ឯកឧត្តម​អនុប្រធាន ទទួលបន្ទុក​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ និង​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​បឹង​ទន្លេសាប នៅ​រដូវ​ទឹក​តំឡើង ក្នុង​រដូវ​ហាមឃាត់​ការនេសាទ​

​បន្ទាប់ពី​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ឯក​ឧ​ត្ត​ម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ថ្ងៃ​សៅរ៍ ៩​រោច ខែស្រាព​ណ៍ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​ស្តីទី រួមជាមួយ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន ទទួលបន្ទុក​ក្តាប់​រួម បាន​ចុះ​ពិនិត្យ​ស្ថានភាព​បង្គោល​តំបន់​៣​ការពារ​ព្រៃ​លិច​ទឹក និង​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​នៃ​បឹង​ទន្លេសាប នៅ​រដូវ​ទឹក​តំឡើង​ក្នុង​រដូវ​ហាមឃាត់​ការនេសាទ ស្ថិតក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង និង​ឃុំ​ឆ្នុកទ្រូ ឃុំ​ចក និង​ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​, ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ ការចុះ​នៃ​ក្រុមមន្ត្រី​ប្រតិភូ របស់​អាជ្ញាធរ​ទន្លេសាប បានធ្វើការ​ផ្តោតលើ ៖ 
- ទី​១ ពិនិត្យ​ពី​ស្ថានភាព​កម្រិត​ទឹក​បឹង​ទន្លេសាប និង​វាលទំនាប​ព្រៃ​លិច​ទឹក 
- ទី​២ ពិនិត្យ​ស្ថានភាព​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ និង​តំបន់​បាន​កាត់​ឆ្វៀល​ចេញ​ទុក​សម្រាប់​លំនៅដ្ឋាន និង​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​
- ទី​៣ ពិនិត្យមើល​ស្ថានភាព​លើ​ផ្ទៃ​ទឹក​បឹង​ក្នុង​រដូវ​ហាមឃាត់ 
- ទី​៤ ពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី និង​សហគមន៍ អំពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ពឹង​អាស្រ័យ​នឹង​ធនធាន​បឹង​ទន្លេសាប រួមជាមួយ​បញ្ហា​ប្រឈម តម្រូវការ លើ​ដំណោះស្រាយ​នៃ​ការដាក់ចេញ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​កាត់​ឆ្វៀល​ដី​ទុក​ជូន​ជា​លំនៅដ្ឋាន តំបន់​អាស្រ័យ​ផល និង​តំបន់​ការពារ ។​
​ជាមួយនឹង​សកម្ម​ភាពចុះ​របស់​ក្រុមមន្ត្រី​ប្រតិភូ របស់​អាជ្ញាធរ​ទន្លេសាប នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា ៖ 
​ទី ១/. ទឹកបាន​ឡើង​លិច​តំបន់​ព្រៃ​លិច​ទឹក (​តំបន់ ៣) ប្រមាណ​ជា 30% ទៅ ៤០% ហើយ​កម្រិត​កម្ពស់​ទឹក​មាន​សភាព​ទាប​បើ​ធៀប​នឹង​ក​ម្រឹត​កម្ពស់​ទឹក​ក្នុង​ខែកញ្ញា ឆ្នាំ​២០២២ ។ 
(​សូមបញ្ជាក់ថា ៖ កំពស់​ទឹក​បឹង​ទន្លេសាប​ស្ថានីយ៍​កំពង់​លួង នៅ​ឆ្នាំ​២០២២ =៦.០៥​ម និង​ឆ្នាំ ២០២៣= ៤.៦៦​ម តែ​ឆ្នាំ​២០២៣ ខ្ពស់ជាង​ឆ្នាំ ២០២១=៣.៤៧​ម នៅ​ថ្ងៃ ៩ ខែកញ្ញា ដូចគ្នា​) ។​
​ទី ២/. អាជ្ញាធរ​ដែនដី​, សហគមន៍​, និង​ប្រជាពលរដ្ឋ ដែល​បាននិងកំពុង​តាំងទី​លំនៅ និង​អាស្រ័យ​ផល​ក្នុង​តំបន់ហាមឃាត់ (​តំបន់ ៣) បាន​សាទរ និង​អរគុណ​ជា​អនេកប្បការ​ក្នុងការ​ដោះស្រាយ​គោ​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​គិតគូរ​ចំពោះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​បឹង​ទន្លេសាប​, 
