ក្រុមការងារ​បច្ចេកទេស​នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការប្រើប្រាស់​ជីគីមី និង​ថ្នាំពុល​កសិកម្ម ដែល​ប្រជាកសិករ​ប្រើប្រាស់​សម្រាប់​ដំណាំ​ស្រូវ ក្នុងភូមិ​សាស្ត្រ​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ

​ថ្ងៃ​ពុធ ១៦ កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ ក្រុមការងារ​មន្ត្រី​បច្ចេកទេស  អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការប្រើប្រាស់​ជីគីមី និង​ថ្នាំពុល​កសិកម្ម ដែល​ប្រជាកសិករ​ប្រើប្រាស់​សម្រាប់​ដំណាំ​ស្រូវ  ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ការចុះ​សិក្សា​នេះ​ក្រុមការងារ​៖ បាន​ជួប​ជាមួយ​អាជ្ញាធរ​ដែនដី អាជីវ​ករលក់​ជីគីមី និង​ថ្នាំពុល​កសិកម្ម និង​ប្រជាកសិករ​។​

​ការសិក្សា​នេះ គឺ​ដើម្បី​ចងក្រង​ប្រភេទ​ជីគីមី និង​ថ្នាំពុល​កសិកម្ម ដែល​បាន  និង​កំពុង​ប្រើប្រាស់​ក្នុង​តំបន់​សិក្សា វាយតម្លៃ​កម្រិត និង​បរិមាណ​ប្រើប្រាស់​សារធាតុ​គីមី របស់​ប្រជាកសិករ និង​សិក្សា​បន្ទុក​បំពុល​នៃ​សារ​ធាតុគីមី​ដែល​ចេញពី​ការធ្វើ​ស្រែចំការ ដែល​សល់​នៅក្នុង​ដី ទឹក និង​ទឹក​ក្រោម​ដី​។ ក្នុងការ​សិក្សា​នេះដែរ ក្រុមការងារ​បាន​ចុះ​ធ្វើការ​សម្ភាសន៍​ផ្ទាល់​ជាមួយ​ប្រជាកសិករ អាជ្ញាធរ និង​អាជីវករ​ប្រកប​របរ​លក់​ជីគីមី និង​ថ្នាំ​គីមី​នៅក្នុង​ទីតាំង​សិក្សា និង​បាន​ប្រមូល​សំណាក​ដី និង​ទឹក​មក​ធ្វើការ​វិភាគ នៅ​មន្ទីរពិសោធន៍​ផងដែរ​។​

​ជាមួយនឹង​សកម្មភាព​នេះដែរ​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ខាងលើ ជា​លទ្ធផល​បឋម​រក​ឃើញថា​:
១. ក្នង​តំបន់​២ ឃុំ​ប្រឡាយ ប្រជាកសិករ​ធ្វើស្រែ​ប្រាំង​បាន ១​ដង​/​ឆ្នាំ ទទួលបាន​ផល​បាន ៥​តោន​/​ហ​.​ត និង​ប្រើ​ពូជស្រូវ OM៥៤៥១
២. ផ្ទៃដី​តំបន់​២​នៃ ឃុំ​ប្រឡាយ មាន​ជាង​៥០០០​ហិកតា គឺ​បាន​ប្រើ​ជីគីមី​គ្រាប់​ចំនួន ១៥០០​តោន​/​ឆ្នាំ ដែលមាន​ប្រភេទ​ជីគីមី​គ្រាប់​ដូចជា​៖ អ៊ុយ​រ៉េ ដេ​អា​ប៉េ និង​អិន​ប៉េ​ការ សរុប​ចំនួន ៣០០​គ​ក្រ​/​ហ​ត និង​ជី​ទឹក​បំប៉ន ៣​លីត្រ​/​ហ​.​ត​។ រួមទាំង​ថ្នាំ​កំចាត់​ស្មៅ ថ្នាំ​សម្លាប់​សត្វល្អិត  និង​ថ្នាំ​ជំងឺ​ស្រូវ ជាច្រើន​ទៀត​។​
៣. ប្រជាកសិករ​ខ្វះ​ចំណេះដឹង និង​បច្ចេកទេស​ក្មុង​ការប្រើប្រាស់​ជីគីមី​តាម​តម្រូវការ​របស់​ដំណាំ​។ ពួកគាត់​ប្រើ​តាម​ការ​តាម​គ្នា និង​តាម​ការផ្សព្វផ្សាយ របស់​ក្រុមហ៊ុន​ជីគីមី​ប៉ុណ្ណោះ​។ ការប្រើ​ថ្នាំ និង​ជីគីមី​មិន​តាម​បច្ចេកទេស របស់​ការដាំ​ស្រូវ ធ្វើ​ឲ្យ​ខាតបង់​លុយ ខូចគុណភាព​ដី និង​បរិស្ថាន​។​

 ៤. កសិករ ចង់បាន​ព័ត៌មាន​ពី​គុណភាព​ដី​តើ​ដី​របស់គាត់​ត្រូវដាក់​ជី​ប្រភេទ​អ្វីខ្លះ​ដើម្បី​ឲ្យ​ត្រូវ​នឹង​តម្រូវការ​លូតលាស់ របស់​ស្រូវ​។​

​សូម​ជម្រាបជូន​ថា​៖ សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​ការប្រើប្រាស់​ជីគីមី និង​ថ្នាំពុល​កសិកម្ម ដែល​ប្រជាកសិករ​ប្រើប្រាស់​សម្រាប់​ដំណាំ​ស្រូវ​ដែល​អនុវត្ត​នៅ​ភូមិសាស្ត្រ ស្រុក​កំពង់ស្វាយ ស្រុក​ស្ទោង មាន​គោលបំណង​៖ 
-  សិក្សា​ស្រាវជ្រាវ​ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត និង​ជីគីមី ដែល​បាន និង​កំពុង​ប្រើប្រាស់​ក្នុង​តំបន់​សិក្សា​
-  វាយតម្លៃ​កម្រិត និង​បរិមាណ​ប្រើប្រាស់​សារធាតុ​គីមី របស់​ប្រជាកសិករ​
-  វិភាគ​លើ​សារធាតុ​គីមី និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​មាននៅ​ក្នុង​ដីស្រែ និង​ទឹក​ស្រោចស្រព​
-  រៀបចំ​ឯកសារ​សំយោគ​ប្រៀបធៀប​ការប្រើប្រាស់​ជីគីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត ទៅនឹង​ស្តង់ដារ​សុវត្ថិភាព​
-  រៀបចំ​ជា​កាតាឡុក​ប្រភេទ​ជីគីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត​ដែលមាន​ប្រើប្រាស់​ក្នុង​តំបន់​សិក្សា​។