នៅថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារមន្ត្រីនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ដឹកនាំដោយលោក ព្រហ្ម សុគំនិត អនុប្រធានការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ បានបន្តចុះសិក្សាវាយតម្លៃលើការធ្វើអាជីវកម្មត្រី ត្រីនុយ វារីវប្បកម្ម និងចរន្តទីផ្សារច្រកចេញ-ចូល ស្ថិតនៅក្នុងឃុំកំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ការចុះសិក្សានេះ ក្រុមការងារស្រាវជ្រាវបានធ្វើការជាមួយ ៖
១. ជួបសម្ភាសន៍ជាមួយអាជ្ញាធរដែនដី និងវារីវប្បករ។
២. ជួបសម្ភាសន៍ជាមួយប្រជានេសាទ និងអាជីវករទិញ-លក់ត្រី។
៣. ដឹងពីបរិមាណនៃការធ្វើអាជីវកម្ម និងតម្លៃត្រី
ជាមួយនឹងសកម្មភាពនេះផងដែរក្រុមការងារចុះសិក្សានៅតំបន់ពាក់ព័ន្ធខាងលើ ជាលទ្ធផលឃើញថា ៖
ទី១. ការធ្វើអាជីវកម្មត្រីមានចំនួន ៣ ច្រក (ច្រករបៀង) បរិមាណត្រីមានការថយចុះជាងរដូវបើកនេសាទ។
ទី២. ការធ្វើអាជីវកម្មត្រី និងត្រីនុយ ប្រជានេសាទប្រេីប្រាស់ឧបករណ៍នេសាទ មងរាយ បរ សម្រាស់ ឡើរ របាំងស្បៃមុង....។
ទី៣. តម្លៃត្រី និងត្រីនុយ មានតម្លៃថ្លៃជាងមុន ព្រោះបរិមាណផលចាប់មានការថយចុះ។
ទី៤. ការធ្វើវារីវប្បកម្មនៅខេត្តបន្ទាយមានជ័យភាគច្រើនចិញ្ចឹមត្រីក្នុង ស្រះ និងមានបន្តិចបន្តួចចិញ្ចឹមក្នុងបែរតាមបណ្តោយស្ទឹង។
ទី៥. ការធ្វេីអាជីវកម្មលើប្រភេទត្រីនុយមានមានផលវិជ្ជមាន (បំពេញតម្រូវការវារីវប្បកម្មក្នុងស្រុក) ផលអវិជ្ជមាន (ធ្វើឱ្យធនធានត្រីថយចុះ និងបាត់បង់ប្រភេទត្រីសាច់សម្រាប់បរិភោគ)។
សូមជម្រាបជូនថា ៖ សកម្មភាពចុះសិក្សាវាយតម្លៃលើការធ្វើអាជីវកម្មត្រី ត្រីនុយ វារីវប្បកម្ម និងចរន្តទីផ្សារច្រកចេញ-ចូល គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឲ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៣ របស់អាជ្ញាធរទន្លេសាប ។ សកម្មភាពខាងលើនេះ មានគោលបំណង៖
- សិក្សាតាមដានបរិមាណនៃការធ្វើអាជីវកម្មធនធានធម្មជាតិត្រី និងត្រីនុយ។
- ប្រភព និងប្រភេទត្រីនុយដែលធ្វើអាជីវកម្មលើវារីវប្បកម្ម។
- ចរន្តទីផ្សារនៃការធ្វើអាជីវកម្មធនធានធម្មជាតិ។