ថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៣ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ និងលោក ណុំ សោភារិទ្ធ អនុប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប បានចូលរួមសន្និសីទថ្នាក់ជាតិ ស្តីពីភាពជាដៃគូនៃឋបនីយជីវមណ្ឌលបឹងទន្លេសាប និងជាវាគ្មិនចែករំលែកបទពិសោធន៍លើរបបជលសាស្ត្រ និងការគ្រប់គ្រងធនធានទឹកនៅតំបន់ទន្លេសាប ជាពិសេសតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប ដែលមានតំណាងក្រសួង ស្ថាប័ន អាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប និងអង្គការក្រៅរដ្ឋាភិបាលនានាចូលរួម សរុបប្រមាណ ១០០នាក់ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោកជំទាវ ម៉ុម ថាវី រដ្ឋលេខាធិការក្រសួងបរិស្ថាន។ សន្និសីទនេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកបទពិសោធន៍ ចំណោះដឹង និងពិភាក្សាអំពីដំណោះស្រាយគោលនយោបាយ និងវិទ្យាសាស្ត្រ ដើម្បីគ្រប់គ្រងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាបប្រកបដោយប្រសិទ្ធភាព និងកសាងកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធនឹងប្រព័ន្ធអេកូឡូស៊ី និងគំនិតផ្តួចផ្តើមនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។