នៅថ្ងៃចន្ទ ៤កើត ដល់ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារមន្ត្រីនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ដឹកនាំដោយលោក អ៊ូ ទូច ប្រធានការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ បានបន្តចុះសិក្សាការកែច្នៃធនធានជលផល និងចរន្តអាជីវកម្ម នៅខេត្តបន្ទាយមានជ័យ។ ការចុះសិក្សានេះក្រុមការងារស្រាវជ្រាវបានជួបសម្ភាសន៍ជាមួយពាណិជ្ជករ អាជីវករ និងអ្នកកែច្នៃត្រី។
ជាមួយនឹងសកម្មភាពនេះផងដែរក្រុមការងារចុះសិក្សានៅតំបន់ពាក់ព័ន្ធខាងលើ ជាលទ្ធផលបឋមរកឃើញថា ៖ ទី១. នៅរដូវបិទនេសាទនេះខេត្តបន្ទាយមានជ័យមានការច្នៃត្រីងៀត និងត្រីហើម ដោយបានប្រើប្រាស់បរិមាណត្រីស្រស់អស់ប្រមាណ ១០២,៦០០ គ.ក្រ។ ចំពោះការច្នៃដទៃទៀតដូចជា ប្រហុក ផ្អក និងត្រីឆ្អើរ… ប្រជាជនតែងតែធ្វើការច្នៃចាប់ពីខែតុលា ដល់ខែកុម្ភះ។
ទី២. ប្រភពត្រីសម្រាប់ផ្គត់ផ្គង់ការកែច្នៃ គឺមានប្រភពមកពីប្រទេសថៃ និងប្រទេសវៀតណាម ការធ្វើវារីវប្បកម្មក្នុងស្រុក (ត្រីរ៉ស់ ត្រីប្រា ត្រីពោរ ត្រីកន្ធរ) និងត្រីបឹងទន្លេសាប។
ទី៣. ចំពោះការកែច្នៃត្រីជាលក្ខណៈគ្រួសារមិនមានបច្ចេកទេសកែច្នៃត្រឹមត្រូវតាមស្រង់ដានោះទេ (លើផ្នែកអនាម័យ ដូចជា ទីតាំងកែច្នៃ ទឹកប្រើប្រាស់ កន្លែងទុកដាក់ផលិតផលសម្រេច)។
ទី៤. ត្រីធម្មជាតិនៅបឹងទន្លេសាបមិនអាចបំពេញតម្រូវការបានទេ ពោលគឺពឹងផ្អែកលើត្រីនាំចូលពីក្រៅប្រទេស។
សូមជម្រាបជូនថា ៖ សកម្មភាពការកែច្នៃធនធានជលផល និងចរន្តអាជីវកម្មនៅខេត្តបន្ទាយមានជ័យ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឲ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៣ របស់អាជ្ញាធរទន្លេសាប ។សកម្មភាពខាងលើនេះ មានគោលបំណង៖
- តាមដានបរិមាណត្រីស្រស់ ប្រភេទនៃការកែច្នៃ និងបច្ចេកទេសនៃការកែច្នៃតាមប្រភេទនីមួយៗ
- សិក្សាការវិវត្តន៍នៃទីផ្សារតាមតំបន់នីមួយៗ។