នៅថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារមន្ត្រីនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ដឹកនាំដោយ លោក សោម សំបូរ អនុប្រធានការិយាល័យអភិរក្ស បានបន្តចុះសិក្សាស្រាវជ្រាវអំពីសក្ដានុពល និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់អភិរក្សជលផលអតីតឡូត៍នេសាទលេខ៤ ខេត្តសៀមរាប ស្ថិតនៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
ការចុះសិក្សានេះ ក្រុមការងារបាន ៖ ទី ១/. ជួបជាមួយអាជ្ញាធរដែនដី និងមន្ត្រីជំនាញជលផល ដោយធ្វើការពិភាក្សាស្វែងយល់ អំពីបញ្ហាប្រឈមក្នុងការគ្រប់គ្រង ការសហការ ការចូលរួមរបស់អ្នកពាក់ព័ន្ធទៅលើកិច្ចការងារអភិរក្ស។ ទី ២/. ជួបសម្ភាសន៍ជាមួយប្រជានេសាទ អំពីព័ត៌មានទូទៅពាក់ព័ន្ធនឹងការធ្វើនេសាទ ស្ថានភាពគ្រួសារ និងស្ថានភាពទូទៅធនធានជលផលក្នុងតំបន់។
ជាមួយនឹងសកម្មភាពក្រុមការងារចុះសិក្សានៅតំបន់ពាក់ព័ន្ធខាងលើ ជាលទ្ធផលឃើញថា ៖
ទី១/. ស្ថានភាពទូទៅនៃតំបន់អភិរក្សនេះ មានផ្ទៃដីទំហំ ៩៨៦ហិកតា បានបោះបង្គោលព្រុំប្រទល់ទីតាំងកន្លែងអភិរក្សចំនួន ១៤ បង្គោល។ នៅរដូវប្រាំងកម្ពស់ទឹកជាមធ្យម ១ម៉ែត្រ ទៅ ១,៥ម៉ែត្រ កម្ពស់ទឹកនៅរដូវវស្សាគិតត្រឹមថ្ងៃ៥ ខែកញ្ញា ឆ្នាំ២០២៣ មានកម្ពស់ ៤,៨៥ម៉ែត្រ។
ទី២/. នៅក្នុងរដូវទឹកតម្លើងនេះ ប្រជានេសាទជាទូទៅភាគច្រើនប្រើឧបករណ៍នេសាទដូចជា៖ មងរាយ កន្សុំកំពឹស ឬសៃយឺន និងលបឡុក ដោយទទួលបានទិន្នផលនេសាទជាមធ្យម ១០គីឡូក្រាម/ថ្ងៃ។
ទី៣/.អាជ្ញាធរដែនដី និងមន្ត្រីជំនាញជលផលៈ ការផ្សព្វផ្សាយច្បាប់ លក្ខន្តិកៈ អំពីការប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព មានសកម្មភាពតិចតួច ទន្ទឹមនេះ ផែនការក្នុងការគ្រប់គ្រង កែលំអរតំបន់អភិរក្ស ដូចជាដាំព្រៃលិចទឹក លែងកូនត្រី រៀបចំស្ថានីយ៍បណ្តុះកូនឈើ ស្តារបឹង ស្តារលូ ដាក់គល់ឈើ បោះបង្គោលព្រំ និងស្លាកសញ្ញាណែនាំផ្សេងៗ មានតិចតួចប៉ុណ្ណោះ ជាមួយគ្នានេះ ការផ្សព្វផ្សាយច្បាប់ លក្ខន្តិកៈ អំពីការប្រើប្រាស់ធនធានជលផលឱ្យមាននិរន្តរភាព មានសកម្មភាពតិចតួច។
បញ្ហាប្រឈមៈ កត្តាអាកាសធាតុ ព្រុះ ភ្លៀង ខ្យល់ បណ្ដាលឱ្យបាត់ឧបករណ៍នេសាទ និងមានការលំបាកក្នុងការចេញទៅធ្វើនេសាទ ជាមួយគ្នានេះ តម្លៃត្រីមានតម្លៃទាប ទន្ទឹមនេះ ប្រជានេសាទប្រើប្រាស់ឧបករណ៍នេសាទលបឡុក សំណូមពរសុំដាក់ឧបករណ៍ទាំងនោះប្រវែង ២៥០ម៉ែត្រ ដោយឡែកច្បាប់ជលផលបានអនុញ្ញាតត្រឹមប្រវែង ៧០ម៉ែត្រ ប៉ុណ្ណោះ។
សូមជម្រាបជូនថាៈ សកម្មភាពចុះសិក្សាស្រាវជ្រាវអំពីសក្ដានុពល និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់អភិរក្សជលផលអតីតឡូត៍នេសាទលេខ៤ ខេត្តសៀមរាប ជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្ត នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់អាជ្ញាធរទន្លេសាប។ សកម្មភាពខាងលើនេះ មានគោលបំណង ១/. សិក្សាអំពីស្ថានភាពទូទៅ របស់តំបន់អភិរក្សជលផលអតីតឡូត៍នេសាទលេខ៤ ២/. ស្វែងយល់អំពីបញ្ហាប្រឈម ក្នុងការគ្រប់គ្រងតំបន់អភិរក្សជលផលអតីតឡូត៍នេសាទលេខ៤ ៣/. វិភាគស៊ីជម្រៅលើបញ្ហាប្រឈម ដែលពាក់ព័ន្ធក្នុងការគ្រប់គ្រង តំបន់អភិរក្សជលផលអតីតឡូត៍នេសាទលេខ៤ ដើម្បីផ្ដល់ជម្រើសដំណោះស្រាយសមស្រប។