លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​សិក្សា​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុង​ការកសាង​ផែនការ​គ្រប់គ្រង​សហគមន៍​នេសាទ​ប្រកបដោយ​និរន្តរភាព ខេត្តពោធិ៍សាត់​

​ខេត្តពោធិ៍សាត់​: ថ្ងៃ​អង្គារ ១២​រោច ខែស្រាព​ណ៍ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​សិក្សា​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុង​ការកសាង​ផែនការ​គ្រប់គ្រង​សហគមន៍​នេសាទ​ប្រកបដោយ​និរន្តរភាព​។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ចុះ ៖ 
ទី ១/. ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ     ដែនដី ឃុំ​រាំង​ទិល និង​ឃុំ​ស្រែ​ស្តុក​
​ទី ២/. ជួបពិភាក្សា​ជាមួយ​សហគមន៍​នេសាទ​កោះ​ព្រែ​ករាំង​ទិល ក្នុង​ឃុំ​រាំង​ទិល និង​សហគមន៍​នេសាទ​ចំរេះ ក្នុង​ឃុំ​ស្រែ​ស្តុក ។​

# ជាមួយនឹង​សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា ៖ 
​ទី​១/. ស្ថានភាព​ទូទៅ​សហគមន៍​នេសាទ​កោះ​ព្រែ​ករាំង​ទិល ដែល​បង្កើត​ឆ្នាំ​២០០១ មាន​សមាជិក​គណៈកម្មកា​រ​សរុប​ចំនួន ១១​នាក់ (​ស្រី ១​នាក់​) ។ សហគមន៍​នេះ មានដំណើរ​ការងារ​ជាប្រចាំ​ថ្ងៃ ដោយ​អនុវត្ត​ទៅតាម​ផែនការ​គ្រប់គ្រង​កន្លែង​នេសាទ​សហគមន៍​កោះ​ព្រែក​រាំង​ទិល ក្រោម​ជំនួយ​គាំទ្រ​ទាំង​បច្ចេកទេស សម្ភារៈ និង​ថវិកា ពី​អង្គការ (WCS, CI និង Rico) និង​ខណ្ឌ​ជលផល​។ 
​ទី​២/. ស្ថានភាព​ទូទៅ​សហគមន៍​នេសាទ​ចំរេះ ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០០៨ ដែលមាន​សមាជិក​គណៈ​កម្ម​ការសរុប​ចំនួន ១១​នាក់ (​ស្រី ១​នាក់​) ដោយមាន​ការជួយ​គាំទ្រ​ពី​អង្គ​ការហៅ​កាត់​ថា អក​អ (​បាន​បណ្តុះបណ្តាល​ដល់គ​ណៈ​កម្ម​ការ​ពី​ការងារ​គ្រប់គ្រង​សហគមន៍​) និង​ជំនួយ​ពី ADB (​ការងារ​ចុះ​ល្បាត សម្ភារៈ និង​បោះ​បង្គោលព្រំ​តំបន់​អភិរក្ស​ចំរេះ ទំហំ ២១​ហ​.​ត​) រយៈពេល ០៣​ឆ្នាំកន្លងមក​។ 
ទី​៣/​បច្ចុប្បន្ន ពួកគេ​បាន​កំពុង​ជួប​កង្វះ​នូវ​ធនធានមនុស្ស ថវិកា សម្ភារៈ បច្ចេកទេស គាំទ្រ​ដល់​ដំណើរ​ការងារ​ប្រចាំថ្ងៃ​របស់​គណៈកម្មការ​សហគមន៍ និង​ថវិកា ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​រប​ស់​សហគមន៍​នៅមាន​ដែន​កម្រិត​។​

# សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុង​ការកសាង​ផែនការ​គ្រប់គ្រង​សហគមន៍​នេសាទ​ប្រកបដោយ​និរន្តរភាព ខាងលើនេះ មាន​គោលបំណង​ស្វែងយល់ :
-  ១/.​យន្តការ​គន្លឹះ​ក្នុងការ​រៀបចំ​ផែនការ​គ្រប់គ្រង​សហគមន៍​  
-  ២/. ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ផែនការ​គ្រប់គ្រង​សហគមន៍​នេសាទ​នៅតាម​បណ្តា​សហគមន៍​នេសាទ និង​
-  ៣/. កិច្ចសហការ សម្របសម្រួល ជាមួយនឹង​ស្ថាប័ន​ជំនាញ និង​អ្នកពាក់ព័ន្ធ ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប ។