នៅថ្ងៃចន្ទ ៤កើត ខែភទ្របទ ដល់ ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ដល់ ២២ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានធនធានធម្មជាតិ ដឹកនាំដោយ លោកស្រី ប្រាក់ ចាន់វឌ្ឍនា អនុប្រធាននាយកដ្ឋាន បានចុះសិក្សាស្រាវជ្រាវ តាមដានការវិវត្តន៍ នៃគុណភាពដីលើដំណាំស្រូវនៅតំបន់ប្រព័ន្ធធារាសាស្ត្រអង្គគោក្នុងផ្ទៃរងទឹកភ្លៀងអាងស្ទឹងសែន ខេត្តកំពង់ធំ។
ការចុះសិក្សានេះ ក្រុមការងារ បានធ្វើលើ ៖
ទី ១. ជួបពិភាក្សាជាមួយប្រធានសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្ត្រអង្គគោ ស្តីពីស្ថានភាពការធ្វើស្រែនៅរដូវទី 2 (ស្រូវប្រថុយទឹក)ដែលចាប់ផ្តើមធ្វើពីពាក់កណ្តាលខែមេសា និងប្រមូលផលនៅចុងខែសីហា ឆ្នាំ 2023
ទី ២. ជួបពិភាក្សាជាមួយកសិករដែលបានសហការក្នុងការសិក្សានេះ ស្តីពីស្ថានភាពដីស្រែ និងស្ថានភាពការធ្វើស្រែរបស់ពួកគាត់
ទី ៣. ខួងយកសំណាកដីនៃដីស្រែដើម្បីយកទៅវិភាគគុណភាពដីនៅមន្ទីរពិសោធន៍គុណភាពដី
ចុះសិក្សានៅតំបន់ពាក់ព័ន្ធខាងលើជាលទ្ធផលឃើញថា ៖
ទី ១. ស្ថានភាពការធ្វើស្រែនៅរដូវទី 2 ឆ្នាំ 2023 ការច្រូតកាត់ប្រមូលផលស្រូវ(ពូជស្រូវ OM ៥៤៥១)៖ ទាបបំផុត4តោន/ha មធ្យម 5តោន/ha និងខ្ពស់បំផុត 6តោន/ha
ទី ២. តម្លៃស្រូវសើម៖ ពូជ OM៥៤៥១ (ពូជនាំចូលពីប្រទេសវៀតណាម) នៅដើមរដូវប្រមូលផលលក់បាន 1020 រៀល/Kg និងចុងរដូវប្រមូលផល តម្លៃពី 1250 រៀល-1300 រៀល/Kនិងពូជសែនក្រអូប(ពូជក្នុងស្រុក)៖ តម្លៃ 1200-1300 រៀល/Kg ។
សូមជម្រាបជូនថា៖ សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន ការវិវត្តន៍ នៃគុណភាពដីលើដំណាំស្រូវនៅតំបន់ប្រព័ន្ធធារាសាស្ត្រអង្គគោក្នុងផ្ទៃរងទឹកភ្លៀងអាងស្ទឹងសែន គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្ត នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់អាជ្ញាធរទន្លេសាប។
សកម្មភាពខាងលើនេះ មានគោលបំណង៖
- ចងក្រងជាប្រព័ន្ធទិន្នន័យមូលដ្ឋាន លើស្ថានភាពគុណភាពដីដំណាំស្រូវសម្រាប់ជាទិន្នន័យក្នុងការស្រាវជ្រាវ តាមដាន អំពីការវិវត្តន៍ នៃស្ថានភាពគុណភាពដីដែលទាក់ទងនឹងការអនុវត្តលើការដាំដុះ
- ចងក្រងជាប្រព័ន្ធទិន្នន័យមូលដ្ឋានលើបច្ចេកទេសក្នុងការដាំដុះដំណាំស្រូវ សម្រាប់ជាទិន្នន័យក្នុងការស្រាវជ្រាវ តាមដានអំពីបម្រែបម្រួលលើការដាំដុះ។