល័យ​ជំនាញ ដើម្បី​ប្រសិទ្ធភាព​ការងារ និង​សុខដុម​ផ្ទៃក្នុង​របស់​នាយកដ្ឋាន​
២- បន្ត​ផ្តល់​ការលើកទឹកចិត្ត និង​ផ្តល់ឱកាស​ស្មើគ្នា​ដល់​មន្ត្រី​ក្នុង​នាយកដ្ឋាន ដោយ​គិតគូ​អ្នក​បន្តវេន តាមរយៈ​ការពិនិត្យ​វាយតម្លៃ​លក្ខណៈសម្បត្តិ អត្ត​ច​រិ​ក និង​លទ្ធផល​បំពេញការងារ ដោយ​ផ្តោតលើ​ភាព ក្លាហាន (​សមត្ថភាព​) វិន័យ និង​គុណធម៌​
៣- ត្រូវ​យកចិត្តទុកដាក់​លើ​ការអនុវត្ត​គម្រោង​សកម្មភាព ឆ្នាំ​២០២៣ និង​រៀបចំ​គម្រោង​សកម្មភាព​ការងារ​សម្រាប់​អនុវត្តន៍​ឆ្នាំ​២០២៤ ស្របតាម​តួនាទី​ភារកិច្ច​របស់​នាយកដ្ឋាន និង​ស្ថាប័ន​ក៏ដូចជា​គាំទ្រ​គោលនយោបាយ​យុទ្ធ​បញ្ច​កោណ ៖
-​កំណែទម្រង់រដ្ឋបាល​សាធារណៈ​
-​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​
-​ពង្រឹងសមត្ថភាព​មន្ត្រី​អោយស្រប​ទៅនឹង​សង្គម​ធី​ជី​ថ​ល​។​
៤- ពង្រឹង​កិច្ចការ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ នៃ​វឌ្ឍនភាព​ការងារ​អង្គភាព និង​គម្រោង​សកម្មភាព​គាំទ្រ​ដល់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ របស់​អាជ្ញាធរ​ទន្លេសាប រួមជាមួយ​គម្រោង​/​កម្មវិធី​នានា នៅ​តំបន់​ទន្លេសាប​
៥- បន្ត​ជម្រុញ​ការកសាង​សមត្ថភាព​ធនធានមនុស្ស តាមរយៈ​ការបណ្តុះបណ្តាល និង​ផ្លាស់ប្តូរ​បទពិសោធន៍​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដល់​មន្ត្រី​ជំនាញ​បន្ថែមទៀត ។