វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់​ឧបករណ៍ Acoustic Doppler Current Profile (ADCP)

​រាជធានី​ភ្នំពេញ​៖ ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រីរាជកា​រ​អាជ្ញាធរ​ទន្លេសាប​លើ​ការប្រើប្រាស់​ឧបករណ៍  ADCP នា​ថ្ងៃទី ២៨ ដល់ ២៩ ខែកក្កដា ឆ្នាំ ២០២២ អាជ្ញាធរ​ទន្លេសាប​បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់​ឧបករណ៍ Acoustic Doppler Current Profile (ADCP) ជូន​ដល់​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប​ចំនួន​២០​នាក់ និង ៤​នាក់ ជា​មន្ត្រី​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ។​

 សិក្ខាសាលា​នេះ​មាន​គោលបំណង  ៖

-​ពង្រឹងសមត្ថភាព​មន្ត្រី​អាជ្ញាធរ​ទន្លេសាប​ក្នុងការ​ប្រើប្រាស់​ឧបករណ៍ ADCP ឲ្យ​ស្ទាត់ជំនាញ ព្រមទាំង​ការថែទាំ​ឧបករណ៍ ។ 

-​ប្រមូល និង​វិភាគ​ទិន្នន័យ ដែល​ទទួលបាន​ពី​ការវាស់វែង លើ​លំហូរ​ទឹក ចរន្តទឹក ជម្រៅ​ទឹក រយៈកម្ពស់​តួ​បាត ទន្លេ ស្ទឹង បឹង ។​

​សារៈសំខាន់​លើ​ការប្រើប្រាស់​ឧបករណ៍ ADCP គឺ​ការធ្វើ​ការសិក្សា​លើ​របប​ជលសា​ស្ត្រ​ទន្លេ ស្ទឹង បឹង និង​សិក្សា​តាមដាន​លើ​ការប្រែប្រួល​នៃ​របប​ទឹក ការប្រែប្រួល​បាត​តួ​ទន្លេ ស្ទឹង បឹង ដែល​បាន និង​កំពុង​កើតមាន​នៅតាម​ទន្លេ ស្ទឹង បឹង ជាដើម ដើម្បី​ធ្វើការ​វិភាគ សិក្សា​លម្អិត លើ​មូលហេតុ​ចម្បងៗ ដែល​បាន និង​កំពុង​កើតមាន​ដោយ​ការអភិវឌ្ឍ និង​អភិរក្ស ក្នុង​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ ។