លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ជីវៈចម្រុះ និង​បរិមាណ​ប្លង់តុង (Plankton) នៅ​តំបន់​បឹង​ទន្លេសាប ដែលមាន​ទំនាក់ទំនង​ទៅនឹង​ការលូតលាស់​របស់​ប្រភេទ​ត្រី​ស នៅ​ភូមិសាស្ត្រ​តំបន់​បឹង​ទន្លេសាប និង​ដង​ស្ទឹងសែន ខ

នៅ​ថ្ងៃ​ចន្ទ ៤​កើត ខែភទ្របទ ដល់ ថ្ងៃ​សុក្រ ៨​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៨ ដល់ ២២ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ធនធានធម្មជាតិ ដឹកនាំ​ដោយ​លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ ធ្វើ​ការចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ជីវៈចម្រុះ និង​បរិមាណ​ប្លង់តុង (Plankton) នៅ​តំបន់​បឹង​ទន្លេសាប ដែលមាន​ទំនាក់ទំនង​ទៅនឹង​ការលូតលាស់​របស់​ប្រភេទ​ត្រី​ស នៅ​ភូមិសាស្ត្រ​តំបន់​បឹង​ទន្លេសាប និង​ដង​ស្ទឹងសែន ស្ថិតក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ 
ការចុះ​សិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ​បានធ្វើការ​លើ ៖ 
​ទី​១. តាមដាន​លើ​គុណភាព​ទឹក​បឹង​ទន្លេសាប​ដូចជា កម្រិត​ថ្លា​, ជម្រៅ​ទឹក​, សីតុណ្ហភាព​, ភាព​ចម្លង​ចរន្ត​, អុកស៊ីសែន​រលាយ​ក្នុង​ទឹក និង​សារធាតុ Chlorophyll​។​
​ទី​២. ការយក​សំណាក​ទឹក​មក​ពិនិត្យ​/​វិភាគ​លើ​សារធាតុ​ប្លង់តុង​សត្វ និង​រុក្ខជាតិ​។​
​ទី​៣. សិក្សា​តាមដាន និង​វាយតម្លៃ​លើ​ការលូតលាស់​របស់​ប្រភេទ​ត្រី​ស និង​ពិនិត្យ​វាយតម្លៃ​ពី​ចំនួន​ប្រភេទ​ត្រី ទៅតាម​លក្ខណៈ​ប្រភេទ​លំនៅដ្ឋាន​ត្រី​តាមរយៈ​ប្រភេទ​ឧបករណ៍​នេសាទ លប មង​រាយ​/​បណ្តែត ដែល​នេសាទ​ក្នុង​តំបន់​សិក្សា​។​

​ជាមួយនឹង​សកម្មភាព​ក្រុមការងារ​មន្ត្រី​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា ៖ 
១. គុណភាព​ទឹក​បឹង​ទន្លេសាប និង​ទឹក​ស្ទឹងសែន​ក្នុង​ខែកញ្ញា​គឺមាន​គុណភាព​ល្អ ដោយ​ទឹក​មាន​ភាព​ថ្លា​ប្រមាណ ១៥ ស​.​ម ទៅ ២៥ ស​.​ម ស៊ី​តុ​ណ្ណ​ភាព​ទឹក​មាន​ចន្លោះ​ពី ២៩ អង្សារ​សេ​- ៣១ អង្សារ​សេ ចំណែក​អុកស៊ីសែន​រលា​យ​ក្នុង​ទឹក​មាន​គ្រប់គ្រាន់​លើសពី ៥.២ mgO2/L ។​
២. ក្រុមការងារ​បាន​យក​សំណាក​ទឹក​ដើម្បី​ពិនិត្យមើល​សារធាតុ​ប្លង់តុង​ចំនួន ០២ ទីតាំង គឺ (i) យក​សំណាក​ទឹក​នៅក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​ក្នុង​ដងស្ទឹង​សែន និង​(ii) យក​សំណាក​ទឹក​នៅ​ចំណុច​មាត់បឹង​ទន្លេសាប​(​បឹង​តូច​)​។​
៣. យក​សំណាក​ត្រី​ស្ថិតក្នុង​លំដាប់ Cypriniformes ចំនួន ៥ ប្រភេទ​មានដូចជា ត្រី​ច្រកែង​_Puntioplites procto-zysron, ត្រី​ឆ្កោក​_Cyclocheilichthys enoplos ត្រី​ឆ្ពិន​មាស​_Hypsibarbus sp, ត្រី​ខ្នង​វែង​_ Dangila lineata  និង​ត្រី​ក្រុស​អុច​កន្ទុយ​_ Osteochilus hasselti ត្រូវបាន​យកមក​វះ​ពោះ​ដើម្បី​ធ្វើ​វិភាគ​ពី Stomach_contents របស់​ត្រី​នីមួយៗ និង​បាន​ពិនិត្យ​វាយតម្លៃ​លើ​ស្ថានភាព​លំនៅដ្ឋាន​ត្រី​ក្នុង​តំបន់​សិក្សា​ផងដែរ​។​

​សូម​ជម្រាបជូន​ថា : សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ជីវៈចម្រុះ និង​បរិមាណ​ប្លង់តុង (Plankton) នៅ​តំបន់​បឹង​ទន្លេសាប ដែលមាន​ទំនាក់ទំនង​ទៅនឹង​ការលូតលាស់​របស់​ប្រភេទ​ត្រី​ស នៅ​ភូមិសាស្ត្រ​តំបន់​បឹង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ។
សកម្មភាព​ខាងលើនេះ មាន​គោលបំណង ៖
- វាយតម្លៃ​ពី​ប្រភេទ​ប្លង់តុង​សត្វ និង​រុក្ខជាតិ​ដែលមាន​នៅក្នុង​ទឹក​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​។​
- តាមដាន​ការលូតលាស់​ប្រភេទ​ត្រី​ស​(Cyprinidea) ចាប់ពី​ទើប​បង្ក​កំណើត​រហូតដល់​ក្លាយជា​ត្រី​មេបា​។​
- ធ្វើការ​វាយតម្លៃ និង​ផលប៉ះពាល់​សម្រាប់​ពពួក​ជីវៈចម្រុះ​ក្នុង​តំបន់​សិក្សា​។​
- ប្រមូល ចងក្រង​ព័ត៌មាន ទិន្នន័យបឋម​លើ​ប្រភេទ​ប្លង់តុង​នៅតាម​ទីតាំង​ចុះ​សិក្សា សម្រាប់​ចងក្រង​ជា​ឯកសារ​មូលដ្ឋាន លើ​ការសិក្សា​តាមដាន​ជីវៈចម្រុះ​ក្នុង​តំបន់​ទន្លេសាប​។