​ទី ៣/. បទល្មើស​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​ក្នុង​រដូវ​ហាមឃាត់​នៅតាម​តំបន់​ព្រៃ​ទំនាប​លិច​ទឹក​ក្នុង​តំបន់​ខាងលើ ត្រូវបាន​កាត់បន្ថយ បើ​ធៀប​នឹង​រដូវ​កាល​ឆ្នាំ​កន្លងទៅ​, គឺ​គ្រាន់តែ​មានកា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​, 
​ទី ៤/. ចំពោះ​ទិដ្ឋភាព​ដី​នៅក្រោម​បង្គោលព្រំ​តំបន់ ៣ ស្ថិតក្នុង​ទីតាំង​មួយចំនួន នៃ​ស្រុក​បរិបូរណ៍ ប្រជាពលរដ្ឋ​នៅតែ​បន្ត​អាស្រ័យ​ផល​ក្នុង​តំបន់ហាមឃាត់​ជា​ដែនដី​ព្រៃ​លិច​ទឹក ដែល​បានកំណត់​ក្នុង​អនុក្រឹត្យ 
​ទី ៥/. ជីវភាព​របស់​ប្រជាពលរដ្ឋ ពឹង​អាស្រ័យ​ជា​ចម្បង​របរ​នេសាទ និង​ការធ្វើ​ស្រែចំការ​នៅ​លើដី​អាស្រ័យ​ផល ហើយក៏​មានការ​រីករាយ​ជាមួយ​ទិន្នផល និង​តម្លៃ​ស្រូវ​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំនេះ ។​
​ក្នុង​សកម្មភាព​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី និង​សហគមន៍ ក៏បាន​លើកឡើង​នូវ​បញ្ហា​ប្រឈម​មួយចំនួន និង​សំណូមពរ​អោយ​ក្រុម​ប្រតិភូ របស់​អាជ្ញាធរ​ទន្លេសាប ជួយ​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន​ជំនាញ​ថ្នាក់ជាតិ និង​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ ជួយ​ព​ន្លឿ​ន​នូវ​ការស្នើសុំ​របស់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​នៃ​ឃុំ​ផ្លូវ​ទូក និង​ឃុំ​ផាត់​សណ្តាយ ពាក់ព័ន្ធ​នឹង​តំបន់​កាត់​ឆ្វៀល សម្រាប់​លំនៅដ្ឋាន និង​ទីតាំង​អាស្រ័យ​ផល បើទោះបីជា​ត្រូវបាន​កំណត់​និង​អនុម័ត​ក្នុង​អនុក្រឹត្យ​រួចហើយ​ក៏ដោយ ។​
សូម​ជម្រាបជូន​ថា ៖ អាជ្ញាធរ​ទន្លេសាប គឺជា​សេនាធិការ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល ដែល​បានកំណត់​បេសកកម្ម​ការងារ​ច្បាស់លាស់​នៅក្នុង​បទដ្ឋាន​គតិយុត្តិ នៃ​ការបង្កើត​អាជ្ញាធរ​ទន្លេសាប ក្នុងការ​សម្របសម្រួល សម្រាប់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប ឲ្យ​ប្រកបដោយ​ចីរភាព ។ ការចុះពិនិត្យ និង​ស្វែងយល់​អំពី​ស្ថានភាព​ទូទៅ​នៃ​បឹង​ទន្លេសាប​របស់​មន្ត្រី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប គឺ​ធ្វើ​ស្របទៅនឹង​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ ក្នុង​ការសិក្សា​ស្រាវជ្រាវ តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​គម្រោង​នានា និង​ផ្តល់​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល ។ ជាពិសេស ការចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​ដល់​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​របស់​រាជរដ្ឋាភិបាល ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋសភា ។