បន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប នៅថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ ក្រុមមន្ត្រីប្រតិភូ ដឹកនាំដោយឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អមដោយ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ រួមជាមួយមន្ត្រីជំនាញក្រោមឱវាទអាជ្ញាធរទន្លេសាប បានចុះពិនិត្យស្ថានភាពដីតំបន់ ៣ (ព្រៃលិចទឹក, បង្គោល) និងស្វែងយល់ពីស្ថានភាពទូទៅនៃបឹងទន្លេសាបនៅរដូវទឹកដំឡើងក្នុងរដូវហាមឃាត់ការនេសាទ ស្ថិតនៅឃុំកំពង់លួង, ឃុំកំពង់ពោធិ៍ ស្រុកក្រគរ និងឃុំកញ្ជរ, ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
ក្នុងដំណើរចុះបេសកកម្ម ក្រុមមន្ត្រីប្រតិភូ របស់អាជ្ញាធរទន្លេសាប បានផ្តោតលើ ៖
- ទី១ ពិនិត្យស្ថានភាពកម្រិតទឹកបឹងទន្លេសាប និងវាលទំនាបព្រៃលិចទឹក
- ទី២ ពិនិត្យស្ថានភាពដែនព្រៃលិចទឹកក្នុងតំបន់ ៣ និងតំបន់បានកាត់ឆ្វៀលចេញទុកសម្រាប់លំនៅដ្ឋាន និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ
- ទី៣ ពិនិត្យស្ថានភាពលើផ្ទៃទឹកបឹងក្នុងរដូវហាមឃាត់
- ទី៤ ពិភាក្សាជាមួយអាជ្ញាធរដែនដី និងសហគមន៍ អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពឹងអាស្រ័យនឹងធនធានបឹងទន្លេសាប រួមជាមួយបញ្ហាប្រឈម តម្រូវការ លើដំណោះស្រាយនៃការដាក់ចេញគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការកាត់ឆ្វៀលដីទុកជូនជាលំនៅដ្ឋាន តំបន់អាស្រ័យផល និងតំបន់ការពារ ក្នុងតំបន់ទន្លេសាប ។
ជាមួយនឹងសកម្មភាពចុះរបស់ក្រុមមន្ត្រីប្រតិភូ របស់អាជ្ញាធរទន្លេសាប នៅតំបន់ពាក់ព័ន្ធខាងលើ ជាលទ្ធផលឃើញថា ៖
ទី ១/. ទឹកបានបន្តឡើងលិចតំបន់ព្រៃលិចទឹក (តំបន់ ៣) ប្រមាណជា ៥០% ទៅ ៦០% បើធៀបនឹងខែកញ្ញា ឆ្នាំ ២០២២ នៅមានកម្រិតទាបជាង ១,១២ មែត្រ និងទាបជាង ឆ្នាំ២០២១ ចំនួន: ៤,៤ មែត្រ ។
ទី ២/. អាជ្ញាធរ ឃុំកំពង់ពោធិ៍ ឃុំកញ្ជរ សហគមន៍ និងប្រជាពលរដ្ឋ ដែលបាននិងកំពុងតាំងទីលំនៅ និងអាស្រ័យផលក្នុងតំបន់ហាមឃាត់ (តំបន់ ៣) បានសាទរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានគិតគូរកាត់ឆ្វៀលជូនពួកគាត់ ។
ទី ៣/. តាមរយៈការជួបពិភាក្សាជាមួយអាជ្ញាធរឃុំ និងសហគមន៍ទេសចរ ការបង្កផលប៉ះពាល់មកលើធនធានបឹងទន្លេសាប ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងចរន្តទេសចរ បណ្តាលមកពីភាពអនាធិបតេយ្យការធ្វើអាជីវកម្មធនធានជលផល និងការដឹកជញ្ជូនហួសកម្រិត ជាពិសេស ខ្យង ក្តាម លៀស ក្នុងឃុំកំពង់លួង ។
ទី ៤/. ចំពោះទិដ្ឋភាពដីនៅក្រោមបង្គោលព្រំតំបន់ ៣ ក្នុងស្រុកក្រគរ ក៏នៅតែមានប្រជាពលរដ្ឋបន្តអាស្រ័យផល ក្នុងតំបន់មួយចំនួន ។ បើទោះបីជា អាជ្ញាធរមូលដ្ឋាន បានណែនាំដល់ប្រជាពលរដ្ឋកុំឲ្យបន្តរានដីព្រៃ និងដាំដុះបន្តទៀត ។
ទី ៥/. ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពឹងអាស្រ័យផ្ទាល់នឹងរបរនេសាទជាចម្បង និងការអាស្រ័យផលបន្តិចបន្តួច ។ ដោយសារជារដូវហាមឃាត់នេសាទ ហើយធនធានជលផលមានការធ្លាក់ចុះ ការនេសាទលក្ខណៈគ្រួសារ ជួបការលំបាកជីវភាព ដែលបង្ខំអោយគ្រួសារភាគច្រើនធ្វើចំណាកស្រុក ។
ជាមួយសកម្មភាពជួបពិភាក្សាជាមួយអាជ្ញាធរដែនដី និងសហគមន៍ ក៏បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួនដើម្បីឲ្យក្រុមប្រតិភូរបស់អាជ្ញាធរទន្លេសាប ជួយសម្របសម្រួលជាមួយក្រសួងស្ថាប័នជំនាញពាក់ពន្ធ័ជួយដោះស្រាយ និងបន្តទប់ស្កាត់ចាត់វិធានការអោយបានមុឺងម៉ាត់ចំពោះភាពអនាធិបតេយ្យទាំងការធ្វើអាជីវកម្មធនធានជលផលហួសកម្រិត, ការរំលោភបំពានដីព្រៃលិចទឹក ។ ក្នុងនោះ ស្នើសុំឲ្យមានការបោះបង្គោលព្រំ ឲ្យបានឆាប់ក្នុងតំបន់បានកំណត់កាត់ឆ្វៀល និងសុំជួយគាំទ្រគាំពារបរិស្ថាន (បង្គន់អនាម័យ, សំរាម, ការដាំព្រៃលិចទឹក) និងការផ្គត់ផ្គង់ទឹកស្អាតភូមិបណ្តែតទឹក ។
សូមជម្រាបជូនថា ៖ អាជ្ញាធរទន្លេសាប គឺជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល ដែលបានកំណត់បេសកកម្មការងារច្បាស់លាស់នៅក្នុងបទដ្ឋានគតិយុត្តិ នៃការបង្កើតអាជ្ញាធរទន្លេសាប ក្នុងការសម្របសម្រួល សម្រាប់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប ឲ្យប្រកបដោយនិរន្តរភាព ។ ការចុះពិនិត្យ និងស្វែងយល់អំពីស្ថានភាពទូទៅនៃបឹងទន្លេសាបរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់អាជ្ញាធរទន្លេសាប គឺធ្វើស្របទៅនឹងតួនាទីភារកិច្ច និងការទទួលខុសត្រូវ ក្នុងការសិក្សាស្រាវជ្រាវ តាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងនានា និងផ្តល់អនុសាសន៍ជូនរាជរដ្ឋាភិបាល ។ ជាពិសេស ការចូលរួមលើកកម្ពស់ប្រសិទ្ធភាពដល់ការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ។