នៅថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ ដឹកនាំដោយ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បានបន្តចុះសិក្សាស្វែងយល់ពិគ្រោះយោបល់ប្រាស្រ័យទាក់ទង និងចែករំលែកការយល់ដឹងជាមួយ Environmental Think Tanks និងសម្រប សម្រួលទំនាក់ទំនងបណ្តាញការងារ Think Tanks ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង និងឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ការសិក្សានេះ ក្រុមការងារស្រាវជ្រាវបាន៖
ទី ១. ជួបជាមួយអាជ្ញាធរដែនដី និងសហគមន៍នេសាទមាត់ព្រៃ និងសហគមន៍ធ្លាអំពិល-ថ្មី
ទី ២. ជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋ ពីស្ថានភាពទូទៅពាក់ព័ន្ធនឹងជីវភាពរស់នៅ និងធនធាននៅក្នុងតំបន់។
ជាមួយនឹងសកម្មភាពនេះដែរ ការសិក្សានៅតំបន់ពាក់ព័ន្ធខាងលើ ទទួលបានលទ្ធផល ដូចខាងក្រោម៖
ទី១.ស្ថានភាពទូទៅ
- សហគមន៍នេសាទមាត់ព្រៃ មានទំហំផ្ទៃដីអភិរក្សព្រៃលិចទឹក ប្រមាណ ៤៨៤ ហ.ត ។ ព្រៃលិចទឹកមានការបាត់បង់ប្រមាណជា ៤ទៅ ៥ ហ.ត ដោយសារភ្លើងឆេះ នៅឆ្នាំ២០១៦ ។
- សហគមន៍ធ្លាអំពិល-ថ្មី សព្វថ្ងៃនេះមិនមានសកម្មភាពនោះទេ ដោយសារបឹងព្រះស្តេច ដែលជាបឹងអភិរក្សរបស់ខ្លួនបានគោករាក់អស់ទៅហើយ ។ សហគមន៍កំពុងពិចារណា ស្នើសុំ បឹងបាក់ក្រជីង ទំហំ ៧ហ.ត ដើម្បីធ្វើជាបឹងអភិរក្សជំនួសវិញ ។
ទី២. មុខរបរសំខាន់ៗរបស់ប្រជាពលរដ្ឋក្នុងតំបន់សិក្សារួមមាន ៖ ធ្វើស្រែវស្សា- ស្រែប្រាំងប្រមាណ ៨០%, ក្រៅពីនេះជាអ្នកលក់ដូរ, នេសាទនៅរដូវទឹកដំឡើង, ចំណាកស្រុក ធ្វើសំណង់, រោងចក្រកាត់ដេរ និងចិញ្ចឹមសត្វគោ ក្របី មាន់ ទា ជាដើម ។
ទី៣. សហគមន៍បានទទួលការចូលរួមពីដៃគូមួយចំនួន ក្នុងកិច្ចការការពារ អភិរក្សធនធានធម្មជាតិរួមមាន ៖ រដ្ឋបាលជលផល ធនាគារអភិវឌ្ឍន៍អាសុី ADB, អង្គការអភិវឌ្ឍន៍នារីខ្មែរ និងអង្គការ មិត្តជនបទ, អង្គការស្តារកម្ពុជា ដោយផ្តោតសំខាន់លើសកម្មភាពចុះល្បាតប្រចាំខែ ការបោះបង្គោលព្រំដែនការពារ ដាំកូនព្រៃលិចទឹក ។
ទី៤. ធនធានត្រីថយចុះ បើប្រៀបធៀបនឹង ៤-៥ឆ្នាំចុងក្រោយនេះ ដោយសារ ការប្រើជី ថ្នាំកសិកម្ម ការបាត់បង់ព្រៃលិចទឹក, បទល្មើសប្រើប្រាស់ឧបករណ៍ខុសច្បាប់ និងការបូមទឹកច្រើនធ្វើស្រែប្រាំងហួសកម្រិត ។
សូមជម្រាបជូនថា : សកម្មភាពសិក្សាស្វែងយល់ពិគ្រោះយោបល់ ប្រាស្រ័យទាក់ទង និងចែករំលែកការយល់ដឹងជាមួយ Environmental Think Tanks និងសម្របសម្រួលទំនាក់ ទំនងបណ្តាញការងារ Think Tanks ។
មានគោលបំណងដើម្បី :
- ពិគ្រោះយោបល់ និងសិក្សាស្វែងយល់ ដើម្បីប្រមូលចងក្រងរាល់ព័ត៌មានទិន្នន័យ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានកម្របឹងទន្លេសាប ។
- ចែករំលែកការយល់ដឹងពីហេតុផលប៉ះពាល់ និងការផ្តួចផ្តើមគំនិតក្នុងការការពារធនធានកម្រនៃបឹងទន្លេសាប ។
- ចងក្រងបណ្តាញទំនាក់ទំនងជាមួយ Environmental Think Tanks ក្នុងកិច្ចសហប្រតិបត្តិ ការចែករំលែកព័ត៌មានទិន្នន័យក្នុងការចូលរួមដល់ការគ្រប់គ្រង អភិរក្ស និងអភិ វឌ្ឍន៍ធនធានកម្របឹងទន្លេសាប ។