រាជធានីភ្នំពេញ ៖ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប ។ព្រឹកថ្ងៃច័ន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ អាជ្ញាធរទន្លេសាប បានរៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពអនុវត្តគម្រោងចំនួន ៣ ដែលបាន និងកំពុងអនុវត្តដោយអាជ្ញាធរទន្លេសាបក្រោមកិច្ចសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ និងទស្សនៈទានការងារពង្រឹងអាជ្ញាធរទន្លេសាប ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដែលទទួលជួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប ក្នុងការសម្របសម្រួលកិច្ចការ អាជ្ញាធរទន្លេសាប ។
+ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ មន្ត្រី និងមន្ត្រីកិច្ចសន្យាក្រោមឱវាទអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប សរុបចំនួន ៧០ នាក់ ។
+ ក្រោយពីស្តាប់សេចក្តីរាយការណ៍សង្ខេបការងាររួមកន្លងមក របស់ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ អាជ្ញាធរទន្លេសាប អង្គប្រជុំក៏បានធ្វើបទបង្ហាញ ស្តីពីវឌ្ឍនភាព និងលទ្ធផល នៃការអនុវត្តគម្រោងសហប្រតិបត្តិការទាំង ៣ របស់ប្រធានគម្រោង រួមមាន ៖ (1). គម្រោងការតាមដានផលចាប់នៅខេត្តជុំវិញបឹងទន្លេសាប បង្ហាញដោយ លោក ហេង សុវណ្ណារ៉ា ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស (2). គម្រោងការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន បង្ហាញដោយ ឯកឧត្តម លឹម ពុយ អនុប្រធាន អាជ្ញាធរទន្លេសាប (3). គម្រោងសិក្សាគំរូបច្ចេកវិទ្យា សង្កេត និងបញ្ជូនទិន្នន័យជលសាស្ត្រសម្រាប់អាងទន្លេសាបកម្ពុជា បង្ហាញដោយ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងចុងក្រោយ (4). ទស្សនៈទានពង្រឹងការងារ អាជ្ញាធរទន្លេសាប បង្ហាញដោយ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម នៃអាជ្ញាធរទន្លេសាប ។
+ បន្ទាប់ពីស្តាប់បទបង្ហាញខាងលើ អង្គប្រជុំបានពិនិត្យ និងពិភាក្សាការងារគ្នាយ៉ាងយកចិត្តទុកដាក់ក្នុងការចូលរួម លើកកម្ពស់ប្រសិទ្ធភាពការងារអង្គភាព និងបានឯកភាពគ្នាដូចខាងក្រោម ៖
1- ត្រូវពិនិត្យ និងកែសម្រួលសេចក្តីសម្រេចសមាសភាពក្រុមការងារអនុវត្តគម្រោងឡើងវិញ ដើម្បីស្នើសុំការសម្រេច និងអនុម័តដ៏ខ្ពង់ខ្ពស់បំផុតពីឯកឧត្តមប្រធាន អាជ្ញាធរទន្លេសាប ចំពោះគម្រោងកំពុងតែបន្តអនុវត្ត ករណីដូចជា ៖ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន និងគម្រោងការតាមដានផលចាប់នៅខេត្តជុំវិញបឹងទន្លេសាប (MRCs)
2- គម្រោងដែលបានបញ្ចប់ការគាំទ្រពីដៃគូ ត្រូវពិនិត្យរៀបចំយន្តការការងារជាថ្មីក្នុងការថែទាំ ដើម្បីឲ្យគម្រោងមាននិរន្តរភាព ដោយត្រៀមបញ្ចូលទៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំរបស់អង្គភាព ក្នុងការស្វែងរកថវិកាគាំទ្របន្ត
3- ត្រូវបន្តពិនិត្យ និងរៀបចំការងារបន្តលើការងារព្រំតំបន់ 2 និងតំបន់ 3 បន្ទាប់ពីការកាត់ឆ្វៀល
4- ត្រូវបន្តពង្រឹងការងារស្នូល និងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារអាជ្ញាធរទន្លេសាប ស្របតាមទស្សនៈទានការងារ ដែលបានកំណត់ ដោយឈរលើអភិបាលកិច្ច និងសុខដុមនីយកម្ម ។