នៅថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ដល់ ថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារមន្ត្រីនាយកដ្ឋានធនធានធម្មជាតិ ដឹកនាំដោយ លោក ម៉ម សុធា ប្រធានការិយាល័យជីវចម្រុះ បានចុះធ្វើបច្ចុប្បន្នភាពធនធានជលផលតាមការប្រែប្រួលរបបជលសាស្ត្រ និងវាយតម្លៃគុណភាពទឹកបឹងទន្លេសាបនៅក្នុងភូមិសាស្ត្រតំបន់បឹងទន្លេសាបក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង។
ការចុះសិក្សានេះ ក្រុមការងារបានធ្វើលើ ៖
ទី ១. សម្ភាសន៍អ្នកនេសាទនៅតាមតំបន់សិក្សា ដើម្បីយកព័ត៌មានពីឧបករណ៍នេសាទ។
ទី២. ប្រមូលសំណាករួមមានៈ ត្រី និងធនធានក្រៅពីត្រី, យកចំណុចកូអរដោនេ(X/Y), វាស់ជម្រៅទឹក, វាស់គុណភាពទឹក និងពិនិត្យលើលំនៅដ្ឋានត្រីនារដូវវស្សា។
ជាមួយនឹងសកម្មភាពក្រុមការងារចុះសិក្សានៅតំបន់ពាក់ព័ន្ធខាងលើ ជាលទ្ធផលឃើញថា ៖
ទី១. រកឃើញត្រីចំនួន ៦ លំដាប់ ស្មើនឹង ២៣ ប្រភេទ ពីការនេសាទដោយឧបករណ៍ចំនួន ៤ ប្រភេទរួមមាន : មងរាយ មងបណ្តែត បរ និងសន្ទូច។ ក្នុងនោះត្រីកំពុងពងមាន ៣ ប្រភេទគឺ កញ្ចុះឆ្នូត កញ្ចុះបាយ និងឆ្លាំង។
ទី២. ធនធានក្រៅពីត្រីមានចំនួន ៦ អម្បូរ ស្មើនឹង ៧ ប្រភេទ។
ទី៣. កំរិតភាពថ្លានៃទឹកមានចាប់ពី ១-៥សម និងអុកស៊ីសែនរលាយក្នុងទឹក(DO)មានពី ២៣,៥-២៧,៥mg/l ទៅតាមតំបន់សិក្សា។
ទី៤. ប្រភេទព្រៃលិចទឹក ដែលជាលំនៅដ្ឋានត្រីនារដូវវស្សានេៈរួមមាន : រាំង ផ្ទោល ត្រោះ ច្រកែង ទៀនព្រៃ រញា បន្លាយួន វល្ល៍តាអើក ផ្កាស្នោ សារាយ …។ល។
សូមជម្រាបជូនថាៈ សកម្មភាពចុះធ្វើបច្ចុប្បន្នភាពធនធានជលផលតាមការប្រែប្រួលរបបជលសាស្ត្រ និងវាយតម្លៃគុណភាពទឹកបឹងទន្លេសាបនៅក្នុងភូមិសាស្ត្រតំបន់បឹងទន្លេសាបក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្ត នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់អាជ្ញាធរទន្លេសាប។
សកម្មភាពខាងលើនេះ មានគោលបំណង៖
- សិក្សាតាមដាន និងវាយតម្លៃប្រភេទធនធានជលផលទៅតាមប្រភេទឧបករណ៍
- សិក្សាតាមដាន និងវាយតម្លៃគុណភាពទឹកបឹងទន្លេសាបទៅតាមទីតាំងសិក្សា។
- សិក្សាតាមដានលើលក្ខណៈជីវសាស្ត្ររបស់លៀស និងគ្រុំ លើការរស់នៅ ការបន្តពូជ និងការលូតលាស់ (រដូវប្រាំង/រដូវវស្សា)។